ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា “ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្តីល្អមិនបានឡើយ”។ ទំនុកដំកើង១៦:២
មុនពេលអ្នកស្រីជែន(Jan) ចេញទៅចែកចាយក្នុងក្រុម ស្វាមីគាត់តែងតែលើកទឹកចិត្តគាត់ដោយក្តីស្រឡាញ់ ឲ្យក្រពាត់ដៃទៅក្រោយ។ ពេលដែលគាត់ចែកចាយ អំពីរឿងដែលសំខាន់ ឬព្យាយាមគ្រប់គ្រងអារម្មណ៍ គាត់ក៏បានប្រើឥរិយាបថនេះ ព្រោះវាបានជួយឲ្យគាត់បើកចិត្ត ទទួលការបង្រៀន និងស្តាប់យោបល់អ្នកដទៃ។ គាត់បានប្រើឥរិយាបថនេះ ដើម្បីរំឭកខ្លួនគាត់ ឲ្យស្រឡាញ់មនុស្សនៅមុខគាត់ និងបន្ទាបខ្លួន ព្រមទាំងបើកចិត្តឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំ។
ការយល់ដឹងរបស់អ្នកស្រីជែន អំពីការបន្ទាបខ្លួន បានចាក់ឫសនៅក្នុងការសង្កេតរបស់ស្តេចដាវីឌ ដែលបានទទួលស្គាល់ថា សេចក្តីល្អទាំងអស់សុទ្ធតែមកពីព្រះ។ គឺដូចដែលស្តេចដាវីឌបានទូលដល់ព្រះថា “ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្តីល្អមិនបានឡើយ”(ទំនុកដំកើង ១៦:២)។ ទ្រង់បានរៀនទុកចិត្តព្រះ ហើយស្វែងរកយោបល់របស់ព្រះអង្គ បានជាទ្រង់អធិស្ឋានថា “ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ”(ខ.៧)។ ទ្រង់ជ្រាបថា ដោយសារព្រះគង់នៅក្បែរទ្រង់ នោះទ្រង់នឹងមិនរង្គោះរង្គើឡើយ(ខ.៨)។
ទ្រង់មិនចាំបាច់ត្រូវអួតបំប៉ោងនោះឡើយ ព្រោះទ្រង់បានទុកចិត្តព្រះដ៏មានចេស្តា ដែលស្រឡាញ់ទ្រង់។
ខណៈពេលដែលយើងមើលទៅព្រះ រៀងរាល់ថ្ងៃ ដោយទូលសូមទ្រង់ឲ្យជួយយើង ពេលណាយើងមានអារម្មណ៍នឿយណាយ ឬប្រទានយើងនូវពាក្យសម្តីសម្រាប់និយាយ ពេលណាយើងពិបាកនិយាយ នោះយើងនឹងបានឃើញព្រះអង្គធ្វើការក្នុងជីវិតយើង។ យើងនឹងបានធ្វើជាដៃគូរបស់ព្រះ ហើយយើងនឹងបានដឹងថា បើយើងធ្វើបានល្អ នោះគឺដោយសារព្រះទ្រង់បានជួយយើងឲ្យរីកចម្រើន។
យើងអាចមើលទៅអ្នកដទៃដោយក្តីស្រឡាញ់ នៅសង្គមលោកខាងលិច ការក្រពាត់ដៃទៅក្រោយ ជាឥរិយាបថនៃការបន្ទាបខ្លួន ដែលបានរំឭកយើងថា អ្វីៗដែលយើងមានសុទ្ធតែមកពីព្រះទាំងអស់។—Amy Boucher Pye
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលដែលអ្នកមានឥរិយាបថបន្ទាបខ្លួន នៅពីមុខនរណាម្នាក់? តើអ្នកអាចពឹងផ្អែកលើព្រះយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យទ្រង់ជួយអ្នកធ្វើកិច្ចការនៅចំពោះមុខ នៅថ្ងៃនេះ?
ឱព្រះអាទិករ ព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោក តែព្រះអង្គបានស្រឡាញ់ទូលបង្គំ ហើយចង់ប្រើទូលបង្គំ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យពឹងផ្អែកលើជំនួយ និងកម្លាំងមកពីព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ២៩-៣០ និង ម៉ាថាយ ២១:២៣-៤៦