របៀបឆ្លើយតប ពេលដែលយើងប្រព្រឹត្តខុស

ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ រ៉ូម ៧:១៩

គ្រីស្ទបរិស័ទ​មិន​រស់នៅ​ក្នុង​បរាជ័យ​គ្រប់​ពេល​វេលា​ឡើយ តែ​យើង​ក៏​មិន​រស់នៅ ក្នុង​ជ័យជម្នះ​លើ​អំពើបាប​គ្រប់ពេល​ដែរ។ ហើយ​នៅពេល​ណា​យើង​មិនបាន​ឈ្នះ​អំពើបាប បទ​គម្ពីរ​រ៉ូម ៧:១៣-២៥ បាន​បង្ហាញ​យើង​ អំពី​របៀប​ដែល​គ្រីស្ទបរិស័ទ​មាន​ជំនឿ​រឹងមាំ គួរតែ​ឆ្លើយតប ចំពោះ​បញ្ហា​នេះ។

យើង​គួរតែ​និយាយ​ថា ៖

  • ១. ខ្ញុំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះ (ខ.២២)
  • ២. ខ្ញុំ​ស្អប់​អំពើបាប​ដែល​ខ្ញុំ​បាន​ធ្វើ (ខ.១៥)
  • ៣. វេទនា​ណាស់​ខ្ញុំ តើ​អ្នកណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្តី​ស្លាប់​នេះ​ទៅ​បាន?(ខ.២៤)
  • ៤. អរព្រះគុណ​ដល់​ព្រះអង្គ គឺ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា(ខ.២៥)

អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា គ្មាន​គ្រីស្ទបរិស័ទ​ណា ដែល​ចង់​រស់នៅ​ក្នុង​បរាជ័យ​នោះ​ទេ។ គ្មាន​គ្រីស្ទបរិស័ទ​ណា​ដែល​សុខចិត្ត​រស់នៅ​ក្នុង​បរាជ័យ​នោះ​ឡើយ។ ប៉ុន្តែ បើ​យើង​បាន​ចាញ់​អំពើបាប មួយ​ពេល នោះ​យើង​មិន​គួរ​កុហក​អំពី​បញ្ហា​នេះ​ឡើយ។

យើង​មិន​ត្រូវ​ធ្វើពុត​ជា​គ្មាន​បរាជ័យ។ យើង​មិន​ត្រូវ​អួត​អំពី​ភាពល្អ​ឥត​ខ្ចោះ។ យើង​មិន​ត្រូវ​ញញឹម​តែ​សម្បក​ក្រៅ។

ហើយ​ជាង​នេះ​ទៅទៀត ព្រះ​ទ្រង់​បាន​សង្គ្រោះ​​យើង ឲ្យ​រួចផុត​ពី​ភាព​ខ្វាក់​មើល​មិនឃើញ​បរាជ័យ​ខ្លួនឯង និង​ការ​ឆាប់​វិនិច្ឆ័យ​អ្នកដទៃ។

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​យើងខ្ញុំ ឲ្យ​មើលឃើញ​ចំណុច​ខ្វះខាត​របស់​ខ្លួនឯង ជាជាង​មើលឃើញ​កំហុស​របស់​អ្នកដទៃ។ សូម​ព្រះអង្គ​ប្រទាន​យើងខ្ញុំ នូវ​ចិត្តស្មោះ​ត្រង់ បើក​ចំហ និង​បន្ទាបខ្លួន ដូច​សាវ័ក​ប៉ុល ដូច​បទ​គម្ពីរ​ដែល​ចែងថា “វេទនាណាស់​ខ្ញុំ តើ​អ្នកណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្តី​ស្លាប់​នេះ​ទៅ​បាន អរព្រះគុណ​ដល់​ព្រះអង្គ គឺ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា” (រ៉ូម ៧:២៤-២៥)។

 

More articles