ការជិះទូកតាមល្បាក់ទឹក

មាន​ពេល​មួយ យើង​បាន​នាំ​គ្នា​ជិះ​ទូក​កម្សាន្ត តាម​ទឹក​ទន្លេ។ អ្នក​នាំ​ជិះ​ទូក​បាន​នាំ​ផ្លូវ​យើង​ ទៅ​រក​មាត់​ទន្លេ ហើយ​បាន​ឲ្យ​យើង​ទាំង​អស់​គ្នា ពាក់​អាវ​ពោង​សុវត្ថិ​ភាព រួច​ឲ្យ​ចាប់​កាន់​ចង្វា​រៀងៗ​ខ្លួន។ ខណៈ​ពេល​ដែល​យើង​ចូល​ទៅ​ក្នុង​ទូក គាត់​បាន​កំណត់​កន្លែង​ឲ្យ​យើង​អង្គុយ ដើម្បី​ធ្វើ​ឲ្យ​ទូក​មាន​លំនឹង និង​មិន​ឃ្លីង​ឃ្លោង នៅ​ពេល​ដែល​យើង​ជិះ​ទៅ​ដល់​ខ្សែ​ទឹក​ដែល​ហូរ​លឿន​នៅ​ត្រង់​ល្បាក់​ទឹក។ គាត់​បាន​រៀប​រាប់​ អំពី​អារម្មណ៍​រំភើប​រីក​រាយ ដែល​យើង​នឹង​ទទួ​ល​បាន នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ ទៅ​មុខ​ទៀត។ បន្ទាប់​មក គាត់​ក៏​បាន​និយាយ​លម្អិត អំពី​ការ​បញ្ជា​ទិស​ដៅ​ជា​បន្ត​បន្ទាប់ ដែល​យើង​ត្រូវ​ស្ដាប់​ ហើយ​ត្រូវ​ធ្វើ​តាម ដើម្បី​ឲ្យ​ទូក​អាច​បទ​បាន​ត្រឹម​ត្រូវ កាត់​តាម​ខ្សែ​ទឹក​ដែល​ហូរ​យ៉ាង​គំហុក។ ទី​បំផុត គាត់​ក៏​បាន​ធានា​យើង​ថា ទោះ​បី​ជា​ពេល​ខ្លះ យើង​អាច​ជួប​ភាព​តាន​តឹង នៅ​តាម​ផ្លូវទឹក​ដែល​យើង​ធ្វើ​ដំណើរ​នោះ​ក៏​ដោយ ក៏​ការ​ធ្វើ​ដំណើរ​របស់​យើង នឹង​មាន​ភាព​រំភើប​រីក​រាយ ហើយ​មាន​សុវត្ថិ​ភាព។

ជួន​កាល យើង​មាន​អារម្មណ៍​ថា ជីវិត​របស់​យើង ប្រៀប​ដូ​ចជា​កា​រធ្វើ​ដំណើរ​តាម​ទូក ​កាត់​ផ្លូវ​ទឹក​ដែល​ហូរ​លឿន ដែល​ត្រូវ​ឆ្លង​កាត់​ខ្សែ​ទឹក​ហូរ​យ៉ាង​គំហុក ជា​ញឹក​ញាប់​ពេក។ ​ស្ថិត​ក្នុង​ពេល​បែប​នេះ ចូរ​យើង​នឹក​ចាំ អំពី​សេចក្តី​សន្យា ដែល​ព្រះ​ជា​ម្ចាស់ ប្រទាន​ឲ្យ​ពួក​អ៊ី​ស្រាអែល តាម​រយៈ​ហោរា​អេសាយ ដែល​អាច​ជួយ​រម្ងាប់​អារម្មណ៍​របស់​យើង នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ រឿង​កាន់​តែ​ការ​អាក្រក់​ជា​មុន​ នឹង​កើត​ឡើង នៅ​ពេល​ខាង​មុខ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ” (អេសាយ ៤៣:២)។ នៅ​សម័យ​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​មាន​ការ​ភ័យ​ខ្លាច​ដ៏​ហួស​ប្រមាណ​ គឺ​ខ្លាច​ព្រះ​ទ្រង់​បោះ​បង់​ចោល​ពួក​គេ​ ខណៈ​ពេល​ដែល​ពួកគេ​ត្រូវ​និទេស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត ដែល​ជា​លទ្ធ​ផល​នៃ​ការ​ធ្វើ​បាប​ទាស់​នឹង​ទ្រង់។ ​តែ​ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​ធា​នាដល់​ពួក​គេ ព្រម​ទាំ​ង​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​ពួក​គេ ពីព្រោះ​ព្រះ​អង្គ​ស្រឡាញ់​ពួក​គេ (ខ.២,៤)។​

ព្រះ​ជា​ម្ចាស់​នឹង​មិន​បោះ​បង់​យើង​រាល់​គ្នា​ចោល ឲ្យ​ត្រូវ​លិច​លង់​នៅ​ក្នុង​ទឹក​ដែល​ហូរ​យ៉ាង​គំហុក គ្មាន​កោះ​ត្រើយ​នោះ​ឡើយ។ យើង​រាល់​គ្នា​អាច​ទុក​ចិត្ត​ថា ​ទ្រង់​នឹង​នាំ​ផ្លូវ​យើង ឆ្លង​កាត់​ដំណើរ​ដ៏​ពិបាក ដែល​មាន​ការ​ភ័យ​ខ្លាច និង​បញ្ហា​ដ៏​ឈឺ​ចាប់​បំផុត ព្រោះ​ទ្រង់​ស្រឡាញ់​យើង ហើយ​ក៏​សន្យា​ថា ​នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។—Kirsten Holmberg

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles