ក្តីអាណិតជំនួសឲ្យភាពល្វីងជូរចត់

ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញពី​ពួក​អ្នករាល់គ្នា​ទៅ។ អេភេសូរ ៤:៣១

កាល​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក បាន​ដួល​រំលំ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោក​ក្រេក រ៉ូ​ឌ្រី​កេស(Greg Rodriguez) ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ ដែល​បាន​ស្លាប់ នៅក្នុង​សំណល់​បាក់បែក។ ខណៈ​ពេល​ដែល​អ្នកស្រី​ភី​លីស(Phyllis) ជា​ម្តាយ​របស់​គាត់ និង​ឪពុក​គាត់​កំពុង​សោកសង្រេង ពួក​គេ​ក៏បាន​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន អំពី​ការ​ឆ្លើយតប​របស់​ពួក​គេ ចំពោះ​ការវាយប្រហារ​ដ៏​តក់ស្លុត​នេះ។ នៅ​ឆ្នាំ២០០២ អ្នកស្រី​ភី​លីស​ក៏​បាន​ជួប​អ្នកស្រី អៃ​ខា អែល វ៉ា​ហ្វេ(Aicha el-Wafe) ជា​ម្តាយ​របស់​បុរស​ម្នាក់ ក្នុងចំណោម​ពួក​អ្នក​ដែលគេ​បាន​ចោល​ប្រកាន់​ថា បាន​ធ្វើការ​វាយប្រហារ​ដ៏​គួរឲ្យ​តក់​ស្លុត​នេះ។ អ្នកស្រី​ភីលីស​ក៏​បាន​និយាយ​ថា “ខ្ញុំ​បាន​ដើរចូល​ទៅ​ជិត​អ្នកស្រី​អៃខា ហើយក៏​បាន​ឱប​គ្នា​យំ … ភ្លាម​ៗ​នោះ ខ្ញុំ និង​អ្នកស្រី​អៃ​ខា​មាន​ចំណងមិត្តភាព … ដោយសារ​យើង​ទាំងពីរ​នាក់​សុទ្ធតែ​សោកសង្រេង ដោយសារ​កូនប្រុស​ដូចគ្នា”។

អ្នកស្រី​ភី​លីស បាន​ជួប​អ្នកស្រី​អៃ​ខា ក្នុង​ពេល​ដែល​មានការ​ឈឺចាប់ និង​សោកសង្រេង​ដូចគ្នា។ អ្នកស្រី​ភី​លីស​ជឿ​ថា កំហឹង​ដែល​កើតឡើង ដោយសារ​ការ​ស្លាប់​របស់​កូនប្រុស​គាត់ មិន​អាច​ព្យាបាល​ការឈឺចាប់​របស់​គាត់​បាន​ឡើយ។ ពេល​គាត់​បាន​ស្តាប់​រឿង​គ្រួសារ​របស់​អ្នកស្រី​អៃខា គាត់​ក៏​មានចិត្ត​អាណិត ដោយ​ជម្នះ​ចិត្ត​ដែល​ចង់​គិតថា ពួក​គេ​គ្រាន់តែ​ជា​ខ្មាំងសត្រូវ​ប៉ុណ្ណោះ។ គាត់​ចង់បាន​យុត្តិធម៌ ប៉ុន្តែ គាត់​ជឿ​ថា យើង​ត្រូវតែ​លះបង់​ចិត្ត​ដែល​ចង់​សងសឹក ដែល​ច្រើនតែ​ចង​រឹត​យើង​មិន​ឲ្យ​មាន​សេរីភាព។

សាវ័ក​ប៉ុល​ក៏បាន​ទទួលការ​បណ្តាល​ចិត្ត​ឲ្យ​គិត​ដូចនេះ​ផង​ដែរ បាន​ជា​គាត់​បង្គាប់​យើង ឲ្យ “ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់​ចេញ”(អេភេសូរ ៤:៣១)។ ខណៈ​ពេល​ដែល​យើង​លះបង់​អំណាច​ដែល​បង្ហិនបង្ហោច​ទាំងនេះ ព្រះវិញ្ញាណ​នៃ​ព្រះ​នឹង​បំពេញ​យើង ដោយ​ផ្នត់គំនិត​ថ្មី។ សាវ័ក​ប៉ុល​បាន​បង្រៀន​ផង​ដែរ​ថា “ចូរ​មានចិត្ត​សប្បុរស​នឹងគ្នា​ទៅវិញទៅមក ព្រមទាំង​មានចិត្ត​ទន់​សន្តោស ហើយ​អត់ទោស​គ្នា”(ខ.៣២)។ យើង​អាច​ស្វែងរក​យុត្តិធម៌​ឃើញ ដោយ​មិន​បដិសេធន៍​មិនព្រម​សងសឹក ទាំង​កំហឹង។ សូម​ព្រះវិញ្ញាណ​ជួយ​យើង ឲ្យ​បង្ហាញ​ក្តី​អាណិត ដែល​អាច​ឈ្នះ​ភាព​ល្វីងជូរចត់។—WINN COLLIER

តើ​អ្នក​បាន​ជាប់​ចំណង​នៃ​ភាព​ល្វីងជូរចត់ និង​កំហឹង នៅត្រង់​ផ្នែក​ណាខ្លះ? តើ​ព្រះ​ទ្រង់​អាច​ជួយ​អ្នកបង្ហាញ​ចេញ​នូវ​ចិត្ត​អាណិត ជាជាង​ការសងសឹក យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ លោកិយ​នេះ​បាន​ធ្វើខុស​ជាច្រើន​មក​លើ​ទូលបង្គំ។ សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ​ចិត្ត​អាណិត ជំនួស​ឲ្យ​ភាព​ល្វីងជូរចត់។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សុភាសិត ១០-១២ និង ២កូរិនថូស ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles