ក្លិនក្រអូបដែលធ្វើឲ្យនឹកចាំ

ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ។ ២កូរិនថូស ២:១៥

ខ្ញុំ​មិនមែន​ជា​អ្នកចូលចិត្ត​ញាំ​កាហ្វេ តែ​ពេលណា​ខ្ញុំ​បាន​ហិតក្លិន​គ្រាប់​កាហ្វេ​តែ​បន្តិច ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ធូរស្បើយ​ក្នុងចិត្ត ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏បាន​នឹកឃើញ​អនុស្សាវរីយ​ដ៏​ក្រៀមក្រំ​ផង​ដែរ។ កាល​កូនស្រី​វ័យ​ជំទង់​របស់ខ្ញុំ ឈ្មោះ​មែ​លី​សា(Melissa) កំពុង​រៀបចំ​បន្ទប់គេង​របស់​នាង តាម​ចំណង​ចំណូលចិត្ត​ នាង​បាន​យក​ចានគោម​មួយ​មក ដាក់គ្រាប់​កាហ្វេ​ចូល​ពេញ ដើម្បី​បង្ហើរ​ក្លិន​ឈ្ងុយ​របស់​វា​ក្នុង​បន្ទប់គេង​របស់​នាង។

ជីវិត​របស់​មែ​លី​សា​នៅ​លើ​ផែនដី បាន​បញ្ចប់​ជិត២ទសវត្សរ៍​ហើយ ដោយសារ​គ្រោះថ្នាក់​រថយន្ត ពេល​នាង​មាន​អាយុ១៧ឆ្នាំ តែ​យើង​នៅតែ​រក្សាទុក​ចានគោម​ដាក់​កាហ្វេ​នោះ នៅក្នុង​ផ្ទះ​យើង។ ក្លិន​របស់​វា​បាន​បន្ត​ធ្វើឲ្យ​យើង​នឹក​ចាំ អំពី​ពេល​ដែល​មែ​លី​សា​កំពុង​រស់នៅ​ជាមួយ​យើង។

ព្រះគម្ពីរ​បាន​ចែងថា ក្លិន​នាំឲ្យមាន​ការ​នឹក​ចាំ​។ កណ្ឌ​គម្ពីរ​បទចម្រៀង​សាឡូម៉ូន​បាន​ចែង​អំពី​ក្លិន ដែល​ជា​និមិត្តរូប​នៃ​សេចក្តី​ស្រឡាញ់ រវាង​បុរស និង​ស្ត្រី​មួយ​គូរ(មើល ១:៣ ៤:១១,១៦)។ ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ការ​អត់ទោស​របស់​ព្រះ សម្រាប់​ប្រជាជាតិ​អ៊ីស្រាអែល គឺ​ប្រៀប​បាន​នឹង ក្លិន​នៅ​ព្រៃ​ល្បា​ណូន(ហូសេ ១៤:៦)។ ហើយ​ការដែល​នាង​ម៉ារា​បាន​ចាក់​ប្រេង​ក្រអូប ពីលើ​ព្រះបាទ​ព្រះយេស៊ូវ​​ បាន​នាំឲ្យមាន​ក្លិនក្រអូប​សាយ​ភាព​ពេញផ្ទះ​របស់​នាង និង​បងប្អូន​នាង(យ៉ូហាន ១២:៣) ជា​ការ​ឆ្លុះ​បញ្ចាំង​ជាមុន អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​​(មើល ខ.៧)។

សេចក្តី​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​ក្លិន​ក៏​អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅក្នុង​ការ​រស់​នៅ ធ្វើជា​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បកស្រាយ​ថា “ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅក្នុង​ពួក​មនុស្ស​ដែល​កំពុងតែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុងតែ​វិនាស​ទៅ​ដែរ​”(២កូរិនថូស ២:១៥)។

គឺ​ដូច​ដែល​ក្លិន​ឈ្ងុយ​របស់​គ្រាប់​កាហ្វេ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មែ​លី​សា នោះ​ចូរ​យើង​រស់នៅ ដោយ​បញ្ចេញ​ក្លិន​ដ៏​ក្រអូប​នៃ​ព្រះយេស៊ូវ​​ និង​ការ​បង្រៀន​របស់​ព្រះអង្គ ដើម្បី​រំឭក​អ្នកដទៃ​ឲ្យ​ចាំ​ថា ពួក​គេ​ត្រូវការ​ព្រះអង្គ។—DAVE BRANON

តើ​អ្នក​អាច​ធ្វើជា “ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​” សម្រាប់​នរណា​ម្នាក់ នៅ​ថ្ងៃនេះ យ៉ាងដូច​ម្តេច​ខ្លះ? តើ​ការរស់នៅ​របស់​អ្នក បាន​បណ្តាល​ឲ្យ​អ្នកដទៃ​ស្គាល់​ព្រះ​វត្ត​មាន​នៃ​ព្រះអង្គ​សង្គ្រោះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​បញ្ចេញ​ក្លិន​ដ៏​ក្រអូប​របស់​ព្រះអង្គ​តាមរយៈ​ការរស់នៅ ដើម្បី​នាំឲ្យ​ដទៃ​ស្គាល់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : អេសាយ ៧-៨ និង អេភេសូរ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles