បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ

កុំ​ឲ្យ​ស្រវឹងស្រា​ដែល​នាំឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យបាន​ពេញជា​ព្រះវិញ្ញាណ​វិញ។ អេភេសូរ ៥:១៨

អ្នកនិពន្ធ​ឈ្មោះ ស្កុត មែកណៃ(Scot McKnight) បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់ អំពី “ការ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ” កាល​គាត់​រៀន​នៅ​វិទ្យាល័យ។ ពេល​គាត់​ចូលរួម​កម្មវិធី​បោះ​ជំរុំ គ្រូ​អធិប្បាយ​បាន​លើកទឹកចិត្ត​គាត់ ឲ្យ​បើក​ចិត្ត ទទួល​ព្រះគ្រីស្ទ​គ្រងរាជ្យ​​ក្នុង​ជីវិត​គាត់ ដោយ​ចុះចូល​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ។ ក្រោយមក គាត់​ក៏បាន​អង្គុយ​នៅ​ក្រោម​ដើមឈើ​មួយ ហើយក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​អត់ទោស​បាប​ឲ្យ​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ”។ គាត់​ថា ការ​អស្ចារ្យ​ក៏បាន​កើតឡើង។ ចាប់តាំងពី​ពេលនោះ​មក ជីវិត​គាត់​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង។ មិនបាន​ល្អឥតខ្ចោះ តែ​ខុសប្លែក​ពីមុន។ ភ្លាម​ៗ​នោះ គាត់​ក៏​មានចិត្តចង់​អាន​ព្រះគម្ពីរ អធិស្ឋាន និង​ជួប​អ្នកជឿ​ដទៃទៀត ហើយ​បម្រើ​ព្រះ។

មុន​ពេល ព្រះយេស៊ូវ​យាង​ឡើង​ស្ថានសួគ៌​វិញ បន្ទាប់ពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើងវិញ ព្រះអង្គ“ហាមមិនឲ្យ​គេ​ចេញពី​ក្រុង​យេរូសាឡិម​ឡើយ ដោយ​ព្រះបន្ទូល​ថា ត្រូវឲ្យ​នៅចាំ​សេចក្តី​សន្យា​នៃ​ព្រះវរបិតា ដែល​អ្នករាល់គ្នា​បានឮ​ខ្ញុំ​ថ្លែងប្រាប់​ហើយ”(កិច្ចការ ១:៤)។ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “កាលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​នឹង​បាន​ព្រះ​ចេស្តា ហើយនិង​ធ្វើជា​ទីបន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រមទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូតដល់​ចុង​ផែនដី​បំផុត​ផង”(ខ.៨)។ ព្រះ​ទ្រង់ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ឲ្យគង់​នៅក្នុង​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ​។ ការ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​កើតឡើង​ជាលើកដំបូង​នៅ​ថ្ងៃបុណ្យ​ទី៥០(មើល​កិច្ចការ ជំពូក២) ហើយ​សព្វថ្ងៃ​នេះ ព្រះវិញ្ញាណ​ចូល​គង់​អស់អ្នក​ណា ដែល​ទទួល​ជឿ​ព្រះគ្រីស្ទ។

ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​បន្ត​បំពេញ​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ​។ ដោយ​ជំនួយ​របស់​ព្រះវិញ្ញាណ យើង​ក៏​អាច​បង្កើត​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដោយ​ការ​ផ្លាស់​ប្តូរ​ចារិក​លក្ខណៈ និង​បំណង​ចិត្ត​របស់​យើង(កាឡាទី ៥:២២-២៣)។ ចូរ​យើង​សរសើរ​ដំកើង និង​អរព្រះគុណ​ព្រះ សម្រាប់​ការកម្សាន្ត​ចិត្ត​យើង ធ្វើ​ការ​ក្នុងចិត្ត​យើង ធ្វើការ​ជាមួយ​យើង និង​ស្រឡាញ់​យើង។—AMY BOUCHER PYE

តើ​អ្នក​អាច​ឃើញ​ការ​ផ្លាស់​ប្តូរ​អ្វីខ្លះ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បណ្តាល​ឲ្យ​មាន ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​ស្វាគមន៍​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាងដូច​ម្តេច​ខ្លះ ដើម្បីឲ្យ​ព្រះអង្គ​ធ្វើការ​កាន់តែ​ច្រើន ក្នុង​ជីវិត​អ្នក?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ ធ្វើជា​អំណោយ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ស្រឡាញ់​ព្រះអង្គ និង​អ្នកដទៃ កាន់តែ​ខ្លាំង​នៅ​ថ្ងៃនេះ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣១-៣២ និង កិច្ចការ ២៣:១៦-៣៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles