ការស្រោចទឹក នៃការលើកទឹកចិត្ត

ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅវិញទៅមក ដូចជា​អ្នករាល់គ្នា​កំពុងតែ​ធ្វើ​ហើយ​នោះ​ដែរ។ ១ថែ​ស្សា​ឡូ​និច ៥:១១

មានរឿង​អស្ចារ្យ​មួយ​បាន​កើតឡើង រៀងរាល់​ពេល​រដូវ​ផ្ការីក អស់​រយៈពេល​១៥​ឆ្នាំ​ហើយ។ ពេល​ណា​រដូវរងា​បាន​កន្លង​ផុត​ទៅ ស្មៅ​ក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ​មាន​ពណ៌ត្នោត ដូច​ដី​ហុយ ហើយ​មនុស្ស​ដែល​ដើរ​កាត់តាម​នោះ ប្រហែល​គិតថា ស្មៅ​នោះ​បាន​ងាប់ហើយ។ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​មាន​ព្រឹល នៅ​លើ​ភ្នំ​ជា​ប្រចាំ តែ​អាកាសធាតុ​នៅ​វាល​ទំនាប មាន​ភាព​រាំង​ស្ងួត ដោយ​ភាគច្រើន ក្នុង​ខែ​ដែល​មាន​អាកាសធាតុ​ក្តៅ​ជាង​ខែ​ផ្សេង​ទៀត គេ​ក៏​បាន​ដាស់តឿន​អំពី​ភាពរាំងស្ងួត​ផង​ដែរ​។ តែ​រៀងរាល់​ឆ្នាំ នៅ​ចុងខែ​ឧសភា ខ្ញុំ​បាន​បើក​ក្បាល​រ៉ូប៊ី​ណេ ស្រោចទឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​សន្សំសំចៃ​ទឹក តែ​ខ្ញុំ​បាន​ស្រោច​ឲ្យបាន​ទៀងទាត់។ ហើយ​ក្នុងរយៈពេល​ប្រហែល ២សប្តាហ៍ ស្មៅ​ដែល​ក្រៀម​ស្វិត មាន​ពណ៌ត្នោត បាន​ប្រែជា​មាន​ពណ៌ខៀវខ្ចី​យ៉ាង​រស់​រវើក។

ស្មៅ​ពណ៌បៃតង បាន​រំឭក​ខ្ញុំ​អំពី​អត្ថ​ប្រយោជន៍​នៃ​ការកម្សាន្ត​ចិត្ត។ បើ​គ្មាន​ការកម្សាន្ត​ចិត្ត​ទេ នោះ​ជីវិត​យើង ឬ​ជំនឿ​យើង អាច​ស្ទើរតែ​ប្រែក្លាយ​ជា​គ្មាន​ជីវិត។ តែ​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​ការ​លើកទឹកចិត្ត​ជា​ទៀងទាត់ អាច​មានប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​ចិត្ត គំនិត និង​វិញ្ញាណ​យើង។ សំបុត្រ​ទី១ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែ​ស្សា​ឡូ​និច បាន​និយាយ​សង្កត់ធ្ងន់ អំពី​សេចក្តី​ពិត​នេះ​ផង​ដែរ។ កាលនោះ​ពួក​គេ​កំពុង​មានការ​ថប់បារម្ភ និង​ការភ័យខ្លាច។ សាវ័ក​ប៉ុល​ដឹង​ថា គាត់​ត្រូវ​ជួយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ គាត់​ក៏បាន​ជំរុញ​ពួក​គេ ឲ្យ​បន្ត​ធ្វើការល្អ ដោយ​ការ​លើក​ទឹក​ចិត្ត និង​ស្អាង​គ្នា​ទៅវិញទៅមក(១ថែ​ស្សា​ឡូ​និច ៥:១១)។ គាត់​ដឹង​ថា បើ​គ្មាន​ការ​លើកទឹកចិត្ត​ឲ្យ​មាន​ភាព​ស្រស់ថ្លា​ឡើងវិញ​ទេ នោះ​ជំនឿ​របស់​ពួក​គេ​នឹង​ក្រៀម​ស្វិត​មិនខាន។ សាវ័ក​ប៉ុល​ធ្លាប់​ជួប​រឿង​នេះ​ដោយ​ផ្ទាល់​ផង​ដែរ ហើយ​ពួក​ជំនុំ​ថែ​ស្សា​ឡូ​និច​បាន​នាំមក​នូវ​ការ​លើកទឹកចិត្ត​ដល់​គាត់ និង​បាន​ស្អាង​គាត់​ឡើង​ផង​ដែរ។ ដូចនេះ យើង​ក៏​មានឱកាស​លើកទឹកចិត្ត និង​ជួយ​ស្អាង​គ្នា​ទៅវិញទៅមក ឲ្យ​មានការ​រីកចម្រើនផងដែរ។—JOHN BLASÉ

តើ​អ្នក​បាន​ទទួលការ​លើកទឹកចិត្ត​អ្វីខ្លះ នៅ​ពេល​ថ្មីៗនេះ? តើ​អ្នក​អាច​លើកទឹកចិត្ត​នរណា​ខ្លះ នៅ​សប្តាហ៍​នេះ?

ឱ​ព្រះ​វរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​លើកទឹកចិត្ត​ដែល​ទូលបង្គំ​បាន​ទទួល ហើយ​សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​លើកទឹកចិត្ត​អ្នកដទៃ​ផង​ដែរ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១១-១៣ និង ម៉ាកុស ១២:១-២៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles