រដូវកាលនៃជីវិត
កាលខ្ញុំធ្វើជាគ្រូគង្វាល ខ្ញុំបានជួយបម្រើស្រ្តីជាម្តាយជាច្រើននាក់។ ខ្ញុំធ្លាប់ទៅសួរសុខទុក្ខពួកគេ នៅមន្ទីរពេទ្យ ហើយអរសប្បាយជាមួយពួកគេ សម្រាប់កូនតូចរបស់ពួកគេ ដែលបានចាប់កំណើតក្នុងពិភពលោកនេះ។ ខ្ញុំក៏បានផ្តល់ការប្រឹក្សាផ្លូវចិត្ត ដល់ស្រ្តីជាម្តាយដែលមានការថប់ព្រួយ ហើយបានព្យាយាមលើកពួកគេ ឲ្យមានទំនុកចិត្តថា ព្រះកំពុងមើលថែរកូនៗវ័យជំទង់របស់ពួកគេ ដែលកំពុងតែមិនស្តាប់បង្គាប់។ ខ្ញុំធ្លាប់នៅជួយស្រ្តីជាម្តាយ ដែលកំពុងមើលថែរកូនដែលសម្រាកព្យាបាលរបួស ឬជម្ងឺ ហើយក៏មានអារម្មណ៍ឈឺចាប់ជាមួយពួកគេផងដែរ។ ហើយខ្ញុំក៏បានទួញសោកជាមួយពួកគេ ពេលដែលកូនប្រុស ឬកូនស្រីរបស់ពួកគេបានបាត់បង់ជីវិត។ នាងម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវ ក៏ធ្លាប់ពិសោធនឹងពេល ដែលមានអំណរ និងពេលដែលមានទុក្ខព្រួយផងដែរ។ តើនាងមានអំណរប៉ុណ្ណា ពេលដែលព្រះគ្រីស្ទបានប្រសូត្រមកជាបុត្រតូច!(លូកា ២:៧)។ ហើយតើនាងមានចិត្តរំភើបប៉ុណ្ណា នៅពេលដែលពួកគង្វាល និងពួកអ្នកប្រាជ្ញចូលមកថ្វាយបង្គំទ្រង់ (ខ.៨-២០ ម៉ាថាយ ២:១-១២)។ តើនាងមានការពិបាកក្នុងអារម្មណ៍ប៉ុណ្ណា ពេលដែលលោកស៊ីម្មានបានថ្លែងទំនាយថា ដាវនឹងចាក់ទំលុះវិញ្ញាណរបស់នាងនោះ(លូកា ២:៣៥)។ ហើយតើនាងមានទុក្ខសោកខ្លាំងប៉ុណ្ណា នៅពេលដែលនាងឃើញព្រះបុត្រារបស់នាង សុគតនៅលើឈើឆ្កាង! (យ៉ូហាន ១៩:២៥-៣០)។ ប៉ុន្តែ ក្នុងនាមជាម្តាយម្នាក់ នាងនៅតែមានហេតុនឹងអរសប្បាយ ទោះបីជាបានពើបប្រទះនឹងហេតុការណ៍ដ៏រន្ធត់នោះហើយក៏ដោយ ព្រោះបីថ្ងៃក្រោយមក ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ធ្វើឲ្យនាងមានចិត្តអរសប្បាយយ៉ាងខ្លាំង។ ត្រង់ចំណុចនេះ ស្រ្តីជាម្តាយ ក៏ដូចជាយើងរាល់គ្នា គឺសុទ្ធតែឆ្លងកាត់ពេលដែលមានអំណរដ៏អស្ចារ្យ និងពេលដែលមានទុក្ខជាទម្ងន់។…
Read article