ព្រះទ្រង់មិនដែលភ្លេចយើងឡើយ

អញ​មិនដែល​ភ្លេច​ឯង​ឡើយ។ អេសាយ ៤៩:១៥

បុរស​ម្នាក់​មាន​លុយ bitcoin តម្លៃ៤រយ​លាន​ដុល្លា​អាមេរិក តែ​គាត់​មិន​អាច​ដក​វា​ចាយ សូម្បីតែ១សេន។ គាត់​បាន​បាត់​លេខសម្ងាត់ សម្រាប់​បើក​ឧបករណ៍​ដែល​រក្សា​ទុក​លុយ​ទាំងអស់​នោះ ហើយ​មហន្តរាយ​កំពុងតែ​លេចឡើង ព្រោះ​ឧបករណ៍​នោះ​នឹង​បំផ្លាញ​ខ្លួនឯង ដោយ​ស្វ័យប្រវត្តិ បើសិនជា​គាត់​បំពេញ​លេខសម្ងាត់​ខុស​១០​ដង។ ទ្រព្យសម្បត្តិ​នោះ​នឹង​បាត់បង់​ជា​រៀង​រហូត។ អស់​រយៈពេល​១​ទសវត្សរ៍​ហើយ ដែល​បុរស​នោះ​បាន​ខំ​រកនឹក​លេខសម្ងាត់ សម្រាប់​បើក​ចូល​យក​ប្រាក់​ដែល​គាត់​បាន​វិនិយោគ ដែល​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​គាត់។ គាត់​បាន​ព្យាយាម​ដាក់លេខ​សម្ងាត់៨ដង ខុស​ទាំង៨ដង។ នៅ​ឆ្នាំ២០២១ គាត់​បាន​ពោល​ទំនួញ​ថា គាត់​មានឱកាស​ដាក់លេខ​សម្ងាត់​នោះ តែ​ពីរ​ដង​ទៀត​ប៉ុណ្ណោះ មុននឹង​លុយbitcoinរបស់​គាត់​រលាយ​អស់។

យើង​ជា​មនុស្ស​ដែល​មានការ​ភ្លេចភ្លាំង​ច្រើន។ ជួនកាល យើង​ភ្លេច​រឿង​តូចៗ(ដូចជា​ភ្លេច​កន្លែង​ដែល​យើង​ដាក់​កូនសោ) ហើយ​ជួនកាល​យើង​ភ្លេច​រឿង​ធំៗ(ដូចជា​ភ្លេច​លេខសម្ងាត់ សម្រាប់​ដក​យក​ប្រាក់​រាប់​លាន​ដុល្លា​ជាដើម)។ តែ​អរព្រះគុណ​ព្រះអង្គ ដែល​មិនដែល​ភ្លេច​ដូច​យើង​ឡើយ។ ព្រះអង្គ​មិនដែល​ភ្លេច​រឿង ឬ​ភ្លេច​មនុស្ស​ដែល​ព្រះអង្គ​ស្រឡាញ់​ឡើយ។ ក្នុង​គ្រា​វេទនា ពួក​អ៊ីស្រាអែល​ខ្លាច​ព្រះ​ទ្រង់​ភ្លេច​ពួក​គេ។ បាន​ជា​ពួក​គេ​ពោល​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​បោះបង់ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ”(អេសាយ ៤៩:១៤)។ ទោះជាយ៉ាងណា​ក៏ដោយ ហោរា​អេសាយ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​មិនដែល​ភ្លេច​ពួក​គេ​ឡើយ។ លោក​ហោរា​ក៏បាន​សួរ​ពួក​គេ​ថា “តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅដោះ ឥតមាន​អាណិត​ដល់​កូន​ដែល​ចេញពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ?” ជា​ការពិត​ណាស់ ម្តាយ​មិនដែល​ភ្លេច​កូន​ដែល​មិនទាន់​ផ្តាច់​ដោះ​នោះ​ឡើយ។ តែ​ទោះ​ម្តាយ​ខ្លះ​បាន​បំភ្លេច​ចោល​កូនតូច​របស់​ខ្លួន​ក៏ដោយ ក៏​យើង​ដឹង​ថា ព្រះអង្គ​មិនដែល​បំភ្លេច​យើងចោល​​ឡើយ(ខ.១៥)។

ព្រះអម្ចាស់​មាន​បន្ទូល​ថា “មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាតដៃ​របស់​អញ​ហើយ អស់ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច”(ខ.១៦)។ ព្រះ​ទ្រង់​បាន​ចារឹក​ឈ្មោះ​យើង នៅ​លើ​បាតដៃ​ព្រះអង្គ​ហើយ។ ចូរ​យើង​ទុកចិត្ត​ថា ព្រះអង្គ​មិន​អាច​ភ្លេច​យើង ជា​មនុស្ស​ដែល​ព្រះអង្គ​ស្រឡាញ់​បាន​ឡើយ។—WINN COLLIER

តើ​អ្នក​បាន​ភ្លេច​រឿង​សំខាន់​នៅពេល​ណាខ្លះ? តើ​អ្នក​មាន​អំណរ​ប៉ុណ្ណា ពេល​ដែល​បានដឹង​ថា ព្រះ​ទ្រង់​មិនដែល​ភ្លេច​អ្នក​ឡើយ?

ឱ​ព្រះអម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​តែងតែ​នឹក​ចាំ​អំពី​ទូលបង្គំ​ជានិច្ច ហើយ​មាន​លក្ខណៈ​ដែល​គួរឲ្យ​ទូលបង្គំ​ទុកចិត្ត​បាន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៤-៦ និង កិច្ចការ ២:២២-៤៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles