ការដោះពីចំណង
មានពេលមួយ ខ្ញុំបានក្រាលសំណាញ់ក្នុងទីធ្លាក្រោយផ្ទះ ដើម្បីតម្រៀបថ្មសម្រាប់តាំងលម្អពីលើ។ ពេលខ្ញុំរៀបសំណាញ់ជិតហើយ ខ្ញុំក៏បានឃើញសត្វកំប្រុកឈីពម៉ាំងមួយក្បាលកំពុងជាប់សំណាញ់ ទៅណាមិនរួច។ ខ្ញុំក៏បានពាក់ស្រោមដៃ ហើយចាប់ផ្តើមដោះសំណាញយ៉ាងប្រុងប្រយ័ត្ន។ សត្វដ៏តូចល្អិតនោះ មិនសប្បាយចិត្តនឹងខ្ញុំសោះ។ វាបានយកជើងក្រោយវាធាក់ខ្ញុំ ហើយព្យាយាមខំដៃខ្ញុំ។ ខ្ញុំក៏បាននិយាយប្រាប់វាដោយស្រទន់ថា “អាសំឡាញ់ ខ្ញុំមិនធ្វើបាបឯងទេ។ នៅឲ្យស្ងៀម”។ ប៉ុន្តែ វាស្តាប់ខ្ញុំមិនយល់ទេ បានជាវាខំរើបម្រាស់ ដោយការភ័យខ្លាច។ ទីបំផុត ខ្ញុំក៏បានកាត់សំណាញ់ដែលជាប់វាអស់ ហើយវាក៏រត់ត្របាញ់ជើងទៅទីលំនៅរបស់វាវិញ។ ជួនកាល មនុស្សមានអារម្មណ៍ថាកំពុងជាប់ចំណងអ្វីមួយ ហើយក៏បានរើបម្រាស់ដាក់ព្រះអម្ចាស់ ដោយការភ័យខ្លាច។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលទ្រង់បានប្រទានការជួយសង្រ្គោះ និងក្តីសង្ឃឹមដល់រាស្ត្រទ្រង់ តែយើងចេះតែប្រឆាំងនឹងទ្រង់ ដោយមិនយល់ថា ទ្រង់កំពុងតែប្រទានជំនួយដល់យើងទេ។ ក្នុងបទគម្ពីរអេសាយ ជំពូក៤១ លោកហោរាអេសាយបានដកស្រង់បន្ទូលរបស់ព្រះអម្ចាស់យ៉ាងដូចនេះថា “ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង”(ខ.១៣)។ ពេលដែលអ្នកគិតអំពីស្ថានភាពរបស់អ្នក តើអ្នកយល់ថា ព្រះទ្រង់មានតួនាទីអ្វី? តើអ្នកមិនហ៊ានថ្វាយអ្វីៗគ្រប់យ៉ាងដល់ទ្រង់ ដោយខ្លាចទ្រង់ធ្វើបាបអ្នកឬ? ព្រះទ្រង់ល្អ ហើយទ្រង់គង់នៅក្បែរយើង ដោយសព្វព្រះទ័យនឹងរំដោះជីវិតយើង ឲ្យរួចពីចំណងគ្រង់យ៉ាង។ អ្នកអាចថ្វាយជីវិតអ្នកដល់ទ្រង់ ដោយការទុកចិត្តទាំងស្រុង។-Dave Branon
Read article