ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ។ ២កូរិនថូស ៤:១៨

ស្វាមី​ខ្ញុំ​បាន​ជួប​ការ​ពិបាក ពេល​ដែល​គាត់​បាន​ដឹង​ថា គាត់​នឹង​ត្រូវ​បាត់​បង់​ការងារ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត១៩។ យើង​ជឿ​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវ​ការ​របស់​យើង ប៉ុន្តែ ភាព​មិន​ច្បាស់​លាស់ អំពី​រឿង​ដែល​នឹង​កើត​ឡើង នៅ​តែ​ធ្វើ​ឲ្យ​យើង​មាន​ការ​បារម្ភ។

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​សម្រួល​អារម្មណ៍​ខ្លួន​ឯង ខ្ញុំ​ក៏​បាន​មើល​បទ​កំណាព្យ​ដែល​ខ្ញុំ​ចូល​ចិត្ត ដែល​ត្រូវ​បាន​និពន្ធ ដោយ​អ្នក​កំណែ​ទម្រង់ នៅ​សតវត្សរ៍​ទី​១៦ ដែល​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​ថា លោក ចន(John) នៃ​ឈើ​ឆ្កាង។ កំណាព្យ​នោះ​មាន​ចំណង​ជើង​ថា “ខ្ញុំ​ចូល​ខាង​ក្នុង ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នៅ​ទីណា” ហើយ​បាន​ពិពណ៌នា អំពី​ភាព​អស្ចារ្យ​នៃ​ការ​ថ្វាយ​បញ្ហា​របស់​យើង​ដល់​ព្រះ ពេល​ដែល​យើង​រៀន​ស្គាល់​ជំនួយ​មក​ពី​ព្រះ ដែល​ហួស​ការ​យល់​ដឹង​របស់​យើង។ នោះ​ជា​អ្វី​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ព្យាយាម​ធ្វើ ក្នុង​រដូវ​កាល​ដ៏​ពិបាក​នោះ ដោយ​ងាក​ចេញ​ពី​ការ​ពឹង​ផ្អែក​លើ​សមត្ថភាព​ខ្លួន​ឯង ដែល​អាច​គ្រប់​គ្រង និង​យល់​ដឹង​មិន​គ្រប់​គ្រាន់ ហើយ​ងាក​មក​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ ដែល​យើង​អាច​រក​ឃើញ​ព្រះ​អង្គ​នៅ​ជុំវិញ​ខ្លួន​យើង តាម​របៀប​ដែល​មិន​នឹក​ស្មាន​ដល់ ដោយ​អាថ៌កំបាំង និង​តាម​របៀប​ដ៏​ស្រស់​ស្អាត។

សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​ងាក​ចេញ​ពី​ការ​អ្វី​ដែល​មើល​ឃើញ ទៅ​រក​អ្វី​ដែល​មើល​មិន​ឃើញ ចេញ​ពី​ការ​ពិត​ដែល​នៅ​ខាង​ក្រៅ ទៅ​រក​ការ​ពិត​ដែល​នៅ​ខាង​ក្នុង ចេញ​ពី​បញ្ហា​ដែល​កើត​មាន​បណ្ដោះ​អាសន្ន ទៅ​រក “សិរីល្អ​អស់​កល្ប​ជានិច្ច ដែល​លើស​លប់”(២កូរិនថូស ៤:១៧)។

សាវ័ក​ប៉ុល​បាន​ជំរុញ​ពួក​គេ មិន​មែន​ដោយសារ​គាត់​ខ្វះ​ក្តី​អាណិត ចំពោះ​ទុក្ខ​លំបាក​របស់​ពួក​គេ​នោះ​ឡើយ។ គាត់​ដឹង​ថា ទាល់​តែ​ពួក​គេ​អាច​កាត់​ចិត្ត​ចេញពី​ការ​អ្វី​ដែល​ពួក​គេ​អាច​មើល​ឃើញ ទើប​ពួក​គេ​អាច​ពិសោធន៍​នូវ​ការ​កម្សាន្ត​ចិត្ត ក្តី​អំណរ និង​ក្តី​សង្ឃឹម ដែល​ពួក​គេ​កំពុង​តែ​ស្រេក​ឃ្លាន​(ខ.១០,១៥-១៦)។ ហើយ​ពួកគេ​អាច​ស្គាល់​ភាព​អស្ចារ្យ​នៃ​ព្រះជន្ម​របស់​ព្រះ​គ្រីស្ទ ​ដែល​ធ្វើ​ឲ្យ​អ្វី​ៗ​ប្រែ​ជា​ថ្មី​ឡើង។—Monica La Rose

តើ​អ្នក​បាន​ស្គាល់​សិរីល្អ​របស់​ព្រះ តាម​របៀប​ដែល​អ្នក​មិន​អាច​យល់ នៅ​ពេល​ណា?  តើ​ជីវិត​អ្នក​មាន​ផ្នែក​ណា​ខ្លះ ដែល​អ្នក​អាច​ដក​ពិសោធន៍​ជា​មួយ​ព្រះ លើស​ពី​លទ្ធភាព​ដែល​អ្នក​អាច​យល់​ដឹង?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ពិភព​លោក​មាន​រឿង​ឈឺ​ចាប់ និង​ភាព​មិន​ច្បាស់​លាស់​ច្រើន​ណាស់ ដែល​ទូល​បង្គំ​មិន​អាច​យល់។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ដើរ​តាម​ព្រះ​អង្គ លើស​ពី​អ្វី​ដែល​ទូល​បង្គំ​អាច​យល់​ដឹង ហើយ​ឲ្យ​ទូលបង្គំ​យល់​អំពី​ភាព​អស្ចារ្យ​នៃ​ព្រះ​ជន្ម​ព្រះ​អង្គ ដែល​បាន​នាំ​ឲ្យ​មាន​ជីវិត​ថ្មី។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ៧-៨ និង លូកា ៥:១-១៦