សត្វចាបដែល លោភលន់
ជារៀងរាល់ឆ្នាំ ពេលដែលខ្ញុំដំឡើងឧបករណ៍ដាក់ចំណីឲ្យសត្វចាបហាំមីង ខ្ញុំឃើញសត្វចាបដ៏តូចល្អិតទាំងនោះ ដណ្តើមកន្លែងស៊ីចំណី។ ទោះបីជាឧបករណ៍នោះ មានមុខបួន សម្រាប់ឲ្យសត្វចាប់ទាំងនោះចូលទំស៊ីចំណីក៏ដោយ ក៏ពួកវានៅតែដណ្តើមកន្លែងគ្នាទៅវិញទៅមកដដែល។ មុខនីមួយៗសុទ្ធតែមានទឹកផ្អែមៗដូចគ្នា សម្រាប់ឲ្យសត្វបក្សីទាំងនោះចូលបឺតស្នើគ្នា។ ពេលដែលខ្ញុំឃើញពួកវាដណ្តើមចំណីគ្នា ដោយភាពលោភលន់យ៉ាងដូចនេះ ខ្ញុំក៏គ្រវីក្បាល ទាំងហួសចិត្ត។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ផងដែរថា ហេតុអ្វីបានជាខ្ញុំងាយនឹងមើលឃើញភាពលោភលន់របស់សត្វបក្សី តែមិនងាយនឹងមើលឃើញភាពលោភលន់របស់ខ្លួនឯង? នៅក្នុង “តុអាហាររបស់ព្រះ” ជាញឹកញាប់ ខ្ញុំចង់បានកៅអីដែលអ្នកដទៃកំពុងអង្គុយ ទោះខ្ញុំដឹងថា គ្រប់ទាំងការល្អគឺសុទ្ធតែមានប្រភពមកពីព្រះដូចគ្នា ហើយការផ្គត់ផ្គង់របស់ទ្រង់ក៏មិនដែលចេះរីងស្ងួតក៏ដោយ។ ដោយសារព្រះអាចរៀបតុឲ្យយើង នៅមុខខ្មាំងសត្រូវរបស់យើង(ទំនុកដំកើង ២៣:៥) ហេតុអ្វីបានជាយើងនៅតែខ្លាចអ្នកដទៃ មានកន្លែងល្អជាងយើង? ព្រះអម្ចាស់អាចប្រទានឲ្យយើងមាន “ចិត្តស្កប់ស្កល់ ក្នុងគ្រប់ការទាំងអស់” ដើម្បីឲ្យយើងអាចធ្វើការល្អគ្រប់យ៉ាង ជាបរិបូរ(២កូរិនថូស ៩:៨)។ ពេលដែលយើងទទួលស្គាល់ សារៈសំខាន់នៃកិច្ចការដែលយើងធ្វើ ក្នុងនាមជាអ្នកបម្រើនៃព្រះគុណរបស់ព្រះ(១ពេត្រុស ៤:១០) នោះយើងនឹងឈប់ឈ្លោះប្រកែកគ្នា ដើម្បីដណ្តើមកន្លែងរបស់អ្នកដទៃ ហើយមានចិត្តដឹងគុណព្រះ សម្រាប់កន្លែងដែលទ្រង់បានប្រទានយើង ដើម្បីបម្រើអ្នកដទៃជួសទ្រង់។–Julie Ackerman Link
Read article