ប្រើអ្វីដែលអ្នកមាន ដើម្បីបម្រើព្រះគ្រីស្ទ

កិច្ចការ ៩:៣៦-៤៣

មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន​។ កិច្ចការ ៩:៣៦

តើ​អ្នក​ធ្លាប់​បានឮ​គេ​និយាយ​អំពី​មន្ទីរ​តាំងពិព័រណ៍​ស្នាដៃ​របស់​ជាង​កាត់ដេរ​ល្បីៗ ដែរ​ឬ​ទេ? គេ​បាន​បង្កើត​កន្លែង​តាំងពិព័រណ៍​នេះ​នៅ​ឆ្នាំ២០០១ ដោយ​ទទួល​ស្គាល់​បុគ្គល ដែល​បាន “ជះ​ឥទ្ធិពល​ដ៏​យូរ​អង្វែង មក​លើ​ឧស្សាហ៍​កម្ម​កាត់ដេរ ដោយ​ការ​រួម​ចំណែក​ដែល​ពិសេស និង​មាន​ភាព​ប៉ិន​ប្រសប់ តាមរយៈ​ការ​បង្រៀន​កាត់ដេរ និង​ការ​ឆ្នៃ​ផលិតផល​កាត់ដេរ”។ គេ​បាន​រាប់​បញ្ចូល​បុគ្គល​ល្បីៗ ដែល​មាន​ដូចជា អ្នក​ស្រី ម៉ាថា ភូលលិន(Martha Pullen) នៅ​ក្នុង​មន្ទីរ​តាំងពិព័រណ៍ នៅ​ឆ្នាំ២០០៥ ដោយ​ការ​ពណ៌នា​ថា គាត់​ជា​ស្រ្តី​នៃ​បទ​គម្ពីរ​សុភាសិត ជំពូក៣១ ជា​មនុស្ស … មិន​ដែល​ភ្លេច​ទទួល​ស្គាល់​ជា​សាធារណៈ អំពី​ប្រភព​នៃ​កម្លាំង ការ​បណ្តាល​ចិត្ត និង​ព្រះពរ​ដែល​ខ្លួន​មាន​។

មន្ទីរ​តាំងពិព័រណ៍​ស្នាដៃ​របស់​ជាង​កាត់ដេរ​ល្បីៗ ត្រូវ​បាន​គេ​បាន​បង្កើត​ឡើង ក្នុង​សតវត្សរ៍ទី២១ តែ​ការ​ទទួល​ស្គាល់​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​ជាងដេរ ក៏​មាន​ក្នុង​អំឡុង​សតវត្សរ៍ទី១ នៅ​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ​។ នៅ​សម័យ​នោះ មាន​ស្រ្តី​ម្នាក់​ឈ្មោះ តេប៊ីថា ជា​ជាង​ដេរ​ដែល​ជឿ​ព្រះយេស៊ូវ​។ នាង​បាន​ចំណាយ​ពេល​កាត់ដេរ​សំលៀក​បំពាក់​សម្រាប់​ស្រ្តី​មេម៉ាយ​ទាល់ក្រ ក្នុង​សហគមន៍​របស់​នាង(កិច្ចការ ៩:៣៦,៣៩)។ បន្ទាប់ពី​នាង​ធ្លាក់​ខ្លួន​ឈឺ​រហូត​បាត់បង់​ជីវិត ពួក​សាវ័ក​ក៏បាន​ឲ្យ​គេ​ទៅ​ហៅ​សាវ័ក​ពេត្រុស មក​អធិស្ឋាន​សូម​ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ តាមរយៈ​គាត់​។ ពេល​គាត់​មកដល់ ស្រ្តី​មេម៉ាយ​ដែល​កំពុង​សោក​សង្រេង​ក៏បាន​បង្ហាញ​រ៉ូប និង​សំលៀក​បំពាក់​ដែល​នាង​តេប៊ីថា បាន​កាត់ដេរ​ឲ្យ​ពួកគេ​(ខ.៣៩)។ សំលៀក​បំពាក់​ទាំង​នោះ​ជា​ភស្តុតាង​បង្ហាញថា នាង “តែងតែ​ធ្វើ​ការ​ល្អ” សម្រាប់​អ្នកក្រ ក្នុង​ទីក្រុង​របស់​នាង(ខ.៣៦)។ ព្រះ​ទ្រង់​ក៏បាន​ប្រោស​នាង​តេប៊ីថា ឲ្យ​រស់​ឡើង​វិញ ដោយ​ព្រះ​ចេស្ដា​ព្រះអង្គ​។

ព្រះ​ទ្រង់​ក៏​បាន​ត្រាស់ហៅ និង​បំពាក់​សមត្ថភាព​ដល់​យើង ឲ្យ​ប្រើ​ជំនាញ​យើង ដើម្បី​បំពេញ​តម្រូវការ​របស់​មនុស្ស នៅ​ក្នុង​សហគមន៍ និង​ពិភពលោក​ផង​ដែរ​។ ចូរ​យើង​ប្រើ​ជំនាញ​របស់​យើង នៅ​ក្នុង​ការងារ​បម្រើ​ព្រះយេស៊ូវ ហើយ​សូម​ឲ្យ​ព្រះអង្គ​ប្រើ​កិច្ច​ការ​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង ដើម្បី​ស្អាង​ចិត្ត និង​ជីវិត​របស់​អ្នក​ដទៃ​ឡើង(អេភេសូរ ៤:១៦)។—Marvin Williams

តើ​អ្នក​មាន​អំណោយ​ទាន និង​ជំនាញ​អ្វី​ខ្លះ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​អ្នក? តើ​អ្នក​អាច​ប្រើ​អំណោយ​ទាន និង​ជំនាញ​ទាំង​នោះ ដើម្បី​ជួយ​មនុស្ស​ដែល​កំពុង​ត្រូវ​ការ​ជំនួយ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ឆ្លើយតប ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណិត ចំពោះ​តម្រូវការ​របស់​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៣-៥៥ និង ២ថែស្សាឡូនិច ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles