ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្តី​ពុករលួយ​ដល់​ឆ្អឹង​វិញ។ សុភាសិត ១៤:៣០

អ្នកស្រី​ម៉ារីលីន មែកឃិនថាយអ័រ(Marilyn McEntyre) ជា​អ្នក​និពន្ធ ដែល​បាន​ចែក​ចាយ​រឿង ដែល​គាត់​បាន​រៀន​សូត្រ​ពី​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់ ដែល​បាន​និយាយ​ថា “ផ្ទុយ​នឹង​ការ​ច្រណែន គឺ​ការ​អបអរ”។ មិត្ត​ភក្តិ​គាត់​មាន​ភាព​ពិការ​ខាង​រូប​កាយ និង​មាន​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ប្រើ​អំណោយ​ទាន​របស់​គាត់ តែ​គាត់​នៅ​តែ​អាច​មាន​ក្តី​អំណរ ហើយ​អបអរ​ជា​មួយ​អ្នក​ដទៃ ដោយ​នាំ​មក​នូវ​ “ការ​ដឹង​គុណ​នៅ​ក្នុង​រឿង​នីមួយ​ៗ​ដែល​គាត់​បាន​ជួប” មុន​ពេល​គាត់​លា​ចាក​លោក។

ខ្ញុំ​នៅ​តែ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​ដែល​គាត់​ថា “ផ្ទុយ​នឹង​ការ​ច្រណែន គឺ​ការ​អបអរ” ដោយ​ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​ហាក់​ដូច​ជា​មាន​ក្តី​អំណរ​ដ៏​ពិត និង​ជ្រាលជ្រៅ​ដូច​នេះ ចំពោះ​អ្នក​ដទៃ ដោយ​គ្មាន​ការ​ប្រៀប​ធៀប។

ការ​ច្រណែន ជា​អន្ទាក់​ដែល​ងាយ​នឹង​ឲ្យ​យើង​ធ្លាក់​ចូល។ វា​ប្រើ​ភាព​ងាយ​រង​គ្រោះ របួស និង​ការ​ភ័យ​ខ្លាច​របស់​យើង ដោយ​ខ្សឹប​ដាក់​យើង​ថា បើ​យើង​បាន​ល្អ​ជាង​អ្នក​នេះ ឬ​អ្នក​នោះ យើង​នឹង​មិន​ពិបាក ហើយ​នឹង​មិន​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។

សាវ័ក​ពេត្រុស​បាន​រំឭក​អ្នក​ជឿ​ថ្មី​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ ពេត្រុស​ទី១ ជំពូក​២​ថា វិធី​តែ​មួយ ដើម្បី “លះ​បង់​ចោល” អស់​ទាំង​ពុត​មាយា និង​ការ​ច្រណែន គឺ​ត្រូវ​ចាក់​ឫស​ជ្រៅ ទៅ​ក្នុង​សេចក្តី​ពិត ដើម្បី​បាន​ភ្លក់​ឲ្យ​ដឹង​ថា “ព្រះអម្ចាស់​ទ្រង់​ល្អ​មែន”(ខ.១-៣)។ យើង​អាច “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​ដ៏​ស្អាត​”(១:២២) ពេល​ដែល​យើង​បាន​ស្គាល់ ប្រភព​ពិត​ប្រាកដ​នៃ​ក្តី​អំណរ​របស់​យើង ដែល​ជា “​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់”(ខ.២៣)។

យើង​អាច​លះ​ចោល​ការ​ប្រៀប​ធៀប ពេល​ណា​យើង​នឹក​ចាំ​ថា យើង​ជា​នរណា គឺ​ជា​សមាជិក​ជាទី​ស្រឡាញ់​នៃ​ពូជ​ជ្រើស​រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍​អាករ​នៃ​ព្រះ ដែល​ទ្រង់​បាន​ហៅ​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់”(២:៩)។—Monica La Rose

តើ​មាន​គំរូ​នៃ​ក្តី​អំណរ​ណា​ខ្លះ ដែល​គ្មាន​ការ​ច្រណែន ដែល​បាន​ជះ​ឥទ្ធិពល​មក​លើ​ជីវិត​អ្នក? តើ​ការ​នឹក​ចាំ​ថា អ្នក​ជា​ផ្នែក​មួយ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ បាន​រំដោះ​អ្នក​ចេញ​ពី​ការ​ប្រៀប​ធៀប​ខ្លួន​ឯង​ជា​មួយ​អ្នក​ដទៃ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ជា​ប្រភព​នៃ​ការ​ល្អ​គ្រប់​យ៉ាង សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​លះ​បង់​ចោល​ការ​ច្រណែន ដែល​ជា​ការ​កុហក ​ដែល​បាន​ស្រូប​យក​ក្តី​អំណរ​ចេញ​ពី​ទូល​បង្គំ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​អប​អរ​ចំពោះ​អំណោយ​រាប់​មិន​អស់​នៃ​ជីវិត ក្នុង​នគរ​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ជនគណនា ២០-២២ និង ម៉ាកុស ៧:១-១៣