ព្រះអង្គអនុញ្ញាតឲ្យសម្រាក

លុះដល់​ថ្ងៃទី៧ ការដែល​ព្រះ​ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជាស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃទី៧នោះ​…។ លោ​កុប្បត្តិ ២:២

មាន​ពេល​មួយ ខ្ញុំ និង​មិត្តភក្ដិ​ខ្ញុំ​ឈ្មោះ ស៊ូ​ហ្ស៊ី(Soozi) បាន​អង្គុយលេង​នៅ​លើ​ថ្ម​ធំ​មួយ មើល​ពពុះទឹក​ខ្ជោល​ឡើង​ទៅលើ ដោយសារ​ការ​រុញច្រាន​របស់​រលក​ទឹក​ដែល​មាន​រាងកោង។ ស៊ូ​ហ្ស៊ី​បាន​មើល​ទៅ​ទឹករលក​បក់​ប៉​ប្រាស់ថ្ម​ម្តង​ហើយ​ម្តង​ទៀត ហើយក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ស្រឡាញ់​សមុទ្រ​ណាស់ ព្រោះ​វា​មាន​ចលនា​ជានិច្ច ដើម្បីឲ្យ​គាត់​អាច​សម្រាក។

វា​ជា​រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ណាស់ ដែល​អ្នកខ្លះ​មាន​អារម្មណ៍​ថា ពួក​គេ​ត្រូវការ “ការអនុញ្ញាត” ឲ្យ​ផ្អាក​ការងារ ដើម្បី​សម្រាក? នេះ​ជា​អ្វី​ដែល​ព្រះ​ដ៏​ល្អ​នៃ​យើង​បាន​ប្រទាន​មក​យើង​ហើយ! ព្រះ​ទ្រង់​បាន​ចំណាយពេល៦ថ្ងៃ ដើម្បី​បង្កើត​ផែនដី​ឲ្យ​មាន​រូបរាង​ឡើង បង្កើត​ពន្លឺ ដី រុក្ខជាតិ សត្វ និង​មនុស្ស។ បន្ទាប់មក នៅ​ថ្ងៃទី៧ ព្រះ​ទ្រង់​បាន​សម្រាក(លោ​កុប្បត្តិ ១:៣១-២:២)។ ក្នុង​ក្រឹត្យវិន័យ១០ប្រការ ព្រះអង្គ​ក៏បាន​ប្រទាន​ច្បាប់ ដើម្បីឲ្យ​យើង​រស់នៅ​ឲ្យបាន​ល្អ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ(និក្ខមនំ ២០:៣-១៧) ដោយ​រាប់​បញ្ចូល​ទាំង​ការ​បង្គាប់ ឲ្យ​នឹក​ចាំ​ថ្ងៃឈប់​សម្រាក(ខ.៨-១១)។ ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី យើង​ឃើញ​ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា(ម៉ាកុស ១:២៩-៣៤) ហើយ​បន្ទាប់​មក នៅ​ពេល​ព្រឹក​ព្រលឹម ព្រះអង្គ​ក៏បាន​យាង​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​អធិស្ឋាន(ខ.៣៥)។ ព្រះ​នៃ​យើង​ទ្រង់​បាន​ធ្វើការ និង​សម្រាក តាមបំណង​ព្រះទ័យ​ព្រះអង្គ។

នៅ​ជុំវិញ​ខ្លួន​យើង មាន​សុទ្ធតែ​ស្នា​ព្រះហស្ត​ព្រះអង្គ ដែល​បាន​រំឭក​យើង​ជានិច្ច អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​អំពី​ការ​អញ្ជើញ​របស់​ព្រះអង្គ ឲ្យ​យើង​សម្រាក។ ព្រះ​ទ្រង់​បាន​បង្កើត​ឲ្យ​មាន​រដូវ​ខុសៗគ្នា សម្រាប់​ឲ្យ​យើង​ធ្វើការងារ និង​សម្រាក​លំហែរ។ ហើយក៏​បាន​បង្កើត​ពេលព្រឹក ពេលថ្ងៃ​រសៀល ពេលល្ងាច និង​ពេលយប់។ ព្រះ​ទ្រង់​បាន​រៀបចំ​ជីវិត​យើង​មក សម្រាប់​ឲ្យ​ធ្វើការ និង​សម្រាក ដោយ​អនុញ្ញាត​ឲ្យ​យើង​មាន​ពេលធ្វើការ និង​ពេលសម្រាក។—ELISA MORGAN

តើ​អ្នក​អាច​ថ្លឹង​ថ្លែង​ពេលធ្វើការ និង​ពេលសម្រាក​ដូចម្តេច​ខ្លះ ឲ្យ​មាន​តុល្យភាព? តើ​អ្នក​អាច​ឈប់បង្អង់​ដូចម្តេច​ខ្លះ ជា​រៀងរាល់ថ្ងៃ ដើម្បី​ជញ្ជឹងគិត​អំពី​គំរូ​នៃ​ការ​ធ្វើការ និង​ការសម្រាក​របស់​ព្រះអង្គ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​បង្កើត​ទូលបង្គំ ឲ្យ​រស់នៅ ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះអង្គ ដោយ​ការ​ធ្វើការ និង​ការសម្រាក ដើម្បី​ថ្វាយ​សិរីល្អ​របស់​ព្រះអង្គ និង​ដើម្បី​ប្រយោជន៍​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១០-១២ និង លូកា ១:៣៩-៥៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles