ជួយ​អ្នក​ដទៃ ដោយ​ជំនួយ​មកពី​ព្រះអង្គ

អេសាយ ៥៨:៦-១២

ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត​។ អេសាយ ៥៨:១០

លោក​អូល ខាសូ(Ole Kassow) ជា​អ្នក​ក្រុង​ខូផិនហេហ្គិន ចូល​ចិត្ត​ជិះកង់​ណាស់​។ នៅពេល​ព្រឹក​មួយ គាត់​បាន​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​អង្គុយ​កាន់​ឈើច្រត់ ក្នុង​សួន​ច្បារ​តែ​ម្នាក់ឯង​។ ពេល​នោះ លោក​អូល​ក៏បាន​នឹក​ឃើញ​គំនិត​ដ៏​សាមញ្ញ​មួយ ដោយ​ចង់​ផ្តល់​ឲ្យ​មនុស្ស​ចាស់​នូវ​ក្តី​អំណរ និង​សេរី​ភាព នៅ​ក្នុង​ការ​ជិះកង់​។ ដូច​នេះ នៅ​ថ្ងៃ​ដែល​មាន​មេឃ​ស្រឡះ​ល្អ គាត់​ក៏បាន​ធាក់​ស៊ី​ក្លូ​មក​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា ហើយក៏​បាន​ឲ្យ​មនុស្ស​ចាស់​ដែល​ស្នាក់​នៅ​ទីនោះ ជិះ​ស៊ី​ក្លូ​គាត់​ដោយ​ឥត​គិត​ថ្លៃ​។ គាត់​មាន​ការ​សប្បាយ​ចិត្ត​ណាស់ នៅពេល​ដែល​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទីនោះ និង​មនុស្ស​ចាស់​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ដំណើរ​ដំបូង ដែល​បាន​ជិះ​ស៊ី​ក្លូ​គាត់ ក្នុង​កម្ម​វិធី​ជិះ​ស៊ី​ក្លូ​ដោយ​មិន​ប្រកាន់​អាយុ​។

សព្វថ្ងៃ​នេះ អស់​រយៈ​ពេល​ជាង២០ឆ្នាំ​ហើយ ដែល​ក្តី​ស្រមៃ​របស់​លោក​អូល បាន​ក្លាយ​ជា​ការ​ពិត នៅ​ក្នុង​ការ​ជួយ​មនុស្ស​ចាស់​ឲ្យ​បាន​ជិះ​ស៊ី​ក្លូ​កម្សាន្ត ដោយ​កម្មវិធី​របស់​គាត់​បាន​ក្លាយ​ជា​ព្រះពរ​ដល់​មនុស្ស​ចាស់​ប្រហែល ៥៧៥០០០នាក់ ដែល​បាន​ជិះ​ស៊ី​ក្លូ​ចំនួន២.៥លាន​ជើង​។ តើ​ពួក​គេ​ជិះ​ស៊ី​ក្លូ​ទៅ​កន្លែងណា​ខ្លះ? គឺ​ទៅ​ជួប​មិត្ត​ភក្តិ ទៅ​ញាំ​ការ៉េម និង​ជិះ​លំហែកាយ​តាម​ផ្លូវ​ដែល​មាន​ខ្យល់បក់​លំហើយ​។ អ្នក​ដំណើរ​របស់​គាត់​បាន​និយាយ​ថា ពួកគេ​បាន​គេង​លក់​ស្រួល​ជាង​មុន ញាំ​អាហារ​បាន​ឆ្ងាញ់​ជាង​មុន ហើយក៏​មាន​អារម្មណ៍​មិន​សូវ​ឯកោ​ដូច​មុន​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ព្រះបន្ទូល​ដ៏​មានន័យ​របស់​ព្រះអម្ចាស់ ទៅ​កាន់​រាស្រ្ត​ព្រះអង្គ ក្នុង​បទ​គម្ពីរ អេសាយ ៥៨:១០-១១ ដែល​បាន​ចែងថា “បើ​ឯង​ផ្តល់​សេចក្តី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្តី​ងងឹត​របស់​ឯង​នឹង​បាន​ភ្លឺ ដូចជា​វេលា​ថ្ងៃ​ត្រង់ ព្រះយេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​នឹង​ចំអែត​ព្រលឹង​ឯង​នៅ​ក្នុង​ទីហួត​ហែង ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំមួន ឯង​នឹង​បាន​ដូច​ជា​សួន​ច្បារ​ដែលគេ​ស្រោច​ទឹក ហើយ​ដូចជា​ក្បាល​ទឹក​ដែល​មិនខាន​ហូរ​ឡើយ”។

ព្រះ​ទ្រង់​ប្រាប់​រាស្រ្ត​ព្រះ​អង្គ​ថា “ពួក​អ្នក​ដែល​នឹង​កើត​ពី​ឯង​មក គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច​បង់​ឡើងជា​ថ្មី”(ខ.១២)។ តើ​ព្រះអង្គ​អាច​ធ្វើ​អ្វី​ខ្លះ​តាមរយៈ​យើង? ព្រះ​អង្គ​អាច​ជួយ​យើង​ឲ្យ​មាន​លទ្ធ​ភាព​ជួយ​អ្នក​ដទៃ ដូច​នេះ ចូរ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជួយ​អ្នក​ដទៃ​។—Patricia Raybon

ក្នុង​តំបន់​ដែល​អ្នក​រស់នៅ តើមាន​នរណា​ខ្លះ​ត្រូវ​ការ​ជំនួយ? តើ​អ្នក​អាច​ផ្តល់​ជំនួយ​ដ៏​សាមញ្ញ​អ្វី​ខ្លះ ដល់​ពួកគេ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ​នូវ​របៀប​ដ៏​សាមញ្ញ ដែល​ទូល​បង្គំ​អាច​ជួយ​អ្នក​ដទៃ ដើម្បី​ឲ្យ​ពួក​គេ​អាច​រក​ឃើញ​ជីវិត ក្នុង​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៧-៩ និង លូកា ១:២១-៣៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles