ព្រះអង្គមិនដែលឲ្យយើងឯកោ

ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។ ម៉ាថាយ ២៨:២០

អ៊ំស្រី​របស់​ខ្ញុំ​បាន​គេង​នៅ​លើ​គ្រែ​សម្រាក​ព្យាបាល​ជំងឺ ដោយ​ទឹក​មុខ​ញញឹម។ សក់​ស្កូវ​របស់​គាត់​បាន​វែក​ចេញ​ពី​ផ្ទៃ​មុខ​គាត់ ហើយ​ស្នាម​ជ្រួញ​បាន​លេច​ឡើង​នៅ​លើ​ថ្ពាល់​គាត់។ គាត់​មិន​សូវ​និយាយ​ច្រើន​ទេ តែ​ខ្ញុំ​នៅ​ចាំ​ពាក្យ​ពីរ​បី​ម៉ាត់ ដែល​គាត់​បាន​និយាយ កាល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ជា​មួយ​ខ្ញុំ។ គាត់​និយាយ​ខ្សឹប​ៗ​ថា គាត់​មិន​ដែល​មាន​ភាព​ឯកោ​ឡើយ​ ព្រោះ​ព្រះ​យេស៊ូវ​តែង​តែ​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច។

កាល​នោះ ខ្ញុំ​មិន​ទាន់​រៀប​ការ ខ្ញុំ​មាន​ការ​កោត​ស្ញប់ស្ញែង ចំពោះ​ការ​ប្រកាស​របស់​អ៊ំស្រី​ខ្ញុំ។ ស្វាមី​របស់​គាត់​បាន​លាចាក​លោក​កាល​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​កូន​ៗ​គាត់​រស់​នៅ​ឆ្ងាយ​ពី​គាត់។ គាត់​មាន​អាយុ​ជិត​៩០​ឆ្នាំ​ហើយ តែ​គាត់​រស់​នៅ​ម្នាក់​ឯង ដោយ​សម្រាក​ព្យាបាល​នៅ​លើ​គ្រៃ ស្ទើរ​តែ​កំរើក​ខ្លួន​មិន​រួច។ តែ​គាត់​នៅ​តែ​អាច​និយាយ​ថា គាត់​មិន​មាន​ភាព​ឯកោ​ទេ។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ម៉ាថាយ ២៨:២០)។ អ៊ំស្រី​របស់​ខ្ញុំ​បាន​ជឿ​ថា​ ព្រះ​អង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​គាត់​មែន ហើយ​យើង​ក៏​ត្រូវ​ជឿ​ដូច​គាត់​ផង​ដែរ។ គាត់​ដឹង​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​គង់​នៅ​ជា​មួយ​គាត់ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​សន្យា កាល​ព្រះអង្គ​បង្គាប់​ពួក​សាវ័ក​ទ្រង់​ឲ្យ​ចេញ​ទៅ​ក្នុង​លោកិយ ដើម្បី​ផ្សាយ​ព្រះ​បន្ទូល​ព្រះ​អង្គ(ខ.១៩)។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង “គង់​នៅ​ជា​មួយ” ពួក​សាវ័ក ក៏​ដូច​ជា​យើង​រាល់​គ្នា(យ៉ូហាន ១៤:១៦-១៧)។

ខ្ញុំ​ជឿ​ជាក់​ថា អ៊ំ​ស្រី​ខ្ញុំ​ពិត​ជា​បាន​ឃើញ​ព្រះ​បន្ទូល​សន្យា​នេះ សម្រេច​ក្នុង​ជីវិត​គាត់។  ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​គង់​នៅ​ជា​មួយ​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​សម្រាក​នៅ​លើ​គ្រែ​គាត់។ ហើយ​ព្រះ​វិញ្ញាណ​បាន​ប្រើ​គាត់ ដើម្បី​ចែក​ចាយ​សេចក្តី​ពិត​នេះ​ដល់​ខ្ញុំ ជា​ចៅ​ស្រី​វ័យ​ក្មេង​ម្នាក់ ដែល​ត្រូវ​ការ​ឮ​ពាក្យ​នេះ ដោយ​ទទួល​យក​ទុក​នៅ​ក្នុង​ចិត្ត។—Katara Patton

តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ខ្លះ ដោយសារ​សេចក្តី​ពិត​ដែល​ថា ព្រះ​យេស៊ូវ​គង់​នៅ​ជា​មួយ​អ្នក? តើ​អ្នក​បាន​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ចាត់​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ឲ្យ​កម្សាន្ត​ចិត្ត និង​គង់​នៅ​ជា​មួយ​ទូល​បង្គំ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​នឹក​ចាំ​ថា ព្រះ​អង្គ​គង់​នៅ​ជា​មួយ​ទូល​បង្គំ​ជា​និច្ច។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២៨-២៩ និង យ៉ូហាន ១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles