ព្រះ​អង្គ​បាន​អត់​ទោស និង​មិន​នឹក​ចាំ​ទៀត

អេសាយ ៤៣:១៨-២៥

គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ​។ អេសាយ ៤៣:២៥

អ្នក​ស្រី​ជីល ផ្រាយ(Jill Price) មាន​សមត្ថ​ភាព​ចម្លែក​ម្យ៉ាង ពី​កំណើត ដោយ​គាត់​អាច​ចងចាំ​ជា​លម្អិត នូវ​ព្រឹត្តិការណ៍​នីមួយៗ​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់​។ នៅ​ក្នុង​គំនិត​គាត់ គាត់​អាច​នឹក​ឃើញ​រឿង​ដែល​បាន​កើត​ឡើង ដូច​អ្វី​ដែល​គាត់​ពិត​ជា​បាន​ជួប​ប្រទះ​ក្នុង​ជីវិត​គាត់។

មាន​ខ្សែ​ភាព​យន្ត​ភាគ​មួយ មាន​ចំណង​ជើង​ថា មនុស្ស​មិន​ចេះ​ភ្លេច និយាយ​អំពី​ស្ត្រី​ជា​មន្ត្រី​ប៉ូលិស​ម្នាក់ មាន​សមត្ថភាព​ចងចាំ​ជា​លម្អិត​មិន​ចេះ​ភ្លេច ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ប្រកួត​ល្បែង​ចងចាំ និង​ការ​ដោះ​ស្រាយ​រឿង​ក្តី​ឧក្រិដ្ឋ​កម្ម​។ ទោះជា​យ៉ាងណា​ក៏ដោយ សម្រាប់​អ្នក​ស្រី​ជីល ផ្រាយ សមត្ថភាព​ចងចាំ​មិន​ចេះ​ភ្លេច​នេះ​បាន​នាំ​ឲ្យ​គាត់​មាន​ការ​លំបាក​ជា​ច្រើន​។ គាត់​មិន​អាច​ភ្លេច​ពេល​ដែល​គេ​រិះ​គន់​គាត់ ឬ​ពេល​ដែល​គាត់​ជួប​រឿង​ព្រាត់​ប្រាស់ ហើយ​មិន​អាច​ភ្លេច​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ ដែល​នាំ​ឲ្យ​គាត់​មាន​វិប្បដិសារី​។ នាង​បាន​នឹក​ឃើញ​រឿង​ទាំង​អស់​នោះ ក្នុង​ខួរ​ក្បាល​នាង ម្តង​ហើយ​ម្តង​ទៀត​។

ព្រះ​នៃ​យើង​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់ ដែល​បាន​កើត​ឡើង​ពី​អតីត​កាល ហើយ​ក៏​ជ្រាប​អំពី​រឿង​ទាំង​អស់​ដែល​នឹង​កើត​ឡើង​នៅពេល​អនាគត​។ ព្រះ​គម្ពីរ​បាន​ចែងថា ព្រះ​ប្រាជ្ញាញាណ​របស់​ព្រះ​អង្គ​គ្មាន​ដែន​កំណត់​។ តែ​ព្រះអង្គ​បាន​មាន​បន្ទូល​លើក​ទឹក​ចិត្ត​យើង ក្នុង​កណ្ឌ​គម្ពីរ​អេសាយ​ថា “គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ”(៤៣:២៥)។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បញ្ជាក់​កាន់តែ​ច្បាស់​ថា “យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះយេស៊ូវគ្រីស្ទ១ដង​ជា​សំរេច” ហើយ​ព្រះអង្គ​នឹង​លែង​នឹក​ចាំ​ពី​អំពើបាប និង​សេចក្តី​ទទឹង​ច្បាប់​របស់​យើង​ទៀត(ហេព្រើរ ១០:១០,១៧)។

ពេលណា​យើង​សារភាព​បាប​យើង នៅ​ចំពោះ​ព្រះអង្គ យើង​អាច​ឈប់​នឹក​ចាំ​បរាជ័យ និង​កំហុស​របស់​យើង​ទៀត​។ យើង​ចាំបាច់​ត្រូវ​កាត់​ចិត្ត ឈប់​នឹក​គិត​អំពី​ពួកវា​ទៀត ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ​គិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ”(អេសាយ ៤២:១៨)។ តែ​ចូរ​យើង​ចាំ​ថា ដោយសារ​សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់ ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​មិន​នឹក​ចាំ​អំពើបាប​របស់​យើង ទាស់​នឹង​យើង​ទៀត​ឡើយ​។—Kenneth Petersen

តើ​អ្នក​មាន​វិប្បដិសារី​អ្វី​ខ្លះ ដែល​នៅ​ដក់​ជាប់​ក្នុង​គំនិត​អ្នក ដែល​អ្នក​ចេះតែ​នឹក​ឃើញ​ម្តង​ហើយ​ម្តង​ទៀត?
តើ​អ្នក​អាច​ថ្វាយ​ពួកវា​ដល់​ព្រះអម្ចាស់ ហើយ​ឈប់​រស់នៅ​ក្នុង​អតីត​កាល​ទៀត យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​អត់​ទោស និង​ឈប់​នឹក​ចាំ​អំពើ​បាប​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  មីកា ១-៣ និង វិវរណៈ ១១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles