រឿងដែលព្រះទ្រង់សរសេរបញ្ចប់

សូមអាន : យ៉ូហាន ១៦:២៥-៣៣

នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ​។ យ៉ូហាន ១៦:៣៣

នៅ​លើ​ក្រប​របស់​ទស្សនាវដី្ត​ជីវិត​ដែល​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ១៩៦៨ គេ​ឃើញ​មាន​រូបថត​កុមារ​ស្គម​ស្គាំង​កំពុង​ស្រេក​ឃ្លាន​អាហារ នៅ​ប្រទេស​បាយអាហ្វ្រា(សព្វថ្ងៃ ជា​ប្រទេស​នីហ្សេរីយ៉ា ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល)។ មាន​ក្មេង​ប្រុស​ម្នាក់​បាន​ឃើញ​រូប​នៅ​លើ​ក្រប​ទស្សនាវដី្ត​នោះ ហើយ​ក៏​បាន​យក​វា​ទៅ​បង្ហាញ​គ្រូ​គង្វាល ហើយ​សួរ​គាត់​ថា “តើ​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នេះ​ទេ?” លោក​គ្រូ​គង្វាល​ក៏​បាន​ឆ្លើយ​ថា “លោក​គ្រូ​ដឹង​ថា ប្អូន​មិន​យល់​អំពី​រឿង​នេះ​ទេ តែ​ព្រះ​ទ្រង់​ពិតជា​បាន​ជ្រាប​អំពី​រឿង​នេះ”។ ក្មេង​ប្រុស​នោះ​ក៏បាន​ដើរ​ចេញ ដោយ​ប្រកាស​ថា គាត់​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ព្រះ​ដែល​មិន​បាន​ជួយ​ពួកគេ​ នៅ​ពេល​ដែល​ព្រះអង្គ​ជ្រាប​អំពី​បញ្ហា​របស់​ពួកគេ​នោះ​ទេ​។

សំណួរ​ដូច​នេះ មិន​គ្រាន់តែ​បាន​រំខាន​អារម្មណ៍​របស់​ក្មេងៗ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​យើង​ចង់​បាន​ចម្លើយ​ផង​ដែរ​។ ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ទទួល​ចម្លើយ អំពី​ការ​ដែល​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នោះ​យ៉ាង​អាថ៌កំបាំង តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់​ឲ្យ​គាត់​បានឮ​អំពី​រឿង​ដែល​គួរ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​ព្រះ​ទ្រង់​នៅ​បន្ត​សរសេរ សូម្បីតែ​នៅ​ក្នុង​តំបន់ ដូច​អតីត​ប្រទេស​បាយអាហ្វ្រា​ក៏ដោយ​។

ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​រឿង​នេះ ឲ្យ​សិស្ស​របស់​ព្រះអង្គ​បាន​យល់ គឺ​ដល់​ពួក​អ្នក​ដែល​បាន​សន្និដ្ឋាន​ថា ព្រះអង្គ​នឹង​ការពារ​ពួកគេ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ក្នុង​ការ​រស់នៅ​។ ផ្ទុយ​ទៅវិញ ព្រះគ្រីស្ទ​បាន​ប្រាប់​ពួក​គេ​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះយេស៊ូវ​បាន​សន្យា​ថា ការ​អាក្រក់​ទាំង​នោះ​មិន​មាន​ជា​រៀង​រហូត​នោះ​ទេ​។ តាម​ពិត ព្រះអង្គ​បាន​ឈ្នះ​លោកិយ​ហើយ(យ៉ូហាន ១៦:៣៣)។ ហើយ​នៅ​ក្នុង​ជំពូក​ចុង​ក្រោយ​របស់​រឿង​នៃ​ព្រះ​គម្ពីរ​ដែល​ព្រះអង្គ​បាន​និពន្ធ មាន​សេចក្តី​ចែង​ថា អំពើ​អយុត្តិធម៌​ទាំង​អស់​នឹង​ទទួល​ការ​ជំនុំជម្រះ ហើយ​ទុក្ខ​លំបាក​នីមួយៗ​ទទួល​ការ​ប្រោស​ឲ្យ​ជា​។

រឿង​ដែល​បាន​ចែង ចាប់​តាំងពី​កណ្ឌ​លោកុប្បត្ដិ រហូត​ដល់​កណ្ឌ​វិវរណៈ បាន​និយាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​បំផ្លាញ​សេចក្តី​អាក្រក់ ដោយ​ការ​ជំនុំ​ជម្រះ​ដ៏​យុត្តិ​ធម៌​។ រឿង​នេះ​បាន​នាំ​ឲ្យ​យើង​ស្គាល់​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ដែល​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង យ៉ាង​ពិត​ប្រាកដ​។ ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​ព្រះ​អង្គ​ថា “ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ”(ខ.៣៣)។ ចូរ​យើង​សម្រាក​ក្នុង​សេចក្តី​សុខ​សាន្ត ឬ​សន្តិភាព និង​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ នៅ​ថ្ងៃ​នេះ​។—Winn Collier

តើ​អ្នក​មាន​អារម្មណ៍​សោកសៅ​ប៉ុណ្ណា ពេល​ដែល​ស្តាប់​រឿង​កំសត់? តើ​អ្នក​បាន​រួច​ផុត​ពី​អារម្មណ៍​សោកសៅ​យ៉ាងណា​ខ្លះ ពេល​ដែល​ព្រះយេស៊ូវ​បាន​សន្យា​ថា នឹង​សរសេរ​បញ្ចប់​រឿង​របស់​អ្នក​ឲ្យ​បាន​ល្អ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​មាន​ការ​ពិបាក​ចិត្ត ពេល​ដែល​បាន​មើល​ឃើញ​ការ​អាក្រក់​ក្នុង​លោកិយ​នេះ​។ តែ​ទូល​បង្គំ​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ជំនុំជម្រះ​ការ​អាក្រក់​គ្រប់​យ៉ាង ដោយ​យុត្តិ​ធម៌​។

To learn more about the grand story of the Bible, visit ODBU.org/courses/HR110.

គម្រោងអានរយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១៣៥-១៣៦ និង ១កូរិនថូស ១២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles