គេ​បាន​កប់​ទៅ ជា​រូបកាយ ដែល​ពុករលួយ តែ​រស់​ឡើង​វិញ ជា​រូបកាយ​មិន​ចេះ​ពុករលួយ​ឡើយ។ ១កូរិនថូស ១៥:៤២

មនុស្ស​ជា​ច្រើន​បាន​ចែក​រំលែក​តគ្នា នូវ​វីដេអូ​មួយ ដែល​និយាយ​អំពី​ស្រ្តី​ចាស់​ទុំ​ដ៏​សមសួន​ម្នាក់ កំពុង​អង្គុយ​នៅ​លើ​រទេះ​រុញ។ កាល​ពី​មុន អ្នក​ស្រី​ម៉ាតា ហ្គុនហ្សាលេស សាលដាណា(Marta González Saldaña) ជា​អ្នក​រាំ​របាំ​បាឡេត​ដ៏​ល្បីល្បាញ តែ​សព្វ​ថ្ងៃ​នេះ គាត់​កំពុង​មាន​ជំងឺ​ខូច​ខួរ​ក្បាល។ ប៉ុន្តែ រឿង​ដ៏​អស្ចារ្យ​បាន​កើត​ឡើង ​ពេល​ដែល​គេ​ចាក់​ភ្លេង​ឲ្យ​គាត់​ស្តាប់ នូវ​បទ​បឹង​សត្វ​ហង្ស ដែល​លោក​ឆៃកូស្គី(Tchaikovsky)បាន​និពន្ធ។ ខណៈ​ពេល​ដែល​ភ្លេង​បាន​បន្លឺ​ឡើង​កាន់​តែ​ពីរោះ ដៃ​របស់​គាត់​ដែល​គ្មាន​កម្លាំង​សោះ ក៏​បាន​លើក​ឡើង​យឺត​ៗ ហើយ​ខណៈ​ពេល​ដែល​សម្លេង​ត្រែ​បាន​លាន់​ឡើង​ជា​លើក​ទីមួយ គាត់​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​កាយ​វិការ​រំា​នៅ​លើ​រទេះ​រុញ។ ទោះ​គំនិត និង​រូបកាយ​របស់​គាត់​កំពុង​តែ​ខូច​ក៏​ដោយ ក៏​ទេពកោសល្យ​របស់​គាត់​នៅ​តែ​មាន​ដដែល។

ពេល​ដែល​ខ្ញុំ​គិត​អំពី​វីដេអូ​នោះ ខ្ញុំ​ក៏​បាន​នឹកចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល អំពី​ការ​រស់​ឡើង​វិញ ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​១៥។ គាត់​បាន​ប្រៀប​ប្រដូច​រូបកាយ​យើង​ទៅ​នឹង​គ្រាប់ពូជ ដែល​គេ​បាន​កប់​ក្នុង​ដី មុន​ពេល​វា​ចេញ​ពន្លក ដុះ​ចេញ​ជា​រុក្ខជាតិ ហើយ​គាត់​មាន​ប្រសាសន៍​ថា ទោះ​រូប​កាយ​មនុស្ស​នឹង​ខូច​ទៅ ដោយ​សារ​វ័យ ឬ​ជំងឺ ហើយ​អាច​ប្រែ​ជា​ទន់​ខ្សោយ តែ​រូបកាយ​របស់​អ្នក​ជឿ​ព្រះ នឹង​បាន​រស់​ឡើង​វិញ ដោយ​មិន​ចេះ​ពុក​រលួយ តែ​ពេញ​ដោយ​សិរីល្អ និង​អំណាច(ខ.៤២-៤៤)។ ដែល​រុក្ខជាតិ​មាន​ការ​ជាប់​ទាក់​ទង​នឹង​គ្រាប់​ពូជ​ជា​យ៉ាង​ណា នោះ​យើង​ក៏​នៅ​មាន​លក្ខណៈ​ជា “ខ្លួន​យើង” បន្ទាប់​ពី​ការ​រស់​ឡើង​វិញ ដោយ​មាន​បុគ្គលិក​លក្ខណៈ និង​ទេព​កោសល្យ​ដដែល តែ​យើង​នឹង​មាន​ការ​ចម្រើន​ឡើង​លើស​ពី​ពេល​ណា​ទាំង​អស់។

ពេល​ដែល​សំនៀង​នៃ​បទ បឹង​សត្វ​ហង្ស  បាន​ចាប់​ផ្តើម​បន្លឺ​ឡើង ពី​ដំបូង​អ្នក​ស្រី​ម៉ាតា​មាន​ទឹក​មុខ​ស្រពោន ប្រហែល​ដោយសារ​គាត់​បាន​នឹក​ចាំ អំពី​ការ​រាំ​របាំ​បាឡេត ដែល​គាត់​មិន​អាច​ធ្វើ ដូច​មុន​បាន។ ប៉ុន្តែ មាន​បុរស​ម្នាក់​បាន​ចូល​មក​កាន់​ដៃ​គាត់ ជួយ​ឲ្យ​គាត់​ធ្វើ​កាយ​វិការ​រាំ​តាម​ចង្វាក់​ភ្លេង។ យើង​ក៏​យ៉ាង​ដូច​នេះ​ផង​ដែរ។ សម្លេង​ត្រៃ​នឹង​បន្លឺ​ឡើង(ខ.៥២) ព្រះហស្ត​របស់​ព្រះ​នឹង​ឈោង​មក​រក​យើង ហើយ​យើង​នឹង​ងើប​ឡើង ដោយ​ក្តី​អំណរ​លើស​ពេល​ណា​ទាំង​អស់។—Sheridan Voysey

តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ បន្ទាប់​ពី​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​គ្រា​ចុង​ក្រោយ? តើ​ការ​នេះ​អាច​នាំ​ឲ្យ​អ្នក​មាន​ក្តី​សង្ឃឹម​យ៉ាង​ណា សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​ដែល​កំពុង​មាន​វ័យ​ចាស់​ជរា?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​សរសើរ​ដំកើង​ព្រះ​អង្គ ដ្បិត​គ្មាន​អ្វី​ដែល​ស្ថិត​ស្ថេរ​ឡើយ តែ​នឹង​មាន​អ្វី​ជា​ច្រើន​ដែល​ទូល​បង្គំ​នឹង​មាន​ឡើង​វិញ នៅ​ពេល​អនាគត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៤-៦ និង លូកា ១:១-២០