សេចក្តី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​គេ​។ សុភាសិត ១១:៣

អេបិល មូតៃ(Abel Mutai)​ ជា​កីឡាករ​រត់​ប្រណាំង​មក​ពី​ប្រទេស​គែនយ៉ា​ បាន​ចូល​រួម​ការ​ប្រកួត​រត់​ប្រណាំង​អន្តរជាតិ កាត់​តាម​សណ្ឋានដី​ខុស​ៗ​គ្នា​ក្នុង​ប្រទេស ដែល​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង។ នៅ​សល់​តែ​ពីរបី​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ គាត់​រត់​ទៅ​ដល់​ទី​ហើយ ដោយ​គាត់​កំពុង​នាំ​មុខ​គេ។ ដោយសារ​គាត់​មាន​ការ​យល់​ច្រឡំ ចំពោះ​ផ្លាក​សញ្ញា ដែល​ធ្វើ​ឲ្យ​គាត់​គិត​ថា គាត់​បាន​ឆ្លង​ផុត​ទី​ហើយ ដូចនេះ គាត់ក៏បានឈប់រត់ ទាំងមិនទាល់ដល់ទី។ លោក​អ៊ីវ៉ាន ហ្វឺណានដេស អាណាយ៉ា(Ivan Fernandez Anaya) ជា​កីឡាករ​អេស្ប៉ាញ ដែល​ត្រូវ​ជាប់​លេខ​ពីរ​ក្រោយ​គាត់ ក៏​បាន​មើល​ឃើញ​កំហុស​របស់​លោក​មូតៃ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ជាង​ឆ្លៀត​​ឱកាស​ពេល​នោះ ដើម្បី​វ៉ា​គាត់​ឲ្យ​ដល់​ទី​មុន  លោក​អាណាយ៉ា​ក៏​បាន​រត់​ទាន់​លោក​មូតៃ ហើយ​ចង្អុល​បង្ហាញ​លោក​មូតៃ ឲ្យ​បន្ត​រត់​ទៅ​រក​ទី ដើម្បី​ឲ្យ​បាន​មេដាយ​មាស។ ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​លោក​អានណាយ៉ា ហេតុ​អ្វី​គាត់​សុខ​ចិត្ត​ចាញ់​ការ​ប្រកួត​នោះ គាត់​ក៏​បាន​ឆ្លើយ​ថា អ្នក​ដែល​សក្តិសម​នឹង​ទទួល​ជ័យ​ជម្នះ គឺ​លោក​មូតៃ មិន​មែន​គាត់​ទេ។ គាត់​ថា “បើ​ខ្ញុំ​ឈ្នះ​ពេល​នោះ តែ​មាន​តម្លៃ​អ្វី? តើ​ខ្ញុំ​នឹង​មាន​កិត្តិយស ដោយសារ​មេដាយ​មាស​នោះ​ទេ? តើ​ម្តាយ​ខ្ញុំ​នឹង​គិត​យ៉ាង​ណា ចំពោះ​ខ្ញុំ”។ អ្នក​យក​ព័ត៌មាន​ម្នាក់​ក៏​បាន​ផ្សាយ​ដូច​នេះ​ថា “លោក​អាណាយ៉ា​បាន​ជ្រើស​រើស​យក​ភាព​ស្មោះ​ត្រង់ ជា​ជាង​រើស​យក​ជ័យជម្នះ”។​

បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា អ្នក​ណា​ចង់​រស់​នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ចង់​ឲ្យ​ជីវិត​ខ្លួន​បង្ហាញ​ចេញ​នូវ​ភាព​ស្មោះ​ត្រង់ និង​ភាព​ពិត​ឥត​ក្លែង​ក្លាយ អ្នក​នោះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពិត។ “សេចក្តី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​គេ”​(១១:៣)។ យើង​ត្រូវ​ប្តេជ្ញា​ចិត្ត​រក្សា​ភាព​ត្រឹម​ត្រូវ ព្រោះ​វា​មិន​គ្រាន់​តែ​ជា​របៀប​ដ៏​ត្រឹម​ត្រូវ នៃ​ការ​រស់​នៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​ឲ្យ​ជីវិត​យើង​កាន់​តែ​ប្រសើរ​ឡើង។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ទៀត​ថា “​តែ​សេចក្តី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ”(ខ.៣)។  ក្នុង​រយៈ​ពេល​វែង សេចក្តី​វៀចវេរ​មិន​នាំ​ឲ្យ​យើង​ទទួល​លទ្ធផល​ល្អ​ឡើយ។

បើ​យើង​បោះបង់​ភាព​ត្រឹម​ត្រូវ “ការ​ឈ្នះ” រយៈ​ពេល​ខ្លី នឹង​នាំ​មក​នូវ​បរាជ័យ​មិន​ខាន។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​មាន​ការ​គោរព​ប្រតិបត្តិ​ព្រះ និង​ភាព​ពិត​ត្រង់ ដោយ​អំណាច​ចេស្តា​ព្រះ នោះ​បន្តិច​ម្តង​ៗ យើង​នឹង​ក្លាយ​ជា​មនុស្ស​មាន​ចរិយា​សម្បត្តិ​ល្អ ដែល​មាន​ការ​រស់​នៅ​ល្អ​ត្រឹម​ត្រូវ។—Winn Collier

តើ​ភាព​ត្រឹម​ត្រូវ​របស់​អ្នក កំពុង​តែ​ជួប​ការ​ល្បង​ល នៅ​ត្រង់​ផ្នែក​ណា នៅ​ពេល​នេះ? តើ​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​ម្តេច ហើយ​តើ​ការ​សម្រេច​ចិត្ត​នោះ​បាន​បន្ថែម (ឬ​បន្ថយ) ភាព​ពិត​ត្រង់​របស់​អ្នក ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​សុចរិត ព្រះ​អង្គ​ស្មោះ​ត្រង់។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ។ សូម​បង្រៀន​​ទូល​បង្គំ​ឲ្យ​ចេះ​រស់​នៅ ដោយ​ភាព​សុចរិត និង​ត្រឹម​ត្រូវ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ២២-២៤ និង លូកា ៣