បើអ្នកបានរៀននៅក្នុងវគ្គសិក្សាជំនាញសរសេរ ឬចូលរួមនៅក្នុងសន្និសិទអ្នកនិពន្ធ អ្នកប្រហែលជាបានឮគេបង្រៀនថា “ចូរកុំគ្រាន់តែនិយាយប្រាប់ តែចូរបង្ហាញផង”។ បានសេចក្តីថា ចូរ “បង្ហាញ” អ្នកអានរបស់អ្នក អំពីសេចក្តីដែលអ្នកចង់ឲ្យពួកគេដឹង ចូរកុំគ្រាន់តែនិយាយប្រាប់ពួកគេឡើយ។ ឬអាចនិយាយបានម្យ៉ាងទៀតថា ចូរកុំគ្រាន់តែប្រាប់អ្នកអានរបស់អ្នក អំពីការអ្វីដែលអ្នកបានធ្វើឡើយ ចូររៀបរាប់អំពីរបៀបដែលអ្នកធ្វើការនោះផង។
មូលហេតុដែលយើងច្រើនតែនិយាយប្រាប់អ្នកដទៃ ជាជាងបង្ហាញពួកគេ នោះគឺដោយសារការនិយាយប្រាប់មានភាពងាយស្រួល ហើយលឿនជាងការបង្ហាញ។ កាលណាយើងបង្ហាញពីរបៀបដែលយើងធ្វើអ្វីមួយ យើងត្រូវចំណាយពេល និងកម្លាំង។ នៅក្នុងការបង្រៀនសិស្ស ការនិយាយប្រាប់សិស្ស អំពីកំហុសដែលពួកគេមាននៅក្នុងការធ្វើអ្វីមួយ គឺមានភាពងាយស្រួលជាងការបង្ហាញពួកគេ អំពីរបៀបធ្វើកិច្ចការនោះឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការបង្រៀនមានប្រសិទ្ធិភាពជាង នៅពេលដែលគ្រូប្រាប់សិស្ស ពីរបៀបធ្វើកិច្ចការនោះឲ្យបានត្រឹមត្រូវ។
អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលជនជាតិយូដាមានក្រឹត្យវិន័យ ដែលប្រាប់ពួកគេអំពីការដែលត្រូវធ្វើ និងការដែលមិនត្រូវធ្វើ នៅក្នុងការរស់នៅ។ ប៉ុន្តែ ក្រោយមកព្រះយេស៊ូវបានយាងមក ហើយបង្ហាញពួកគេពីរបៀបរស់នៅ ក្នុងជីវិតដែលព្រះបានប្រាប់ពួកគេឲ្យរស់នៅទាំងពីយូរមកហើយនោះ។ ព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលថា “ចូរបន្ទាបខ្លួន”ប៉ុណ្ណោះឡើយ តែថែមទាំងបានបន្ទាបព្រះអង្គទ្រង់ ទុកជាគំរូផងដែរ(ភីលីព ២:៨)។ ទ្រង់មិនគ្រាន់តែមានបន្ទូលថា “ចូរអត់ទោសឲ្យអ្នកដទៃ” ប៉ុណ្ណោះឡើយ តែថែមទាំងបានអត់ទោសឲ្យយើង(កូល៉ុស ៣:១៣)។ ម្យ៉ាងទៀត ទ្រង់មិនគ្រាន់តែបានមានបន្ទូលថា “ចូរស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក” តែប៉ុណ្ណោះឡើយ តែថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់ តាមរយៈការអ្វីដែលទ្រង់បានធ្វើសម្រាប់យើងរាល់គ្នា(យ៉ូហាន ១៥:១២)។
គំរូដ៏គ្រប់លក្ខណ៍ នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ បានបង្ហាញឲ្យយើងដឹង ថាព្រះទ្រង់មានសេចក្តីស្រឡាញ់អស្ចារ្យប៉ុណ្ណា ចំពោះយើង ហើយក៏បានបង្ហាញពីរបៀបដែលយើងត្រូវបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យអ្នកដទៃបានស្គាល់ផងដែរ។—Julie Ackerman Link