ព្រះ​អង្គ​សង្គ្រោះ​ដែល​ស្ម័គ្រ​ព្រះទ័យ​លះបង់

លោកុប្បត្តិ ២០-២២ និង ម៉ាថាយ ៦:១៩-៣៤

រ៉ូម ៥:៦-៨

ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨

កាល​នី​កូឡាស(Nicholas)កំពុង​បើកបរ នៅ​ពេលយប់​រំលង​អាធ្រាត្រ គាត់​ក៏បាន​ឃើញ​អគ្គីភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​។ គាត់​ក៏​បាន​ឈប់​ឡាន​នៅ​លើ​ផ្លូវ​ចូល​ផ្ទះ​នោះ ហើយក៏​បាន​ប្រញាប់​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​ឆេះ​ ដោយ​បាន​នាំ​ក្មេងៗ​បួន​នាក់​ចេញ​ខាង​ក្រៅ​ដោយ​សុវត្ថិភាព​។ ពេល​ដែល​ក្មេង​ជំទង់​ជា​អ្នក​មើល​ក្មេង​​ដឹង​ថា មាន​ក្មេង​ម្នាក់​ទៀត កំពុង​ជាប់​នៅ​ខាង​ក្នុង​នៅឡើយ នាង​ក៏បាន​ប្រាប់​លោក​នី​កូឡាស​។ គាត់​ក៏បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​។ គាត់​ក៏បាន​ជាប់​នៅ​ក្នុង​ជាន់​ទីពីរ​ជាមួយ​ក្មេង​ស្រី​អាយុ៦ឆ្នាំ​ម្នាក់ ដោយ​មិន​អាច​ចុះ​មក​ខាង​ក្រោម​វិញ​បាន​។ គាត់​ក៏បាន​វាយ​បំបែក​បង្អួច​ផ្ទះ រួច​លោត​ចេញ​មក​ខាង​ក្រៅ ដោយ​សុវត្ថិភាព ជា​មួយ​ក្មេង​នៅ​ក្នុង​ដៃ​គាត់ ស្រប​ពេល​ដែល​ក្រុម​ពន្លត់​អគ្គីភ័យ​បាន​មកដល់​។ យប់​នោះ គាត់​បាន​ជួយ​សង្គ្រោះ​ក្មេង​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ដោយសារ​គាត់​គិត​អំពី​ជីវិត​របស់​អ្នក​ដទៃ ជា​សំខាន់​ជាង​ខ្លួនឯង​។

លោក​នី​កូឡាស​បាន​បង្ហាញ​ចេញ​នូវ​វីរភាព ដោយ​ការ​ស្ម័គ្រ​ចិត្ត​លោះ​បង់​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដើម្បី​អ្នក​ដទៃ​។ ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​មាន​អំណាច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​លះបង់ ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ចេញ​មក ដោយ​ការ​លះបង់​ព្រះ​ជន្ម ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​សេចក្តី​ស្លាប់​។ “ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស”(រ៉ូម ៥:៦)។ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​ថា ព្រះយេស៊ូវ​ជា​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស បាន​សម្រេច​ព្រះទ័យ​លះបង់​ព្រះ​ជន្ម ដើម្បី​បង់​ថ្លៃលោះ​យើង​ឲ្យ​រួច​ពី​បាប ដែល​យើង​មិន​អាច​លោះ​ខ្លួន​យើង​ឲ្យ​រួច​បាន​។ “តែ​ឯ​ព្រះ​ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(ខ.៨)។

ខណៈ​ពេល​ដែល​យើង​អរ​ព្រះគុណ និង​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​ស្ម័គ្រ​ព្រះទ័យ​សុគត​ដើម្បី​យើង ព្រះអង្គ​អាច​ប្រទាន​កម្លាំង​ឲ្យ​យើង​ស្រឡាញ់​អ្នក​ដទៃ ដោយ​ការ​លះបង់ តាមរយៈ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​យើង​។—Xochitl Dixon

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​អ្នក​បាន​ពិចារណា អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ ដោយសារ​ព្រះអង្គ​ស្រឡាញ់​អ្នក? តើ​អ្នក​អាច​ចាត់​ទុក​តម្រូវការ​អ្នក​ដទៃ​ជា​សំខាន់​ជាង​តម្រូវការ​ខ្លួនឯង ដូច​ម្តេច​ខ្លះ ក្នុង​សប្តាហ៍​នេះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ ខណៈ​ពេល​ដែល​ទូល​បង្គំ​គិត​ពី​តម្រូវការ​អ្នក​ដទៃ ជា​សំខាន់​ជាង​ខ្លួនឯង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ២០-២២ និង ម៉ាថាយ ៦:១៩-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles