ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ។ យ៉ូហាន ១៥:៤
កាលប៉ុន្មានឆ្នាំមុន យើងបាននាំឆ្មាពណ៌ខ្មៅមួយក្បាល ឈ្មោះជូណូ(Juno) ពីកន្លែងសង្រ្គោះសត្វ ចូលមករស់នៅក្នុងផ្ទះយើង ។ តាមពិតទៅ ពីដំបូង ខ្ញុំគ្រាន់តែចង់កាត់បន្ថយសត្វកណ្តុរ នៅផ្ទះយើងប៉ុណ្ណោះ តែក្រុមគ្រួសារខ្ញុំចង់បានសត្វចិញ្ចឹម។ កន្លែងសង្គ្រោះសត្វបានណែនាំយ៉ាងច្បាស់លាស់ អំពីរបៀបឲ្យចំណី នៅសប្តាហ៍ដំបូង ដើម្បីឲ្យជូណូដឹងថា ផ្ទះរបស់យើងបានក្លាយជាផ្ទះរបស់វាហើយ វាជាសមាជិកគ្រួសារយើង ហើយវានឹងមានអាហារ និងសុវត្ថិភាពជានិច្ច ក្នុងផ្ទះយើង។ ការអនុវត្តន៍ដូចនេះ នឹងធ្វើឲ្យវាត្រឡប់មកផ្ទះវិញ នៅថ្ងៃណាវាដើរចេញទៅត្រាច់ចរខាងក្រៅ។
បើយើងមិនបានដឹងអំពីផ្ទះពិតប្រាកដរបស់យើងទេ យើងនឹងចាញ់ការល្បួង ឲ្យដើរត្រាច់ចរ ស្វែងរកសេចក្តីល្អ សេចក្តីស្រឡាញ់ និងអត្ថន័យជីវិត នៅកន្លែងខុស។ បើយើងចង់រកឃើញជីវិតពិត ចូរយើងនឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលបានប្រាប់យើង ឲ្យនៅជាប់ព្រះអង្គ(យ៉ូហាន ១៥:៤)។ អ្នកប្រាជ្ញព្រះគម្ពីរឈ្មោះ ហ្វ្រេដឺរិក ដេល ប្រ៊ូន័រ(Frederick Dale Bruner) បាននិយាយសង្កត់ធ្ងន់ថា ពាក្យនៅជាប់ (ស្រដៀងនឹងពាក្យ មានទីលំនៅ) ធ្វើឲ្យយើងនឹកចាំអំពីគ្រួសារ និងផ្ទះ។
ព្រះយេស៊ូវក៏បានធ្វើការបកស្រាយ ដោយមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីខ្នែងដែលនៅជាប់នឹងដើមទំពាំងបាយជូរ។ ដើម្បីឲ្យខ្នែងទំពាំងបាយជូររស់ និងបង្កើតផលផ្លែបាន ពួកវាត្រូវតែនៅជាប់នឹងដើម។
មានសម្លេងជាច្រើន ដែលបានទាក់ទាញយើង ដោយការសន្យាខ្យល់ថា នឹងដោះស្រាយបញ្ហាយើង ឬផ្តល់ឲ្យយើងនូវប្រាជ្ញាថ្មីៗ ឬអនាគតដ៏ថ្កុំថ្កើង។ តែបើយើងចង់រស់នៅ ឲ្យបានត្រឹមត្រូវ ដោយបង្កើតផលផ្លែ យើងត្រូវតែនៅជាប់ព្រះយេស៊ូវ។—WINN COLLIER
តើមានអ្វីបានអូសទាញអ្នក ចេញពីព្រះយេស៊ូវ? តើព្រះយេស៊ូវបានបង្ហាញដូចម្តេចខ្លះ ឲ្យអ្នកដឹងថា ព្រះអង្គជាប្រភពពិតប្រាកដនៃជីវិត?
ឱព្រះយេស៊ូវ ទូលបង្គំច្រើនតែដើរត្រាច់ចរ មិនដឹងថា ត្រូវទៅទិសដៅមួយណាឲ្យពិតប្រាកដ។ តែទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ។ ព្រះអង្គជាប្រភពនៃជីវិតទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យនៅជាប់ព្រះអង្គ។
To learn more about abiding in Christ, visit ODBU.org/NT050.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: នាងរស់ ១-៤ និង លូកា ៨:១-២៥