ពន្លឺ​នៃ​សេចក្តី​សង្ឃឹម

ទំនុក​ដំកើង ៤២

ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្តី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ​។ ទំនុក​ដំកើង ៤២:១១

ម្តាយ​របស់​ខ្ញុំ​មាន​ឈើ​ឆ្កាង​ពណ៌​ក្រហម​តូច​មួយ ដែល​បញ្ចេញ​ពន្លឺ​ផ្លេកៗ សម្រាប់​ដាក់​តាំង​លម្អ​។ ខ្ញុំ​គួរ​តែ​ចង​ព្យួរ​ឈើ​ឆ្កាង​នោះ នៅ​លើ​ជញ្ជាំង នៅ​ក្បែរ​គ្រែ​គេង​របស់​គាត់ នៅ​ក្នុង​បន្ទប់ ក្នុង​មជ្ឈ​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​មហារីក​។ ហើយ​ខ្ញុំ​ក៏​គួរតែ​បាន​ត្រៀម​ខ្លួន សម្រាប់​ការ​ទៅ​សួរ​សុខ​ទុក្ខ​គាត់ នៅ​ចន្លោះ​ពេល​ដែល​គាត់​ទៅ​ទទួល​ការ​ព្យាបាល តាម​ពេល​កំណត់​។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ជាងគេ សម្រាប់​ថ្ងៃ​ណូអែល គឺ​ការ​ចំណាយ​ពេល ជាមួយ​ម្តាយ​ខ្ញុំ ឲ្យ​បាន​មួយ​ថ្ងៃ​ទៀត​។ តែ​ផ្ទុយ​ទៅវិញ ខ្ញុំ​ត្រូវ​នៅ​ផ្ទះ ហើយ​យក​ឈើ​ឆ្កាង​នោះ ទៅ​ចង​ព្យួរ​លម្អ​នៅ​លើ​ដើម​ណូអែល​វិញ​។

ខណៈ​ពេល​ដែល​កូន​ប្រុស​ខ្ញុំ​ដោត​ឌុយ​ភ្លើង ខ្ញុំ​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ”។ កូន​ប្រុស​ខ្ញុំ​មិន​ដឹង​ទេ​ថា ខ្ញុំ​កំពុង​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រើ​ពន្លឺ​ភ្លើង​ភ្លឹបភ្លែត​ៗ ដើម្បី​នាំ​ខ្ញុំ​​មើលទៅ​ព្រះយេស៊ូវ ដែល​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ​។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤២ បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​គាត់ ដល់​ព្រះអម្ចាស់(ខ.១-៤)។ គាត់​បាន​ទទួល​ស្គាល់​ថា វិញ្ញាណ​គាត់​កំពុងតែ​មាន​ទុក្ខ​ព្រួយ និង​រសាប់រសល់ ហើយក៏​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ ដល់​ទ្រង់​ទៀត ដោយ​ព្រោះ​ព្រះ​ភក្ត្រ​ទ្រង់​ដែល​តែង​តែ​ជួយ”(ខ.៥)។ ទោះ​គាត់​មាន​ទុក្ខ​ព្រួយ និង​ជួប​ការ​លំបាក​ម្តង​ហើយ​ម្តង​ទៀត យ៉ាងណា​ក៏ដោយ ក៏​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​របស់​គាត់ នៅតែ​ចែងចាំង ដោយសារ​គាត់​បាន​នឹក​ចាំ​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់​កាលពី​មុន(ខ.៦-១០)។ គាត់​ក៏បាន​បញ្ចប់​ការ​អធិប្បាយ ដោយ​ការ​ចោទ​សួរ និង​ការ​បញ្ជាក់​នូវ​សេចក្តី​ជំនឿ​យ៉ាង​ដូច​នេះ​ថា “ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្តី​រសាប់រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្តី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ”(ខ.១១)។

ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល មនុស្ស​ជា​ច្រើន​មាន​ចិត្ត​រីករាយ លាយ​ជា​មួយ​ទុក្ខសោក​។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​អារម្មណ៍​លាយឡំ​គ្នា​នោះ អាច​មាន​ការ​ផ្សះផ្សា​គ្នា និង​ការ​ប្រោស​លោះ តាមរយៈ​ព្រះបន្ទូល​សន្យា​របស់​ព្រះយេស៊ូវ ដែល​ជា​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​។—Xochitl Dixon

តើ​ព្រះ​យេស៊ូវ​បាន​ជួយ​អ្នក​ជម្នះ​ទុក្ខសោក​ដូច​ម្តេច​ខ្លះ ខណៈ​ពេល​ដែល​អ្នក​អបអរ​ថ្ងៃ​ណូអែល?
តើ​អ្នក​អាច​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល​ឆ្នាំ​នេះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​នាំ​ទូល​បង្គំ​ដើរ​ឆ្លង​ពេល​សោក​សង្រេង និង​ក្តី​អំណរ ពេញ​មួយ​ឆ្នាំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៤-៥ និង វិវរណៈ ១២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles