ភាព​ជា​សហគមន៍​ក្នុង​ព្រះគ្រីស្ទ

កិច្ចការ ២:៣៨-៤៧

អ្នក​ទាំង​នោះ​ក៏​នៅតែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំ​បុ័ង និង​សេចក្តី​អធិស្ឋាន​ផង​។ កិច្ចការ ២:៤២

នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បាហាម៉ាស មាន​កោះ​តូច​មួយ ដែលគេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា “កោះ​រញ៉េរញ៉ៃ”។ កាលពី​សតវត្សរ៍ទី១៩ កោះ​នោះ​ជា​កន្លែង​ផលិត​អំបិល​ដ៏​សកម្ម តែ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ឧស្សាហ៍​កម្ម​នេះ មនុស្ស​ជា​ច្រើន​បាន​ផ្លាស់ទី​លំនៅ​ទៅ​កោះ​ជិត​ខាង​។ កាលពី​ឆ្នាំ២០១៦ មាន​មនុស្ស​តិច​ជាង៨០នាក់ កំពុង​រស់នៅ​ទីនោះ ដោយ​មាន​និកាយ៣ខុស​គ្នា តែ​ពួក​គេ​បាន​ជួប​ជុំ​គ្នា​ក្នុង​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ព្រះ និង​ប្រកប​គ្នា​រៀង​រាល់​សប្តាហ៍​។ ដោយសារ​នៅ​ទីនោះ​មិន​សូវ​មាន​មនុស្ស​រស់នៅ ការ​រស់នៅ​ជា​សហគមន៍​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ពួកគេ​។

ពួក​ជំនុំ​ដំបូង​ក៏​មាន​ចិត្ត​ចង់​រស់នៅ​ជា​សហគមន៍​ផង​ដែរ​។ ពួកគេ​មាន​ចិត្ត​ឆេះ​ឆួល ចំពោះ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​លោះ​ពួកគេ​ឲ្យ​រួច​ពី​បាប​។ តែ​ពួកគេ​ក៏បាន​ដឹង​ផង​ដែរ​ថា ពួកគេ​ត្រូវ​ការ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​។ ពួកគេ​មាន​ការ​ប្តូរ​ផ្តាច់ ចំពោះ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ការ​ប្រកប​គ្នា និង​ការ​ធ្វើ​ពិធី​លៀង​ព្រះអម្ចាស់(កិច្ចការ ២:៤២)។ ពួក​គេ​បាន​ជួប​ជុំ​គ្នា​ថ្វាយបង្គំ​ព្រះ​តាម​ផ្ទះ បរិភោគ​អាហារ​ជាមួយ​គ្នា និង​បំពេញ​តម្រូវការ​គ្នា​ទៅវិញ​ទៅមក​។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ពួក​ជំនុំ​ដំបូង​ថា “ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិតតែ១”(៤:៣២)។ ដោយសារ​ពួកគេ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ពួកគេ​ក៏បាន​សរសើរ​ដំកើង​ព្រះ​ឥត​ឈប់ឈរ ហើយ​ទូល​ថ្វាយ​ព្រះអង្គ អំពី​តម្រូវការ​របស់​ពួក​ជំនុំ​។

សហគមន៍​មាន​ភាព​ចាំបាច់​ចំពោះ​ការ​លូត​លាស់ និង​ការ​ទ្រទ្រង់​គ្នា​ទៅវិញ​ទៅមក​។ ចូរ​យើង​កុំ​ព្យាយាម​ធ្វើ​អ្វីៗ​តែ​ម្នាក់ឯង​។ ព្រះ​ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ការ​រស់នៅ​ជា​សហគមន៍ ខណៈ​ពេល​ដែល​អ្នក​ចែក​ចាយ​អំពី​ទុក្ខ​លំបាក និង​ក្តី​អំណរ​របស់​អ្នក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចូល​ទៅ​ជិត​ព្រះអង្គ​ទាំង​អស់​គ្នា​។—Anne Cetas

តើ​អ្នក​បាន​ប្ដេជ្ញា​ចិត្ត​ចំណាយ​ពេល​ជា​មួយ​អ្នកជឿ​ដទៃ​ទៀត យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​នឹង​ជួប​ជុំ​ជាមួយ​ពួកគេ នៅ​ទីណា និង​កន្លែងណា?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​ត្រូវ​ការ​ព្រះអង្គ និង​រាស្រ្ត​ព្រះអង្គ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រស់នៅ ឲ្យ​បាន​ពេញលេញ​បំផុត​ថ្វាយ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  អេម៉ុស ៤-៦ និង ​វិវរណៈ៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles