គ្រឹះដ៏រឹងមាំ
ការរញ្ជួយដីកើតឡើងជាញឹកញាប់ ក្នុងតំបន់រង្វង់នៃមហាសមុទ្របាស៊ីភិក ដែលគេបានឲ្យឈ្មោះថា “រង្វង់នៃភ្លើង”។ ៩០ភាគរយនៃការរញ្ជួយដីទាំងអស់ និង៨១ភាគរយនៃការរញ្ជួយដីខ្លាំងបំផុត ក្នុងពិភលោក បានកើតឡើងក្នុងតំបន់នោះឯង។ ខ្ញុំបានដឹងថា មានអគារជាច្រើនក្នុងទីក្រុងហុងកុង ត្រូវបានគេសាងសង់ឡើង នៅលើគ្រឹះដែលធ្វើពីថ្មក្រានីត ដែលជួយកាត់បន្ថយការខូចខាតអគារ ជាអតិបរមា ក្នុងពេលមានគ្រោះរញ្ជួយដីម្តងៗ។ គ្រឹះរបស់អគារមានសារៈសំខាន់ណាស់ ជាពិសេស ក្នុងតំបន់ដែលសម្បូររញ្ជួញដី ក្នុងពិភពលោក។ ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមទ្រង់ថា គ្រឹះដ៏រឹងមាំ គឺសំខាន់ចំពោះជីវិតរបស់អគារណាស់។ គឺដូចដែលទ្រង់មានបន្ទូលថា “អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ”(ម៉ាថាយ ៧:២៤-២៥)។ មានតែព្រះយេស៊ូវទេ ដែលជាគ្រឹះដ៏រឹងមាំ ដែលជួយឲ្យយើងមានលំនឹងក្នុងចិត្ត និងក្នុងជីវិត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ កាលណាយើងអនុញ្ញាតឲ្យប្រាជ្ញារបស់ព្រះអម្ចាស់ ដឹកនាំយើង ក្នុងទំនាក់ទំនង ការសម្រេចចិត្ត និងការដាក់អាទិភាពរបស់យើង យើងរកបានគ្រឹះដែលគួរឲ្យទុកចិត្តបំផុត សម្រាប់ឲ្យយើងសង់ជីវិតយើងពីលើ។-Bill Crowder
Read article