ឲ្យអំណោយដោយអំណរ

ចូរ​ឲ្យ​គ្រប់គ្នា​ធ្វើតាម​ដែល​សំរេច​ក្នុងចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ។ ២កូរិនថូស ៩:៧

កាល​ប្រេនដា(Brenda) កំពុងតែ​ដើរទៅ​រក​ច្រកចេញ​របស់​ផ្សា​ទំនើប វត្ថុ​មួយ​មាន​ពណ៌​ផ្កាឈូក នៅ​កន្លែង​គេ​ដាក់​តាំង​ទំនិញ​បាន​ទាក់ភ្នែក​គាត់​យ៉ាង​ខ្លាំង។ គាត់​ក៏បាន​ងាក​ទៅ​រក​វត្ថុ​នោះ ឃើញ “អាវ​ក្រៅ​ពណ៌​ផ្កាឈូក”មួយ ហើយក៏​បាន​ឈរ​ស្ងៀម​នៅ​ទីនោះ។ គាត់​គិតឃើញ​ថា ហូលី(Holly) ប្រាកដជា​ស្រឡាញ់​អាវ​ក្រៅ​នេះ​មិនខាន។ ហូលី​ជា​មិត្ត​រួម​ការងារ​របស់​ប្រេ​នដា ជា​ស្រ្តី​មេម៉ាយ​កូន​មួយ កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ប្រេនដា​ដឹង​ថា ហូលី​កំពុង​ត្រូវការ​អាវ​ក្រៅ​ដ៏​កក់ក្តៅ​មួយ ហើយ​ទន្ទឹម​នឹង​នោះ ប្រេ​នដា​ក៏​ដឹងផង​ដែរ​ថា មិត្ត​ភក្តិ​ម្នាក់​នេះ​នឹង​មិន​ចំណាយ​ប្រាក់​ទិញ​អាវ​ក្រៅ ដែល​មានតម្លៃ​ថ្លៃ​ដូចនេះ​ឡើយ។ បន្ទាប់ពី​មានការ​ស្ទាក់ស្ទើរ​មួយសន្ទុះ ប្រេនដា​ក៏បាន​ដក​កាបូប​លុយ​ចេញ​មក ដោយ​ទឹកមុខ​ញញឹម ហើយក៏​បាន​ទិញ​អាវ​ក្រៅ​នោះ ដោយ​ឲ្យ​គេ​ដឹក​ទៅដល់​ផ្ទះ​របស់​ហូលី។ នាង​ក៏បាន​សរសេរ​នៅ​លើ​ក្រ​ដាស់​តូច​មួយ ដោយ​មិន​បញ្ចេញ​ឈ្មោះ ដាក់​ជា​មួយ​អាវ​នោះ​ថា “អ្នកជា​មនុស្ស​ដែល​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់”។ ប្រេ​នដា​ក៏បាន​ដើរ​បណ្តើរ រាំ​បណ្តើរ​ទៅ​រក​រថយន្ត​របស់​នាង ដោយ​អំណរ។

ក្តី​អំណរ​ក៏​ជា​លទ្ធផល ដែល​ទទួល​បាន​ពី​ការ​ឲ្យ​អំណោយ​អ្វីមួយ​ដល់​នរណា​ម្នាក់ តាម​ការ​បណ្តាល​ចិត្ត​ពី​ព្រះ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស អំពី​ការ​ឲ្យ​អំណោយ ដោយចិត្ត​សប្បុរស​យ៉ាងដូច​នេះ​ថា “ចូរ​ឲ្យ​គ្រប់គ្នា​ធ្វើតាម​ដែល​សំរេច​ក្នុងចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ”(២កូរិនថូស ៩:៧)។ គាត់​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា “អ្នកណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នកណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ”(ខ.៦)។

មាន​ពេល​ដែល​យើង​ដាក់​ដង្វាយ​ចូល​ថង់​ដង្វាយ ក្នុង​ព្រះវិហារ ហើយក៏​មាន​ពេល​ដែល​យើង​ដាក់​ដង្វាយ​តាម​អនឡាញ សម្រាប់​ការងារ​បម្រើ​ព្រះ​ដ៏​សំខាន់​ណាមួយ។ ហើយក៏​មាន​ពេល ដែល​ព្រះ​ទ្រង់​ដឹកនាំ​យើង ឲ្យ​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​មិត្ត​ភក្តិ ដោយធ្វើ​អ្វីមួយ​សម្រាប់​គាត់ ដែល​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដោយ​ឲ្យ​អង្ករ​មួយ​បាវ ជួយ​ចាក់សាំង​មួយ​លីត្រ ឬ​ទិញ​អាវ​ឲ្យ​គាត់​ពាក់​ជាដើម។—ELISA MORGAN

តើ​អ្នក​ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដល់​នរណា​នៅ​ថ្ងៃនេះ? តើ​ការ​ឲ្យ​អំណោយ ដោយចិត្ត​សប្បុរស​អាច​នាំឲ្យ​អ្នកមាន​អំណរ​ប៉ុណ្ណា?

ឱ​ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់ ព្រះអង្គ​បាន​ប្រទាន​ព្រះរាជបុត្រា​ព្រះអង្គ​មក​យើងខ្ញុំ ធ្វើជា​អំណោយ ហេតុ​នេះ យើងខ្ញុំ​ក៏​ចង់​ឲ្យ​អំណោយ​ដល់​អ្នកដទៃ​ផង​ដែរ។ សូម​ព្រះអង្គ​ជួយ​យើងខ្ញុំ ឲ្យ​ឆ្លើយតប​ចំពោះ​ការ​បណ្តាល​ចិត្ត​យ៉ាង​ស្រទន់​ពី​ព្រះអង្គ ឲ្យ​បំពេញ​តម្រូវការ​របស់​អ្នកដទៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles