ការចាប់ផ្តើមជាថ្មី

បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ។ ២កូរិនថូស ៥:១៧

បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ក្រុម​គ្រួសារ​ជន​ជាតិ​ចិន នៅ​គ្រប់​ទិសទី បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ មាន​ទំនាក់​ទំនង​នឹង​ប្រតិទិន​ច័ន្ទ​គតិ។ តាម​ធម្មតា បុណ្យ​ចូល​ឆ្នាំ​ចិន​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ ចុង​ខែ​មករា ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ជា​ពេល​ជួប​ជុំ​គ្រួសារ ដែល​មាន​ប្រពៃណី​ជា​ច្រើន ដែល​ខ្លះ​មាន​អត្ថន័យ​ដ៏​អស្ចារ្យ។  ការ​ទិញ និង​ស្លៀកពាក់​ខោអាវ​ថ្មី​ៗ ការ​បោស​សម្អាត​ផ្ទះ​ឲ្យ​ស្អាត និង​ការ​លោះ​បំណុល​ធំ​ៗ សុទ្ធ​តែ​ជា​ប្រពៃណី​ដែល​បាន​រំឭក​យើង​ថា យើង​កំពុង​ទុក​ចោល​ពេល​អតីតកាល​នៅ​ពីក្រោយ​យើង ហើយ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី ដោយ​ភាព​ស្អាត​បាត។

ប្រពៃណី​ទាំងនេះ​ក៏​បាន​រំឭក​ខ្ញុំ អំពី​ជីវិត​ថ្មី​ដែល​យើង​មាន ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ ទោះ​កាល​ពី​មុន​យើង​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ទុក​អតីតកាល​ទាំង​នោះ​នៅ​ពី​ក្រោយ​យើង។ យើង​អាច​ឈប់​វាយ​ដំ​ខ្លួន​ឯង ដោយសារ​កំហុស​ពី​អតីត​កាល ហើយ​ត្រូវ​ឈប់​ប្រកាន់​ទោស​ខ្លួន​ឯង ដោយ​ដឹង​ថា ព្រះ​ទ្រង់​បាន​អត់​ទោស​បាប​ឲ្យ​យើង​ទាំង​ស្រុង ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ហើយ​យើង​អាច​ចាប់​ផ្តើម​ជា​ថ្មី ដោយ​ដឹង​ថា យើង​អាច​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​កែ​ប្រែ​យើង​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ។​

ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា “អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ យើង​ក៏​អាច​និយាយ​ដូច​នេះ​ដែរ ដោយសារ​សេចក្តី​ពិត​ដែល​សាមញ្ញ តែ​មាន​អំណាច ដែល​បាន​ចែង​ថា ព្រះ​ទ្រង់​បាន​ផ្សះផ្សា​យើង​ឲ្យ​ជា​នឹង​ព្រះ​អង្គ ​ហើយ​មិន​ប្រកាន់​ទោស​យើង​ទៀត​ទេ(ខ.១៩)។

អ្នក​ដទៃ​នៅ​ជុំវិញ​យើង ប្រហែល​មិន​ចង់​បំភ្លេច​កំហុស​របស់​យើង​ទេ តែ​យើង​អាច​មាន​ក្តី​សង្ឃឹម ដោយ​ដឹង​ថា ក្នុង​ព្រះ​នេត្រ​ព្រះ យើង​មិន​មាន​ទោស​ទៀត​ទេ(រ៉ូម ៨:១)។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ចង្អុល​បង្ហាញ​ថា “បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?”(ខ.៣១)។ ចូរ​យើង​អរសប្បាយ​នឹង​ការ​ចាប់​ផ្តើម​ជា​ថ្មី ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​យើង តាម​រយៈ​ព្រះ​យេស៊ូវ។—Leslie Koh

តើ​អ្នក​បាន​រំឭក​ខ្លួន​ឯង​ថា ព្រះ​ទ្រង់​បាន​អត់​ទោស​បាប​ឲ្យ​អ្នក​ទាំង​ស្រុង ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង​ឬ​ទេ? តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ដូចម្តេច​ខ្លះ ដើម្បី​ឲ្យ​ពួក​គេ​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី?

ឱ​ព្រះ​យេស៊ូវ ទូលបង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ព្រះរាជ​កិច្ច​ជួយ​សង្រ្គោះ​នៅ​លើ​ឈើ​ឆ្កាង ដែល​បាន​ផ្សះផ្សា​ទូល​បង្គំ ឲ្យ​ជា​នឹង​ព្រះ​អង្គ ហើយ​ប្រទាន​ទូល​បង្គំ នូវ​ជីវិត​ថ្មី ក្នុង​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ៣១-៣៣ និង ម៉ាថាយ ២២:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles