កាលនៅក្មេង ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ក្នុងពិធីបុណ្យណូអែល គឺមិនខុសពីក្មេងភាគច្រើនឡើយ។ ខ្ញុំមានចិត្តអន្ទះសារចង់ឲ្យថ្ងៃណូអែលឆាប់មកដល់ បានជាខ្ញុំលួចបើកមើលអំណោយ ដែលឪពុកម្តាយខ្ញុំបានខ្ចប់ទុកនៅក្រោមដើមណូអែល ក្រែងលោមានគ្រឿងលេង និងល្បែងកំសាន្តនៅក្នុងកញ្ចប់អំណោយ។ ពេលខ្ញុំឃើញអាវយឺត និងខោនៅក្នុងកញ្ចប់អំណោយ ខ្ញុំមានអារម្មណ៍អន់ចិត្តយ៉ាងខ្លំាង។ ទោះយ៉ាងណាក៏ដោយ អំណោយសម្រាប់មនុស្សពេញវ័យ មិនសូវធ្វើឲ្យយើងសប្បាយដូចកាលពីក្មេងទេ។ ក្នុងថ្ងៃណូអែល កាលពីឆ្នាំមុន កូនៗរបស់ខ្ញុំបានឲ្យស្រោមជើងដ៏ស្រស់ស្អាត ដែលមានពណ៌ឆើត និងការរចនាយ៉ាងល្អ។ ពេលនោះ ខ្ញុំស្ទើរតែមានអារម្មណ៍ថា ខ្លួនឯងនៅក្មេងម្តងទៀត! សូម្បីតែមនុស្សចាស់ ក៏អាចពាក់ស្រោមជើងទាំងនោះដែរ គឺដូចដែលខ្ញុំបានឃើញផ្លាកសញ្ញាមានអក្សរសរសេរថា “ទំហំតែមួយត្រូវជើងមនុស្សទាំងអស់”។
ពាក្យស្វាគមន៍ ដែលគេសរសេរថា “ទំហំតែមួយត្រូវជើងមនុស្សទាំងអស់” បានធ្វើឲ្យខ្ញុំនឹកចាំអំពីអំណោយដ៏ល្អបំផុតនៅថ្ងៃណូអែល គឺដំណឹងល្អ ដែលបានប្រកាសថា ព្រះយេស៊ូវជាអំណោយសម្រាប់មនុស្សគ្រប់គ្នា។ ព្រះទ្រង់បានបង្ហាញឲ្យយើងដឹងច្បាស់ថា ទ្រង់ជាអំណោយសម្រាប់មនុស្សគ្រប់គ្នាមែន គឺនៅពេលដែលពួកទេវតាបានស្រែកច្រៀងសរសើរដំកើងព្រះ ដើម្បីអញ្ជើញពួកអ្នកគង្វាលចៀម ដែលមានឋានៈតូចទៀបក្នុងសង្គម។ ទ្រង់ក៏បានបញ្ជាក់បន្ថែមទៀត នៅពេលដែលពួកអ្នកប្រាជ្ញ ដែលជាឥស្សរៈជន ដែលមានទ្រព្យសម្បត្តិ និងអំណាច បានធ្វើដំណើរតាមពន្លឺផ្កាយលើមេឃ ទៅរក និងថ្វាយបង្គំព្រះឱរសយេស៊ូវ ដែលបានប្រសូត្រ។
បន្ទាប់ពីព្រះយេស៊ូវបានចាប់ផ្តើមព្រះរាជកិច្ចទ្រង់ សមាជិកដ៏មានឥទ្ធិពលម្នាក់ របស់ពួកក្រុមប្រឹក្សាជនជាតិយូដា បានមកជួបព្រះយេស៊ូវទាំងយប់។ ក្នុងការសន្ទនានោះ ព្រះយេស៊ូវបានអញ្ជើញ “អស់អ្នកណាដែលជឿ” ឲ្យចូលមករកទ្រង់។ គ្រាន់តែទទួលជឿព្រះយេស៊ូវ នោះយើងបានទទួលជីវិតអស់កល្បជានិច្ច(យ៉ូហាន ៣:១៦)។
បើព្រះយេស៊ូវទ្រង់បានយាងមកធ្វើជាអំណោយសម្រាប់តែអ្នកក្រ និងមិនត្រូវគេអើរពើ ឬសម្រាប់តែមនុស្សដែលមានឈ្មោះល្បី និងមានទ្រព្យសម្បត្តិ និងអំណាច នោះនឹងមានមនុស្សជាច្រើន ដែលមិនអាចទទួលទ្រង់បានទេ។ តែព្រះយេស៊ូវទ្រង់ជាអំណាយ សម្រាប់មនុស្សទាំងអស់ ទោះជាមានឋានៈ ទ្រព្យសម្បត្តិ ឬស្ថានភាពនៃការរស់នៅយ៉ាងដូចម្តេចក៏ដោយ។ ទ្រង់ជាអំណោយតែមួយ ដែលត្រូវនឹងមនុស្សទាំងអស់។-Joe Stowell