ព្រះ​នៃ​ខ្ញុំ​តែងតែ​គង់នៅ​ក្បែរ​ជានិច្ច

ភីលីព ៤:៤-៧

ព្រះអម្ចាស់​ទ្រង់​ជិត​ដល់​ហើយ កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ។ ភីលីព ៤:៥-៦

អ្នក​ស្រី​លត(Lourdes) បាន​ធ្វើ​ការ​ជា​គ្រូ​បង្រៀន ក្នុង​ថ្នាក់​ចម្រៀង នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ភីលីពីន ជាង៣០ឆ្នាំ​ហើយ​។ គាត់​បាន​បង្រៀន​សិស្ស​ដោយ​ផ្ទាល់ តែ​គាត់​មាន​ការ​ថប់​បារម្ភ ពេល​ដែល​គេ​ស្នើ​ឲ្យ​គាត់​បង្រៀន​តាម​អន​ឡាញ​។ គាត់​ថា គាត់​មិន​សូវ​ចេះ​ប្រើ​កុំព្យូទ័រ​។ កុំព្យូទ័រ​យួរដៃ​របស់​គាត់​ចាស់ ហើយ​គាត់​ក៏​មិន​មាន​ទម្លាប់​ជួប​ជុំ​គ្នា​តាម​អនឡាញ​ដែរ​​។

អ្នក​ខ្លះ​ប្រហែល​ជា​គិតថា វា​ជា​រឿង​តូចតាច​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​។ គាត់​ថា គាត់​រស់នៅ​ម្នាក់ឯង គ្មាន​នរណា​ជួយ​គាត់​​។ គាត់​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​សិស្ស​ឈប់​រៀន​ជាមួយ​គាត់ ហើយ​គាត់​នឹង​បាត់បង់​ប្រាក់​ចំណូល​។

មុន​ពេល​គាត់​ចាប់​ផ្តើម​ការ​បង្រៀន គាត់​តែងតែ​អធិស្ឋាន សូម​ឲ្យ​កុំព្យូទ័រ​យួរដៃ​របស់​គាត់ មាន​ដំណើរ​ការ​ល្អ​។ គាត់​ថា គាត់​បាន​ដាក់ បទ​គម្ពីរ​ភីលីព ៤:៥-៦ នៅ​លើ​រូប​ផ្ទៃ​ខាង​ក្រោយ ក្នុង​អេ​ក្រង់​កុំព្យូទ័រ​របស់​គាត់ ហើយក៏​បាន​នឹក​ចាំ​ខ​គម្ពីរ​នេះ​នៅ​ក្នុង​ចិត្ត​។

សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​មាន​ការ​ថប់​បារម្ភ អំពី​រឿង​អ្វី​ឡើយ ព្រោះ​ព្រះអម្ចាស់​តែងតែ​គង់នៅ​ក្បែរ​យើង​ជានិច្ច​។ ចូរ​យើង​ប្រកាន់​ខ្ជាប់​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអម្ចាស់ ដែល​បាន​ធានា​ថា​ ព្រះអង្គ​នឹង​គង់នៅ​ក្បែរ​យើង​គ្រប់​ពេល​។ ពេលណា​យើង​សម្រាក​ដោយ​ទុក​ចិត្ត​ថា ព្រះអង្គ​គង់នៅ​ក្បែរ​យើង ហើយ​ទូល​ថ្វាយ​បញ្ហា​ទាំង​អស់ គឺ​គ្រប់​ទាំង​បញ្ហា​តូច​ធំ នោះ​សេចក្តី​សុខ​សាន្ត​របស់​ព្រះអង្គ នឹង​ការពារ​ចិត្ត​និង​គំនិត​យើង ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ(ខ.៧)។

អ្នក​ស្រី​លត​ក៏បាន​ប្រាប់​ខ្ញុំ​ថា ព្រះអម្ចាស់​បាន​ដឹកនាំ​គាត់ ទៅ​រក​វិបសាយ​ដែល​ណែនាំ អំពី​វិធី​ជួសជុល​កុំព្យូទ័រ​គាត់​។ ព្រះអង្គ​ក៏បាន​ប្រទាន​ឲ្យ​គាត់​មាន​សិស្ស​ដែល​មាន​ចិត្ត​អត់​ធ្មត់ និង​មាន​ការ​យោគ​យល់ ចំពោះ​ការ​ខ្វះខាត​របស់​គាត់ ក្នុង​ការ​យល់​ដឹង ផ្នែក​បច្ចេកវិទ្យា​។ យើង​នឹង​បាន​អរសប្បាយ​នឹង​ព្រះ​វត្ត​មាន ជំនួយ និង​សេចក្តី​សុខ​សាន្ត​របស់​ព្រះអង្គ ពេលណា​យើង​ខិតខំ​ដើរ​តាម​ព្រះអង្គ ពេញ​មួយ​ជីវិត​។ បានជា​យើង​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ថា “ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង”(ខ.៤)។—Karen Huang

តើ​ការ​ដឹង​ថា ព្រះ​ទ្រង់​គង់នៅ​ក្បែរ​យើង បាន​ផ្លាស់​ប្តូរ​ការ​ព្រួយ​បារម្ភ ទៅជា​មាន​សន្តិភាព​ក្នុង​ចិត្ត ដូច​ម្តេច​ខ្លះ?
តើ​អ្នក​មាន​បញ្ហា​អ្វី​ខ្លះ​ដែល​ចង់​ទូល​ថ្វាយ​ព្រះអង្គ​នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​គង់នៅ​ក្បែរ​ទូល​បង្គំ​។ ទូល​បង្គំ​មិន​ចាំ​បាច់​ត្រូវ​ថប់​បារម្ភ​ទៀត​ឡើយ
ព្រោះ​ព្រះ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់ ជំនួយ និង​សេចក្តី​សុខ​សាន្ត​របស់​ព្រះអង្គ តែងតែ​មាន​សម្រាប់​ទូល​បង្គំ​ជានិច្ច​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  អូបាឌា និង វិវរណៈ ៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles