ព្រះទ្រង់ទតឃើញអ្នក

 

នោះ​នាង​ក៏​ហៅ​ព្រះនាម​ព្រះយេហូវ៉ា ដែល​កំពុង​មាន​ព្រះបន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ»។  លោកុប្បត្តិ ១៦:១៣

ពេល​ព្រឹក​ព្រលឹម​អាច​ជា​ពេល​ដ៏​ឈឺចាប់ សម្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ ឈ្មោះ អាល់ម៉ា(Alma) ដែល​ជា​ស្រ្តី​មេម៉ាយ មាន​កូន​ពីរ​នាក់។ គាត់​ប្រាប់​ខ្ញុំ​ថា “ពេល​ដែល​អ្វី​ៗ​មាន​ភាព​ស្ងប់​ស្ងាត់ ការ​ព្រួយ​បារម្ភ​ក៏​បាន​លេច​ចេញ​មក។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការងារ​ផ្ទះ ខ្ញុំ​ក៏​បាន​គិត​អំពី​បញ្ហា​ហិរញ្ញ​វត្ថុ ហើយ​ព្រួយបារម្ភ​អំពី​សុខភាព និង​ការ​សិក្សា​របស់​កូន”។

កាល​ស្វាមី​របស់​អាល់ម៉ា​បោះ​បង់​គាត់​ចោល គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង។ គាត់​ថា “ខ្ញុំ​មាន​ការ​ពិបាក តែ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ទត​ឃើញ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ។ ព្រះ​អង្គ​ប្រទាន​កម្លាំង ឲ្យ​ខ្ញុំ​អាច​ធ្វើ​ការងារ​ពីរ​កន្លែង ដើម្បី​បំពេញ​តម្រូវ​ការ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​ខ្ញុំ ពិសោធន៍​នឹង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ”។

ហាការ​ជា​បាវ​ស្រី​សាសន៍​អេស៊ីព្ទ ដែល​បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​ដែល​ព្រះ​ទត​ឃើញ​នាង។ បន្ទាប់​ពី​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​លោក​អ័ប្រាហាំ នាង​ក៏​បាន​ចាប់​ផ្តើម​ស្អប់​ខ្ពើម​នាង​សារ៉ាយ(លោកុប្បត្តិ ១៦:៤) ជា​ហេតុ​នាំ​ឲ្យ​នាង​សារ៉ាយ ធ្វើ​បាប​នាង ទាល់​តែ​នាង​រត់​គេច​ខ្លួន​ទៅ​វាល​រហោស្ថាន។ ពេល​នោះ នាង​ហាការ​ស្ថិត​ក្នុង​ភាព​ឯកោ ដោយ​ប្រឈម​មុខ​ដាក់​ពេល​អនាគត ដែល​ហាក់​ដូច​ជា​ងងឹត និង​គ្មាន​សង្ឃឹម សម្រាប់​នាង និង​កូន​ក្នុង​ផ្ទៃ​នាង។

ប៉ុន្តែ “ទេវតា​នៃ​ព្រះយេហូវ៉ា”(ខ.៧) ក៏​បាន​មក​ជួប​នាង ហើយ​ប្រាប់​នាង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្តី​ទុក្ខ​លំបាក​របស់​ឯង”(ខ.១១)។ ទេវតា​របស់​ព្រះ​ក៏​បាន​ណែនាំ​នាង​ហាការ អំពី​ការអ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ក៏​បាន​ធានា​ដល់​នាង អំពី​ពេល​អនាគត​របស់​នាង។ តាម​រយៈ​នាង យើង​រៀន​បាន​ថា ព្រះ​ទ្រង់​មាន​ព្រះ​នាម​ថា យេហូវ៉ា អែល រ៉ូអ៊ី ដែល​មាន​ន័យ​ថា “ព្រះ​ទ្រង់​ទត​ឃើញ​ខ្ញុំ”(ខ.១៣)។

អ្នក​ប្រហែល​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក ដោយ​មាន​អារម្មណ៍​ឯកោ មិន​ដឹង​ថា ត្រូវ​ទៅ​តាម​ទិស​ដៅ​មួយ​ណា។ ប៉ុន្តែ សូម​ចាំ​ថា ព្រះ​ទ្រង់​ទត​ឃើញ​អ្នក ទោះ​អ្នក​ទៅ​ដល់​វាល​រហោស្ថាន​ក៏​ដោយ។ ចូរ​ឈោង​ទៅ​រក​ព្រះអង្គ ហើយ​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ដឹក​នាំ​អ្នក​ឆ្លង​កាត់​ពេល​ដ៏​ពិបាក​នោះ។—Karen Huang

តើ​ទស្សនៈ​របស់​អ្នក អំពី​កាលៈទេសៈ​ក្នុង​ពេល​បច្ចុប្បន្ន មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ណា ពេល​ដែល​បាន​ដឹង​ថា ព្រះ​អង្គ ជា​យេហូវ៉ា អែលរ៉ូអី មាន​ន័យ​ថា ព្រះ​ដែល​ទត​ឃើញ? តើ​អ្នក​អាច​ឆ្លើយ​តប​ចំពោះ​ព្រះ​អង្គ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ធានា​ថា ទូល​បង្គំ​នឹង​មិន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ តែ​ម្នាក់​ឯង​ឡើយ។ ទូល​បង្គំ​ដឹង​ថា ព្រះអង្គ​ទត​ឃើញ​ទូល​បង្គំ ហើយ​ព្រះអង្គ​តែង​តែ​គង់​នៅ​ក្បែរ​ទូល​បង្គំ​ជា​និច្ច។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៩-៣០ និង កិច្ចការ ២៣:១-១៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles