ទឹក និងជីវិត
ពេលដែលលោកដេវ មូលល័រ(Dave Mueller) បានឈោងចាប់មូលបើកក្បាលរ៉ូប៊ីណេ ទឹកក៏បានចេញពីក្បាលរ៉ូប៊ីណេ ចូលទៅក្នុងធុងទឹកពណ៌ខៀវមួយ។ មនុស្សម្នាដែលឈរនៅជុំវិញគាត់ក៏បានទះដៃឡើង។ ពួកគេបានទះដៃអបអរ ដោយសារពួកគេបានឃើញទឹកស្អាត ហូរចូលទៅក្នុងសហគមន៍របស់ពួកគេ ជាលើកដំបូង។ ប្រភពទឹកស្អាតនេះបានឈានទៅរកការផ្លាស់ប្តូរការរស់នៅ របស់ប្រជាជនមួយក្រុមនេះ ក្នុងប្រទេសកេនយ៉ា។ លោកដេវ និងប្រពន្ធគាត់ឈ្មោះជយ(Joy) បានខិតខំបំពេញសេចក្តីត្រូវការរបស់ប្រជាជនទាំងនោះ ដោយជួយឲ្យពួកគេមានទឹកស្អាតប្រើប្រាស់។ តែពួកគេមិនគ្រាន់តែផ្តល់ឲ្យនូវទឹកប្រើប្រាស់ប៉ុណ្ណោះទេ។ ខណៈពេលដែលពួកគេកំពុងជួយប្រជាជនឲ្យមានទឹកស្អាតប្រើប្រាស់ ពួកគេក៏បានយកឱកាសពេលនោះ ដើម្បីផ្សាយដំណឹងល្អនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដល់ពួកគេ។ ជាងពីរពាន់ឆ្នាំមុន គេឃើញបុរសម្នាក់ឈ្មោះយេស៊ូវឈរនៅក្បែរអណ្តូងទឹករបស់សាសន៍សាំម៉ារី ហើយក៏បានជជែកជាមួយស្រ្តីម្នាក់ ដែលបានមកដងទឹកស្អាតនៅទីនោះ សម្រាប់សុខភាពខាងរូបកាយរបស់ខ្លួន។ តែព្រះយេស៊ូវបានប្រាប់នាងថា នាងមិនគ្រាន់តែត្រូវការទឹកស្អាតខាងសាច់ឈាមប៉ុណ្ណោះទេ តែនាងក៏ត្រូវការទឹកដ៏រស់ សម្រាប់សុខភាពខាងវិញ្ញាណរបស់នាងផងដែរ។ ប្រវត្តិសាស្រ្តនៅតែបន្តទៅមុខឥតឈប់ ហើយមនុស្សជាតិបានរកឃើញបច្ចេកវិទ្យាកាន់តែជឿនលឿន តែជីវិតទាំងឡាយ នៅតែជៀសមិនផុតពីសេចក្តីពិត ដែលថា : យើងនឹងស្លាប់ បើសិនជាគ្មានទឹកស្អាតប្រើប្រាស់ទេនោះ។ ជាងនេះទៅទៀត បើគ្មានព្រះយេស៊ូវ ដែលជាប្រភពនៃទឹកដ៏រស់ទេ យើងនឹងស្លាប់នៅក្នុងអំពើបាបរបស់យើងមិនខាន។ ទឹកមានសារៈសំខាន់ចំពោះជីវិតយើង គឺទឹកខាងសាច់ឈាម និងទឹកខាងវិញ្ញាណ ដែលជាអង្គព្រះយេស៊ូវ។ តើអ្នកបានភ្លក់រស់ជាតិទឹកដ៏រស់ ដែលព្រះយេស៊ូវ ដ៏ជាព្រះសង្រ្គោះ បានប្រទានហើយឬនៅ?-Dave Branon
Read article