រង់ចាំព្រះ ក្នុងពេលប្រញាប់ប្រញាល់

 

ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ។ ទំនុកដំកើង ២៧:១៤

“តើ​យើង​ធ្វើ​អ្វី​ខ្លះ នៅ​ពេល​ទំនេរ?” សំណួរ​នេះ​ជា​ខ្លឹមសារ​នៃ​អត្ថបទ ដែល​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៣០ ដោយ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ឈ្មោះ ចន មេយណាត ខេន(John Maynard Keynes)។ ក្នុង​អត្ថបទ​នោះ លោក​ខេន បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈ​ពេល​១រយ​ឆ្នំា​ទៀត ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច នឹង​នំា​មនុស្ស​ជាតិ ទៅ​ដល់​ចំណុច​មួយ ដែល​យើង​នឹង​ធ្វើ​ការ​តែ​១ថ្ងៃ ៣​ម៉ោង និង​១៤ម៉ោង ក្នុង​១​សប្តាហ៍​ប៉ុណ្ណោះ។

អត្ថបទ​ដ៏​ល្បីល្បាញ​នេះ​បាន​បោះពុម្ព​ផ្សាយ ជាង​៩០​ឆ្នាំ​ហើយ តែ​បច្ចេកវិទ្យា​មិន​បាន​ជួយ​ឲ្យ​យើង​មាន​ពេល​កម្សាន្ត​កាន់​តែ​ច្រើន​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ យើង​កាន់​តែ​មាន​ការ​រវល់​កាន់​តែ​ខ្លាំង។ មនុស្ស​ជា​ច្រើន ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ពេញ​មួយ​ថ្ងៃ ស្ទើរ​តែ​រក​ពេល​ទំនេរ​មិន​បាន ហើយ​កិច្ចការ​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ធ្វើ​ដំណើរ និង​បរិភោគ​អាហារ​ ​ចំណាយ​ពេល​តិច​ជាង​មុន ដូចនេះ យើង​ពេញ​ដោយ​ភាព​ប្រញាប់​ប្រញាល់។

ទាក់​ទង​នឹង​បញ្ហា​នេះ ស្តេច​ដាវីឌ​បាន​បង្ហាញ​យើង អំពី​របៀប​រស់​នៅ ដោយ​ភាព​នឹងនរ ក្នុង​ភាព​ប្រញាប់​ប្រញាល់​នៃ​ជីវិត។ កាល​ស្តេច​ដាវីឌ​កំពុង​រត់​គេច​ពី​ស្តេច​សូល(ដែល​តាម​សម្លាប់​ទ្រង់) ទ្រង់​បាន​ទូល​សួរ​ស្តេច​នគរ​ម៉ូអាប់​ថា “សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​របស់​ទូលបង្គំ​មក​នៅ​អាស្រ័យ​នឹង​ទ្រង់​ផង ដរាប​ដល់​ទូលបង្គំ​បាន​ដឹង​ជា​ព្រះ​ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​ទូលបង្គំ​ជា​យ៉ាង​ណា”(១សាំយ៉ូអែល ២២:៣)។ ស្តេច​ដាវីឌ​កំពុង​ជាប់​រវល់​រត់​គេច​ពី​ការ​តាម​សម្លាប់​របស់​ស្តេច​សូល និង​ជួយ​ទំនុក​បម្រុង​គ្រួសារ​ទ្រង់។ តែ​ទោះ​ទ្រង់​មាន​ការ​ប្រញាប់​ប្រញាល់​យ៉ាង​ណា​ក៏​ដោយ ទ្រង់​បាន​ចំណាយ​ពេល​រង់​ចាំ​ព្រះ។

ពេល​ដែល​ភាព​ប្រញាប់​ប្រញាល់​នៃ​ជីវិត​កំពុង​រុញ​ច្រាន​យើង យើង​អាច​ទុក​ចិត្ត​ព្រះ ដែល​ទ្រង់​អាច​ថែរក្សា​យើង ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត​(អេសាយ ២៦:៣)។ ស្តេច​ដាវីឌ​បាន​ឆ្លើយ​តប​ដោយ​សង្ខេប ចំពោះ​បញ្ហា​នេះ ដោយ​បន្ទូល​ថា “ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ទំនុកដំកើង ២៧:១៤)។—James Banks

តើ​អ្នក​អាច​រង់​ចាំ​ព្រះ​យ៉ាង​ដូចម្តេច​ខ្លះ ពេល​ដែល​ជីវិត​កំពុង​ជួប​ភាព​មមាញឹក? តើ​អ្នក​ត្រូវ​ការ​ជំនួយ​របស់​ព្រះ ដើម្បី​ឲ្យ​អាច​ទុក​ចិត្ត​ព្រះអង្គ ក្នុង​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​វរបិតា ព្រះអង្គ​ប្រទាន​ភាព​ស្ងប់​សុខ​ដល់​ទូល​បង្គំ ក្នុង​ពេល​ដែល​មាន​ភាព​ប្រញាប់​ប្រញាល់។ ទូលបង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ប្រទាន​ទូលបង្គំ​នូវ​សន្តិភាព ខណៈ​ពេល​ដែល​ទូល​បង្គំ​បន្ត​ទុក​ចិត្ត​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៤-៣៥ និង កិច្ចការ ១៥:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles