ទំនុកដំកើង ៦
ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា? ទំនុកដំកើង ៦:៣
លោកអ៊ែនដ្រេលតុន ស៊ីមមុន(Andrelton Simmons) ជាកីឡាករវាយកូនបាល់ ប៊េសប៊ល ក្នុងការប្រកួតមេជ័រ លីក ដែលបានដកខ្លួនចេញពីចុងបញ្ចប់នៃការប្រកួត នៅឆ្នាំ២០២០ ដោយសារបញ្ហាសុខភាពផ្លូវចិត្ត។ គាត់បានមានប្រសាសន៍ថា “មនុស្សភាគច្រើនមានស្នាមសម្លាកនៅជាប់ខ្លួន ដែលអ្នកដទៃមិនអាចមើលឃើញ ឬយល់បាន”។ ពេលដែលគាត់ពិចារណា អំពីការសម្រេចចិត្តនេះ គាត់យល់ឃើញថា គាត់ចាំបាច់ត្រូវចែកចាយរឿងរបស់គាត់ ដើម្បីលើកទឹកចិត្តអ្នកដទៃ ដែលកំពុងជួបប្រទះបញ្ហាប្រឈមស្រដៀងគាត់ ហើយក៏បានក្រើនរំឭកអ្នកដទៃ ឲ្យបង្ហាញក្តីអាណិតគ្នាទៅវិញទៅមកផងដែរ។
ស្នាមរបួសដែលគេមើលមិនឃើញ គឺជាការឈឺចាប់ និងរបួសដ៏ជ្រៅ ដែលបណ្តាលមកពីការឈឺចាប់ និងទុក្ខវេទនាដែលបានកើតឡើងពិតៗ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៦ ស្តេចដាវីឌបានពិពណ៌នា អំពីការឈឺចាប់ក្នុងជម្រៅព្រះទ័យរបស់ទ្រង់ ដោយប្រើពាក្យឈឺចាប់ត្រង់ៗ។ ទ្រង់ “ញ័ររន្ធត់” (ខ.២) ហើយ “ថប់បារម្ភជាខ្លាំង”(ខ.៣)។ ទ្រង់បានអធិស្ឋានថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ(ខ.៦)។ ស្តេចដាវីឌមិនបានចែកចាយអំពីដើមហេតុនៃទុក្ខវេទនារបស់ទ្រង់ ក្នុងបទគម្ពីរនេះទេ តែមនុស្សជាច្រើនធ្លាប់មានការឈឺចាប់ដូចទ្រង់ផងដែរ ដូចនេះពួកគេអាចយល់។
យើងក៏អាចទទួលការលើកទឹកចិត្ត ពេលយើងសិក្សាអំពីរបៀបដែលស្តេចដាវីឌបានឆ្លើយតប ចំពោះការឈឺចាប់របស់ទ្រង់។ ក្នុងពេលដែលទ្រង់មានការឈឺចាប់ជាពន់ពេក ទ្រង់បានស្រែករកព្រះអម្ចាស់។ ទ្រង់បានទូលថ្វាយការឈឺចាប់ទាំងអស់ក្នុងព្រះទ័យទ្រង់ ដោយទូលសូមការប្រោសឲ្យជា(ខ.២) ការរំដោះ(ខ.៤) និងសេចក្តីមេត្តា(ខ.៩)។ ទ្រង់ទូលសួរព្រះអម្ចាស់ថា តើទ្រង់នឹងមានការឈឺចាប់នោះដល់កាលណា? (ខ.៣) តែទន្ទឹមនឹងនោះ ទ្រង់នៅតែមានមានទំនុកចិត្តថា ព្រះអម្ចាស់ស្តាប់ឮទ្រង់អង្វរសូមសេចក្តីមេត្តា(ខ.៩) ហើយនឹងឆ្លើយតប តាមពេលវេលារបស់ព្រះអង្គ(ខ.១០)។
ដោយសារយើងដឹងថា ព្រះនៃយើងជានរណា នោះយើងតែងតែមានក្តីសង្ឃឹមជានិច្ច។—Lisa M. Samra
តើអ្នកអាចទូលថ្វាយទុក្ខលំបាករបស់អ្នក ដល់ព្រះអង្គដូចម្តេចខ្លះ ពេលដែលអ្នកមានការឈឺចាប់ក្នុងជម្រៅចិត្ត?
តើអ្នកបានដកពិសោធន៍នឹងការប្រោសឲ្យជា សេចក្តីមេត្តា និងការរំដោះយ៉ាងណាខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន ដើម្បីបង្ហាញចេញនូវការឈឺចាប់ដល់ព្រះអង្គ ហើយស្វាគមន៍ព្រះវត្តមានព្រះអង្គ និងការប្រោសឲ្យជា ចូលក្នុងស្ថានភាពរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៤-៣៦ និង កូល៉ុស ២