អំណរនៅក្នុងព្រះវត្តមានទ្រង់
ក្នុងគោលជំនឿរបស់ពួកជំនុំវែសមីនស្ទ័រ គេជឿថា “គោលបំណងធំបំផុតដែលព្រះបានបង្កើតមនុស្សមក គឺដើម្បីថ្វាយសិរីរុងរឿងដល់ទ្រង់ ហើយមានអំណរជាមួយទ្រង់ជារៀងរហូត”។ ក្នុងព្រះគម្ពីរបរិសុទ្ធ មានបទគម្ពីរជាច្រើនបានលើកទឹកចិត្ត ឲ្យយើងមានភាពកតញ្ញូពេញដោយសេចក្តីអំណរ និងសេចក្តីស្រឡាញ់ពេញចិត្ត ចំពោះព្រះដ៏មានព្រះជន្មរស់នៅ។ ពេលយើងគោរពប្រតិបត្តិដល់ព្រះ នោះយើងក៏កំពុងសរសើរដំកើងទ្រង់ថា ទ្រង់ជាប្រភពដែលបង្ហូរចេញនូវសេចក្តីល្អសប្បុរសគ្រប់យ៉ាង។ ពេលដែលយើងសរសើរព្រះចេញពីចិត្តរបស់យើង នោះយើងនឹងបានដឹងច្បាស់ថា ខ្លួនឯងមានសេចក្តីអំណរជាទីបំផុត គឺត្រូវតាមគោលបំណងដែលទ្រង់បានបង្កើតយើងមក។ ដែលថ្ងៃរៀបលិចដ៏ស្រស់ស្អាត ឬទេសភាពវាលស្មៅដ៏សុខសាន្ត បានបង្ហាញអំពីព្រះតេជានុភាពរបស់ព្រះអាទិករ ជាយ៉ាងណា នោះការថ្វាយបង្គំក៏បាននាំយើង ឲ្យប្រកបស្និទ្ធស្នាលខាងឯវិញ្ញាណជាមួយទ្រង់យ៉ាងដូច្នោះដែរ។ បទគម្ពីរទំនុកដំកើងបានពោលថា “ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង . . . ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់” (ទំនុកដំកើង ១៤៥:៣,១៨)។ ព្រះទ្រង់មិនត្រូវការការសរសើររបស់យើងទេ ប៉ុន្តែ យើងវិញទេដែលចាំបាច់ត្រូវសរសើរដំកើងទ្រង់។ ពេលយើងអរសប្បាយនៅក្នុងព្រះវត្តមានទ្រង់ នោះយើងនឹងបានឆ្អែតដោយសេចក្តីអំណរ ចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់ដែលឥតព្រំដែន ព្រមទាំងបានអរសប្បាយចំពោះព្រះអង្គ ដែលបានយាងមកដើម្បីជួយសង្រ្គោះ និងស្អាងយើងឡើង។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងក៏បានថ្លែងផងដែរថា “ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំទ្រង់មានសេចក្ដីអរសប្បាយជាដរាបតទៅ”(១៦:១១)។-DENNIS FISHER
Read article