ចូរនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គឡើយ

ទោះ​បើ​ទូលបង្គំ​ដើរកាត់​ច្រកភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏ដោយ គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ។ ទំនុកដំកើង ២៣:៤

ទម្រង់​នៃ​ការប្រើ​ប្រាស់​ពាក្យ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ ពិតជា​មានប្រយោជន៍​ណាស់។

ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ២៣:១-៣ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី៣ (ដូច​ពាក្យ “គាត់”)៖

  • ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នកគង្វាល​ខ្ញុំ​…
  • ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវខ្ចី​…
  • ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់ទឹក​ដែល​ហូរ​គ្រឿនៗ…
  • ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើងវិញ​…

បន្ទាប់មក ក្នុង​ខ៤ និង៥ ស្តេច​ដាវីឌ មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី២ (ដូច​ពាក្យ “អ្នក”)៖

  • គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ
  • ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ
  • ព្រនង់ ហើយនឹង​ដំបង​របស់​ទ្រង់​កំសាន្តចិត្ត​ទូលបង្គំ
  • ទ្រង់​រៀបតុ​នៅមុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំងសត្រូវ​ផង
  • ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ។

បន្ទាប់មក ក្នុង​ខ.៦ ទ្រង់​ក៏បាន​ប្តូរ​សព្វនាម យ៉ាងដូច​នេះ​វិញ ៖

  • ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា​ជារៀងដរាប​ទៅ។

មេរៀន​ដែល​យើង​អាច​រៀន​បាន ពី​ទម្រង់​នៃ​ការប្រើ​ពាក្យ​នេះ​គឺថា យើង​ចាំបាច់​ត្រូវ​និយាយទៅ​កាន់​ព្រះ គឺ​មិនគ្រាន់​តែ​និយាយ​អំពី​ព្រះអង្គ​ប៉ុណ្ណោះទេ។

គ្រីស្ទបរិស័ទ​ម្នាក់​ៗ​យ៉ាង​ហោច​ណាស់ ជា​ទេវវិទូ​មិន​ផ្លូវការ គឺ​អ្នក​ដែល​ព្យាយាម​យល់​អំពី​ចារិក​លក្ខណៈ និង​ផ្លូវ​របស់​ព្រះ ហើយ​បន្ទាប់មក ក៏​ប្រើ​ពាក្យ ដើម្បី​បកស្រាយ​អំពីអ្វី​ដែល​ខ្លួន​បាន​យល់​នោះ។ បើ​យើង​មិនមែន​ជា​ទេវវិទូ​តូចតាច​ទេ នោះ​យើង​នឹង​មិន​និយាយ​អ្វី​ទាំងអស់​ទៅ​រកគ្នា ឬ​ទៅ​រក​ព្រះ អំពី​ព្រះ និង​មិន​អាច​ជួយ​អ្វី​ច្រើន​ ដល់​ជំនឿ​របស់​យើង​ឡើយ។

តែ​អ្វី​ដែល​ខ្ញុំ​រៀន​បាន​ពី​ស្តេច​ដាវីឌ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក​២៣ និង​បទ​គម្ពីរ​ទំនុកដំកើង​ដទៃទៀត​នោះ​គឺ ខ្ញុំ​គួរតែ​គួបផ្សំ​ទេវ​សាស្ត្រ​របស់ខ្ញុំ ជា​មួយ​ការអធិស្ឋាន។ ខ្ញុំ​គួរតែ​បង្អាក់​ការ​និយាយ​របស់ខ្ញុំ អំពី​ព្រះ​ដោយ​និយាយទៅ​កាន់​ព្រះអង្គ។

ពេល​ដែល​យើង​និយាយ​អំពី​ព្រះ​ថា “ព្រះ​ទ្រង់​មាន​ព្រះទ័យ​សប្បុរស” យើង​ក៏​គួរតែ​ទូល​ព្រះអង្គ​ផង​ដែរ​ថា “ទូលបង្គំ​សូម​ព្រះគុណ​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទទួល​សេចក្តី​សប្បុរស​របស់​ព្រះអង្គ”។

ពេល​យើង​និយាយ​ថា “ព្រះ​ទ្រង់​មាន​ពេញដោយ​សិរីល្អ” យើង​ក៏​គួរតែ​និយាយ​ផង​ដែរ​ថា “ទូលបង្គំ​គោរព​ស្រឡាញ់​សិរីល្អ​របស់​ព្រះអង្គ”។

នេះ​ជា​របៀប​ដែល​យើង​ត្រូវ​និយាយ បើ​យើង​មាន​អារម្មណ៍​ថា សេចក្តី​ពិត​អំពី​ព្រះ មាននៅ​ក្នុងចិត្ត​យើង ក៏ដូចជា គិត​អំពី​សេចក្តី​ពិត​អំពី​ព្រះអង្គ ក្នុង​ខួរក្បាល​យើង ហើយ​ពិពណ៌នា ដោយ​បបូរមាត់​យើង។

More articles