ឯដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺជា​វិញ្ញាណ​ខ្ទេចខ្ទាំ ឱព្រះអម្ចាស់​អើយ ទ្រង់​មិន​មើលងាយ​ចំពោះ​ចិត្ត​ខ្ទេចខ្ទាំ

ហើយ​ទន់ទាប​ឡើយ។ ទំនុកដំកើង ៥១:១៧

មាន​ពេល​មួយ ខ្ញុំ​បាន​មើល​ផ្ទាំងគំនូរ ដែល​មាន​ចំណងជើង​ថា ចូរ​ពិចារណា អំពី​ផ្កាឈូក ដែល​ជា​ស្នាដៃ​របស់​លោក ម៉ា​កូ​តូ ហ្វ៊ូ​ជី​មូរ៉ា(Makoto Fujimura )។ មើល​មួយភ្លែត ខ្ញុំ​គិតថា វា​គ្រាន់តែ​ជា​ផ្ទំា​ងគំនូរ​ធម្មតា ដែល​ជាងគំនូរ​បាន​ប្រើ​ពណ៌​តែមួយ ដើម្បគូរ ផ្កាឈូក​មួយ​ទង ដែល​ហាក់ដូចជា​កំពុង​លាក់ខ្លួន នៅ​ក្នុង​ផ្ទៃខាងក្រោយ។ ទោះជាយ៉ាងណា​ក៏ដោយ ក្រោយមក ខ្ញុំ​ក៏បាន​ដឹង​ថា វា​ជា​ផ្ទាំងគំនូរ​ដ៏​រស់រវើក ដែល​វិចិត្រករ​បាន​ផាត់ពណ៌​៨០​ស្រទាប់ ដោយ​ប្រើ​កំទេច​រ៉ែ​ដែល​បាន​កិន​លម្អិត។ នេះ​ជា​រចនាបថ​គំនូរ​ជប៉ុន ដែល​មានឈ្មោះ​ថា នី​ហុង​ហ្កា ជា​រចនា​បទ ដែល​លោ​កហ្វ៊ូ​ជី​មូរ៉ា​បាន​ហៅថា “សិល្បៈ​យឺតៗ”។ ពេល​ខ្ញុំ​មើល​ឲ្យ​ជិត ខ្ញុំ​ឃើញ​រូបភាព​ចម្រុះ និង​ភាព​ស្រស់​ស្អាត​​ជាច្រើន​ស្រទាប់។ លោ​កហ្វ៊ូ​ជី​មូរ៉ា​បាន​ពន្យល់​ថា ពេល​ដែល​គា​ត់​គិត​​អំពី​តិច​និច​នៃ​ការបង្កើត “ភាព​ស្រស់​ស្អាត ចេញពី​ភាព​ប្រេះ​បែក​នេះ​” នោះ​គាត់​ក៏បាន​នឹក​ចាំ​អំពី​ដំណឹងល្អ ដែល​ក្នុង​នោះ ការ​រងទុក្ខ​របស់​ព្រះយេស៊ូវ​បាន​នាំមក​នូវ​ភាព​ពេញលេញ និង​ក្តី​សង្ឃឹម​សម្រាប់​លោកិយ។

ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ទទួលយក​ផ្នែក​នៃ​ជីវិត​យើង ដែល​ប្រេះ​បែក និង​ខ្ទេចខ្ទាំ ហើយ​ធ្វើឲ្យ​ថ្មី និង​ស្រស់​ស្អាត​ឡើង។ ស្តេច​ដាវីឌ​ត្រូវការ​ជំនួយ​របស់​ព្រះ ដើម្បី​ជួសជុល​ភាព​ប្រេះ​បែក ក្នុង​ជីវិត​ទ្រង់ ដែល​បណ្តាល​មក​ពី​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​ទ្រង់។ ស្តេច​ដាវីឌ​បាន​ប្រើអំណាច​ទ្រង់​ជា​ស្តេច​ក្នុង​ផ្លូវខុស ដោយ​ទៅ​លួចប្រពន្ធគេ ហើយ​រៀប​គម្រោង​សម្លាប់​ប្តី​របស់​នាង​ទៀត។ បន្ទាប់មក ទ្រង់​ក៏បាន​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក៥១ ដោយ​ថ្វាយ “ចិត្ត​ដែល​ខ្ទេចខ្ទាំ និង​ទន់ទាប​” របស់​ទ្រង់(ខ.១៧) ហើយ​ទូល​សូម​សេចក្តី​មេត្តា។

ដើម្បីឲ្យ​ព្រះ​បង្កើត​ចិត្តបរិសុទ្ធ​នៅក្នុង​ស្តេច​ដាវីឌ(ខ.១០) ជាដំបូង ទ្រង់​ត្រូវតែ​ថ្វាយ​ចិត្ត​ដែល​ប្រេះ​បែក​របស់​ទ្រង់។ បាន​សេចក្តី​ថា ទ្រង់​ត្រូវ​ថ្វាយ​ទុក្ខសោក និង​ការ​ទុកចិត្ត​ដល់​ព្រះអម្ចាស់។ ស្តេច​ដាវីឌ​ក៏បាន​ថ្វាយ​ចិត្ត​ទ្រង់ ដល់​ព្រះ​ដែល​ស្មោះត្រង់ និង​អត់ទោស​បាប ដែល​ទទួលយក​អ្វី​ដែល​ប្រេះ​បែក​ដោយ​ក្តី​ស្រឡាញ់ ហើយ​កែប្រែ​ឲ្យ​ក្លាយជា​ស្រស់​ស្អាត​ឡើង។—Lisa M. Samra

តើ​ផ្នែក​ណាខ្លះ នៃ​ចិត្ត​របស់​អ្នក ដែល​ប្រេះ​បែក? តើ​អ្នក​អាច​ថ្វាយ​ភាព​ប្រេះ​បែក​របស់​អ្នក​ដល់​ព្រះ ដោយ​របៀបណា?

ឱព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌ ទូលបង្គំ​សូម​ថ្វាយ​ភាព​ប្រេះ​បែក​របស់​ទូលបង្គំ​ដល់​ព្រះអង្គ ដោយ​ជឿ​ថា ព្រះអង្គ​នឹង​កែប្រែ​ភាព​ប្រេះ​បែក​ទាំងនោះ ឲ្យ​មាន​ភាព​ស្រស់​ស្អាត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩៤-៩៦ និង រ៉ូម ១៥:១៤-៣៣