អត្ថន័យនៃការជំរាបសួរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឯបូអូសគាត់ចេញពីបេថ្លេហិម មកនិយាយនឹងពួកអ្នកចំរូតថា សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នករាល់គ្នា គេឆ្លើយឡើងថា សូមព្រះយេហូវ៉ាប្រទានពរដល់លោក» (នាងរស់ ២:៤)។ យើងអាចរៀនសូត្របានច្រើនអំពីមនុស្សម្នាក់ តាមរយៈការជំរាបសួររបស់ពួកគេ។ កាលលោក បូអូស ដើរចូលវាលស្រែរបស់គាត់ (ដូចដែលកណ្ឌគម្ពីរនាងរស់ចាប់ផ្ដើមនិយាយអំពីគាត់) ហើយបានជំរាបសួរពួកឈ្នួលរបស់គាត់ គេអាចមើលឃើញជម្រៅនៃចរិតលក្ខណៈរបស់គាត់ និងទំនាក់ទំនងដែលគាត់មានជាមួយព្រះយ៉ាងច្បាស់។ លោក បូអូស បានរស់នៅ ដោយមានការយល់ដឹងអំពីព្រះវត្តមានរបស់ព្រះ ហើយសកម្មភាពប្រចាំថ្ងៃរបស់គាត់បានបង្ហាញការយល់ដឹងនេះ។ ពួកបរិសុទ្ធជាច្រើនក្នុងគ្រាសញ្ញាចាស់ ក៏មានលក្ខណៈដូចនេះផងដែរ។ ពួកគេយល់ឃើញថា ជីវិតរបស់ពួកគេទាំងមូលត្រូវរស់នៅ នៅចំពោះព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ទោះពួកគេកំពុងធ្វើការងារបម្រើព្រះ ឬកំពុងប្រកបរបរចិញ្ចឹមជីវិតក៏ដោយ។ ពេលណាយើងរស់នៅ ដោយការប្ដូរផ្តាច់ដូចនេះ យើងនឹងមានការផ្លាស់ប្រែដល់ឫសគល់ និងព្រះពរក្នុងពាក្យសម្ដី និងទំនាក់ទំនងរបស់យើង។ ចូរយើងកត់សម្គាល់ថា នៅពេលដែលគាត់បង្ហាញខ្លួន គាត់មិនមែនចេះតែប្រើព្រះនាមព្រះអម្ចាស់ តាមដែលគាត់នឹកឃើញ ឬជាអសារឥតការនោះទេ។ គាត់មានចិត្តដែលចង់ប្រើព្រះនាមព្រះអង្គ ដោយការកោតខ្លាចក្នុងការជំរាបសួរ ដោយទទួលស្គាល់អំណាច និងភាពជិតស្និទ្ធដែលព្រះអម្ចាស់មានក្នុងជីវិតគាត់។ ការកោតខ្លាចនេះផ្លាស់ប្ដូររបៀបដែលយើងនិយាយស្តី ហើយលើកទឹកចិត្តយើងឲ្យស្វែងរកព្រះពរព្រះអង្គក្នុងកាលៈទេសៈទាំងអស់ គឺនៅពេលយើងអង្គុយចុះ ក្រោកឈរ ដើរតាមផ្លូវ និងជជែកជាមួយអ្នកដទៃ (ចោទិយកថា ៦:៧)។ នៅពេលដែលលោក បូអូស ដើរចូលវាលស្រែ គាត់បានបង្កើតបរិយាកាសដ៏ល្អ ដោយជំរាបសួរពួកគេ។…
Read article