ការអធិស្ឋាន និងការផ្លាស់ប្តូរ

គ្រានោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួចពី​សេចក្តី​លំបាក​នោះ។ ទំនុកដំកើង ១០៧:២៨

កាលពី​ឆ្នាំ ១៩៨២ លោកគ្រូ​គង្វាល គ្រីស្ទាន ហ្វ៊ូ​រើ(Christian Führer) បាន​បើក​កម្មវិធី​ប្រជុំ​អធិស្ឋាន នៅ​ថ្ងៃច័ន្ទ ក្នុង​ព្រះវិហារ​សន្ត នី​កូ​ឡាស ក្នុង​ទីក្រុង លីព​ហ្ស៊ី​ក។ មនុស្ស​មួយ​ក្រុម​តូច​បាន​ធ្វើការ​ជួបជុំគ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​សន្តិភាព ក្នុងអំឡុងពេល​ដែល​អំពើ​ហិង្សា​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក ហើយ​ប្រជាជន​គាត់​កំពុង​ស្ថិត​ក្រោម​ការ​កៀបសង្កត់ ពី​របប​អាល្លឺម៉ង់​ខាងជើង។ ពួក​អាជ្ញាធរ​កុម្មុយនីស្ត​បាន​តាមដាន​សកម្មភាព​របស់​ពួក​ជំនុំ​ទាំងឡាយ​យ៉ាង​ដិតដល់ តែ​ពួក​គេ​មិន​មានការ​សង្ស័យ​អ្វី ទាល់តែ​អ្នកចូលរួម​ក្នុង​ព្រះវិហារ បាន​កើន​ឡើង​យ៉ាង​ខ្លាំង រហូត​មាន​មនុស្ស​ទាំងហ្វូង​បាន​ជួបជុំគ្នា​ក្នុង​ព្រះវិហារ ហៀរ​មក​ខាងក្រៅ​របង​ព្រះវិហារ។ នៅ​ថ្ងៃទី៩ តុលា ឆ្នាំ១៩៨៩ មាន​បាតុករ៧ម៉ឺន​នាក់ បាន​ជួបជុំគ្នា ហើយ​បាន​ធ្វើបាតុកម្ម​ទាម​ទា ដោយសន្តិវិធី។ ប៉ូលិស​អាល្លឺម៉ង់​ខាងកើត៦ពាន់​នាក់​បាន​ឈរ ដោយ​ការ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ចំពោះ​ការ​បង្ក​អំពើ​ហឹង្សា​ណា​មួយ។ ហ្វូង​បាតុករ​នៅតែ​បន្ត​តវ៉ា ដោយសន្តិវិធី។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​ចាត់ទុក​ថ្ងៃ​នោះ​ជា​ចំណុច​របត់​នៃ​របបនយោបាយ។ មួយ​ខែក្រោយ​មក ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ដែល​បាន​ចែក​ប្រទេស​អាល្លឺម៉ង់​ជា​ពីរ ក៏បាន​ដួល​រលំ។ ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​សម្បើម សុទ្ធតែ​បាន​ចាប់ផ្តើម ដោយ​ការ​ជួបជុំគ្នា​អធិស្ឋាន។

ពេលណា​យើង​ងាក​បែរ​ទៅ​រក​ព្រះអម្ចាស់ ហើយ​ចាប់ផ្តើម​ពឹងផ្អែក​ទៅលើ​ប្រាជ្ញា និង​កម្លាំង​របស់​ព្រះអង្គ អ្វីៗ​ច្រើន​តែ​ចាប់ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ។ ពេលណា​យើង​ស្រែក​រក​ព្រះអម្ចាស់ ដូច​ពួក​អ៊ីស្រាអែល ក្នុង​ពេល​យើង​មានទុក្ខ​លំបាក យើង​នឹង​បានដឹង​ថា មានតែ​ព្រះអម្ចាស់​ទេ ដែល​អាច​ផ្លាស់​ប្តូរ​ស្ថានភាព​ទាល់ច្រក ដែល​ពិបាក​បំផុត ហើយ​ឆ្លើយតប​សំណួរ​របស់​យើង(ទំនុកដំកើង ១០៧:២៨)។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់ព្យុះ​ស្ងប់ ហើយ​កែប្រែ​វាល​រហោស្ថាន ឲ្យ​ក្លាយជា​កន្លែង​មាន​ទឹក​ច្រើន(ខ.២៩,៣៥)។ ព្រះ​ដែល​យើង​អធិស្ឋាន​ទៅ​រក ប្រទាន​ក្តី​សង្ឃឹម ក្នុង​ពេល​អស់សង្ឃឹម និង​ភាព​ស្រស់​ស្អាត នៅក្នុង​ភាព​ខ្ទេចខ្ទាំ។

តែ​មានតែ​ព្រះ​ទេ​ដែល​ប្រទាន​ការ​ផ្លាស់​ប្រែ តាម​ពេល​វេលា​របស់​ព្រះអង្គ គឺ​មិនមែន​តាមពេលវេលា​របស់​យើង​ឡើយ។ យើង​ចូលរួម​ជាមួយ​ព្រះអង្គ​ក្នុង​ការ​ផ្លាស់​ប្រែ​នេះ តាមរយៈ​ការអធិស្ឋាន​របស់​យើង។—WINN COLLIER

តើ​អ្នក​បានឃើញ​ព្រះ​ទ្រង់​ធ្វើការ​កែប្រែ​ស្ថានភាព​ណាមួយ នៅពេល​ណាខ្លះ? តើ​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ​នៅពេល​នោះ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការអធិស្ឋាន​របស់​យើង​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​ត្រូវការ​ព្រះអង្គ​កែប្រែ​ស្ថានភាព​ដ៏​លំបាក​របស់​ទូលបង្គំ។ សូម​ព្រះអង្គ​កែប្រែ​ការអ្វី ដែល​មានតែ​ព្រះអង្គ​ទេ​ដែល​អាច​កែប្រែ​បាន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៦-១៧ និង កិច្ចការ ២០:១-១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles