បានលាងស្អាតហើយ

ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ១កូរិនថូស ៦:១១

មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ប៊ីល (Bill) បាន​រៀប​រាប់​ថា លោក​ជ័ររ៉ាដ(Gerard) ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់ បាន​ចេញ​ឆ្ងាយ​ពី​ព្រះ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ថ្ងៃ​មួយ លោក​ប៊ីល​បាន​ជួប​លោក​ជ័ររ៉ាដ ហើយ​ពន្យល់​ប្រាប់​គាត់ អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​បើក​ផ្លូវ​ឲ្យ​យើង​ទទួល​សេចក្តី​សង្រ្គោះ។ លោក​ជ័ររ៉ាដ​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ។ គាត់​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប ទាំង​ទឹក​ភ្នែក ហើយ​ក៏​បាន​ថ្វាយ​ជីវិត​គាត់​ដល់​ព្រះ​គ្រីស្ទ។ ក្រោយ​មក លោក​ប៊ីល​ក៏​បាន​សួរ​លោក​ជ័ររ៉ាដ អំពី​អារម្មណ៍​របស់​ខ្លួន។ លោក​ជ័ររ៉ាដ​គ្រាន់​តែ​បាន​ឆ្លើយ​ទាំង​ទឹក​ភ្នែក​ថា គាត់​មាន​អារម្មណ៍​ថា “បាន​ជ្រះ​ស្អាត” ហើយ។

នេះ​ជា​ការ​ឆ្លើយ​តប ដ៏​ប្រសើរ​ណាស់! នេះ​ជា​អត្ថន័យ​នៃ​សេចក្តី​សង្រ្គោះ ដែល​ព្រះ​ទ្រង់​បាន​បើក​ទ្វារ​ឲ្យ​យើង​ចូល​មក​ទទួល ដោយ​ជំនឿ​លើ​ព្រះ​យេស៊ូវ និង​ការ​លះបង់​របស់​ព្រះ​អង្គ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា។ ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​៦ បន្ទាប់​ពី​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ការ​មិន​ស្តាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​ដាច់​ចេញ​ពី​ព្រះ​អង្គ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា”(ខ.១១)។ ពាក្យ “ការ​លាង​ស្អាត” “ការ​ញែក​ជា​បរិសុទ្ធ” ហើយ “ការ​រាប់​ជា​បរិសុទ្ធ” ជា​ពាក្យ​ដែល​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​ថ្មី​របស់​អ្នក​ជឿ ដែល​បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​ជា​នឹង​ព្រះ​វិញ។

បទ​គម្ពីរ​ទីតុស ៣:៤-៥ បាន​ចែង​អំពី​សេចក្តី​សេចក្តី​សង្រ្គោះ ដែល​ជា​សេចក្តី​ដ៏​អស្ចារ្យ។ “ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង …ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​វិញ ដោយសារ​ការ​សំអាត​នៃ​សេចក្តី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ”។ អំពើ​បាប​យើង​ជា​រនាំង​រារាំង​យើង​មិន​ឲ្យ​ចូល​មក​រក​ព្រះ តែ​ដោយសារ​សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​បាន​រួច​ពី​ទោស​នៃ​អំពើ​បាប​របស់​យើង​។ យើង​ក្លាយ​ជា​ស្នា​ព្រះ​ហស្ត​ថ្មី​(២កូរិនថូស ៥:១៧) មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​(អេភេសូរ ២:១៨) ហើយ​ក៏​បាន​ជ្រះ​ស្អាត​(១យ៉ូហាន ១:៧)។ មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​ប្រទាន​ការ​លាង​សម្អាត នេះ​បាន។​—Dave Branon

ហេតុ​អ្វី​អ្នក​ចាំ​បាច់​ត្រូវ​ទទួល​ការ​លាង​ជម្រះ និង​រាប់​ជា​សុចរិត ពី​ព្រះ​យេស៊ូវ? តើ​ការ​ទទួល​ជឿ​ព្រះ​អង្គ មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​ដឹង​ថា ទូល​បង្គំ​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ​អង្គ។ ហើយ​ទូល​បង្គំ​ដឹង​ថា ទោស​នៃ​អំពើ​បាប​របស់​ទូល​បង្គំ គឺ​ជា​ការ​ដាច់​ចេញ​ពី​ព្រះ​អង្គ។ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​សេចក្តី​សង្រ្គោះ ដែល​ព្រះ​អង្គ​បើក​ផ្លូវ​ឲ្យ​ទូល​បង្គំ​អាច​ទទួល និង​សម្រាប់​ការ​នាំ​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ​អង្គ​ជា​រៀង​រហូត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ២៣-២៤ និង ម៉ាថាយ ៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles