ទាញយើង ទៅកាន់កន្លែងសុវត្ថិភាព

ទ្រង់​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូលបង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ។ ២សំាយ៉ូអែល ២២:១៧

ក្មេង​ស្រី​តូច​ម្នាក់​បាន​លុយ​ទឹក​អូរ ដែល​មាន​ជម្រៅ​រាក់ ខណៈ​ពេល​ដែល​ឪពុក​នាង​កំពុង​មើល​នាង។ នាង​បាន​ពាក់​ស្បែក​ជើង​ជ័រ ដែល​មាន​ក​វែង​ដល់​ក្បាល​ជង្គង់​។ ពេល​ដែល​នាង​ដើរ​យឺត​ៗ​តាម​បណ្តោយ​ខ្សែ​ទឹក ទឹក​ក៏​កាន់​តែ​ជ្រៅ​ទៅ​ៗ ទាល់​តែ​វា​ហូរ​ចូល​ស្បែក​ជើង​ក​វែង​របស់​នាង។ នាង​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​ទៀត បាន​ជា​នាង​ស្រែក​ថា “ប៉ា ខ្ញុំ​ជាប់​ជើង​ហើយ!” ឪពុក​នាង​ក៏​បាន​ដើរ​មក​រក​នាង​តែ​បី​ជំហាន ទៅ​ដល់​នាង ហើយ​ក៏​បាន​លើក​នាង​ឡើង​ពី​ទឹក ដាក់​នៅ​លើ​ច្រាំង​ដែល​មាន​ស្មៅ​ដុះ​ច្រើន។ នាង​ក៏​បាន​ដោះ​ស្បែក​ជើង​ចេញ ហើយ​ក៏​បាន​អស់​សំណើច ពេល​នាង​ឃើញ​ទឹក​ហូរ​ចេញពី​ស្បែក​ជើង ធ្លាក់​ទៅ​លើ​ដី។

កាល​ព្រះ​ទ្រង់​សង្រ្គោះ​ស្តេច​ដាវីឌ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ស្តេច​អង្គ​នេះ​ក៏​បាន​ឆ្លៀត​ពេល​អង្គុយ​ចុះ ដោយ​ដោះ​ស្បែក​ជើង​របស់​ទ្រង់​ចេញ ហើយ​អនុញ្ញាត​ឲ្យ​ភាព​ធូរ​ស្បើយ​ជ្រួត​ជ្រាប​វិញ្ញាណ​ទ្រង់។ ទ្រង់​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ ដើម្បី​បង្ហាញ​អារម្មណ៍​ដែល​ទ្រង់​មាន​នៅ​ពេល​នោះ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ទូល​បង្គំ​នឹង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំងសត្រូវ​ហើយ”(២សាំយ៉ូអែល ២២:៤)។  ទ្រង់​បាន​សរសើរ​ដំកើង​ព្រះ​ថា ព្រះ​អង្គ​ជា​ថ្ម​ដា ជា​បន្ទាយ ជា​ខែល និង​ជា​ប៉ម​យ៉ាង​ខ្ពស់(ខ.២-៣) ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​ពិពណ៌នា​ជា​លក្ខណៈ​បទ​កំណាព្យ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ​ថា ផែន​ដី​ញ័រ​រញ្ជួយ។ ព្រះ​ទ្រង់​យាង​ចុះ​ពី​ស្ថាន​សួគ៌​មក។ រន្ទះ​បាន​បាញ់​ចេញពី​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះអង្គ​បញ្ចេញ​ផ្គរ​លាន់ និង​សូរ​សៀង​ព្រះ​អង្គ  ព្រះអង្គ​បាន​ស្រង់​ស្តេចដាវីឌ​ចេញ​ពីទឹក​ជ្រៅ​(ខ.៨,១០,១៣-១៥,១៧)។

ប្រហែល​សព្វ​ថ្ងៃ​នេះ អ្នក​មាន​អារម្មណ៍​ថា ជីវិត​អ្នក​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ការ​ប្រឆាំង។ អ្នក​ប្រហែល​ជា​ជាប់​ក្នុង​អំពើ​បាប ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​រីក​ចម្រើន​ខាង​វិញ្ញាណ។ ចូរ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ជួយ​អ្នក​កាល​ពី​មុន ហើយ​បន្ទាប់​មក ចូរ​សរសើរ​ព្រះ​អង្គ ហើយ​ទូល​សូម​ព្រះ​អង្គ​ឲ្យ​ជួយ​អ្នក​សារ​ជា​ថ្មី​ទៀត។ ចូរ​អរ​ព្រះ​គុណ​ព្រះ​អង្គ ជាពិសេស សម្រាប់​ការ​ជួយ​សង្រ្គោះ​អ្នក ដោយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះ​អង្គ​(កូល៉ុស ១:១៣)។—Jennifer Benson Schuldt

ហេតុអ្វី​អ្នក​ងាយ​នឹង​មើល​រំលង ឬ​ភ្លេច​ការ​ល្អ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ សម្រាប់​អ្នក កាល​អ្នក​កំពុង​ជួប​បញ្ហា? តើ​ការ​សរសើរ​ដំកើង​ព្រះ បាន​ជួយ​ឲ្យ​អ្នក​មាន​ជំនឿ​កាន់​តែ​ខ្លាំង ក្នុង​ព្រះ​អង្គ ដោយ​របៀប​ណា?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​ជួយ​ទូល​បង្គំ​ជា​ច្រើន​លើក​ច្រើន​សារ។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ  ឲ្យ​នឹក​ចាំ​ថា ទូលបង្គំ​អាច​ប្រឈម​មុខ​ដាក់​សង្រ្គាម​គ្រប់​បែប​យ៉ាង ដោយ​មាន​ព្រះអង្គ​គង់​នៅ​ជា​មួយ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សំាយ៉ូអែល ២១-២២ និង លូកា ១៨:២៤-៤៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles