បន្សល់​ទុក​កេរ​ដំណែល​ដ៏​ស្ថិត​ស្ថេរ

សា​ស្តា ៥:៨-១៥

មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់១មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន​។ សា​ស្តា ៥:១៣

កាល​ខ្យល់​ព្យុះ​ដីខ្សាច់ Dust Bowl បាន​បង្ក​វិនាសកម្ម ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ក្នុង​អំឡុង​សម័យ​មហា​វិបត្តិ​សេដ្ឋកិច្ច លោក​ចន មីលបឺន ដេវីស(John Millburn Davis) ជា​អ្នក​ក្រុង​ហៃវ៉ាថា រដ្ឋ​ខេនសាស់ បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ខ្លួនឯង​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​។ ក្នុង​នាម​គាត់​ជា​មហា​សេដ្ឋី​ដែល​គ្មាន​កូន​សម្រាប់​ស្នង​មរតក លោក​ដេវីស​គួរតែ​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​គាត់​ទៅ​កាន់​អង្គការ​មនុស្ស​ធម៌ ឬ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ខ្ជះខ្ជាយ​ប្រាក់​ជា​ច្រើន ក្នុង​ការសាងសង់​រូប​ចម្លាក់​របស់​គាត់ និង​ភរិយា​របស់​គាត់​ដែល​បាន​លាចាក​លោក ដាក់​តាំងនៅ​ក្នុង​វិមាន​បញ្ចុះសព​ក្នុង​តំបន់​ដែល​គាត់​រស់នៅ​ទៅវិញ​។

លោក​ដេវីស​ក៏បាន​ប្រាប់ អ្នក​ស្រីអឺនី ផាល(Ernie Pyle) ដែល​ជា​អ្នក​កាសែត​ថា ប្រជាជន​នៅ​រដ្ឋ​ខេនសាស់​ស្អប់​គាត់​។ ប្រជាជន​ក្នុង​តំបន់​ចង់​ឲ្យ​គាត់​ធ្វើ​ការ​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​សាធារណៈ ដែល​មាន​ដូច​ជា​មន្ទីរ​ពេទ្យ កន្លែង​ហែល​ទឹក ឬ​សួន​ច្បារ​ជាដើម​។ តែ​គាត់​គ្រាន់តែ​និយាយ​ប្រាប់​ពួក​គេ​ថា “វា​ជា​លុយ​របស់​ខ្ញុំ ខ្ញុំ​ចង់​យក​វា​ទៅ​ធ្វើ​អ្វី​ ស្រេច​តែ​ខ្ញុំ”។

ស្តេច​សាឡូម៉ូន ជា​បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត ក្នុង​សម័យ​ទ្រង់​។ ទ្រង់​បាន​បង្រៀន​ថា “អ្នកណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ …កាលណា​របស់​ទ្រព្យ​បាន​ចំរើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ”(សា​ស្តា ៥:១០-១១)។ ត្រង់​ចំណុច​នេះ ស្តេច​សាឡូម៉ូន​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់ អំពី​ភាព​ពុកផុយ​នៃ​ទ្រព្យ​សម្បត្តិ​។

សាវ័ក​ប៉ុល​ក៏បាន​យល់​អំពី​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្តិ ហើយ​បាន​សម្រេច​ចិត្ត​លះបង់​ជីវិត​គាត់ នៅ​ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះយេស៊ូវ​។ កាល​គាត់​កំពុង​រង់​ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត ក្នុង​គុក​មួយ​នៅ​ទីក្រុង​រ៉ូម គាត់​បាន​សរសេរ​អំពី​ជ័យ​ជម្នះ​ខាង​វិញ្ញាណ​យ៉ាង​ដូច​នេះ​ថា “ដ្បិត​ខ្ញុំ​កំពុងតែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏បាន​មកដល់​ហើយ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ … ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ”(២ធីម៉ូថេ ៤:៦-៧)។

របស់​អ្វី​ដែល​ស្ថិត​ស្ថេរ​មិនមែន​ជា​ថ្ម​ដែល​យើង​ឆ្លាក់​សម្រាប់​ខ្លួនឯង ឬ​ទ្រព្យ​សម្បត្តិ​ដែល​យើង​ប្រមូល​ទុក​សម្រាប់​ខ្លួន​យើង​នោះ​ទេ​។ វា​ជា​អ្វី​ដែល​យើង​បាន​ចែករំលែក ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​គ្នា​ទៅវិញ​ទៅមក និង​ចំពោះ​ព្រះអង្គ ជា​ព្រះ​ដែល​បាន​បង្រៀន​យើង​អំពី​របៀប​ស្រឡាញ់​។—Tim Gustafson

តើ​អ្នក​ដទៃ​នឹង​នឹក​ចាំ​អំពី​អ្នក ដោយសារ​កត្តា​អ្វី​ខ្លះ? តើ​អ្នក​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ ខណៈ​ពេល​ដែល​អ្នក​ពិចារណា​អំពី​កេរ​ដំណែល​ដ៏​អស់​កល្ប​ជានិច្ច?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចាក់​បង្ហូរ​ជីវិត​ទូល​បង្គំ​ចេញ តាម​មធ្យោបាយ​ដ៏​តូច​មួយ នៅ​ថ្ងៃ​នេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៦-២៧ និង ម៉ាកុស ១៤:២៧-៥៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles