សេចក្តីមេត្តារបស់ព្រះ សម្រាប់ថ្ងៃនេះ

ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។ បរិ​ទេស ៣២:២-២៣

សេចក្តី​មេត្តា​កុរ​ណា​របស់​ព្រះ តែងតែ​ថ្មី​ជានិច្ច ព្រោះ​ព្រះអង្គ​ប្រទាន​សេចក្តី​មេត្តាករុណា ដែល​ព្រះអង្គ​ប្រទាន​នៅ ថ្ងៃ​នី​មួយៗ គឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​តែ​ថ្ងៃ​នោះ​ឯង។ ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​បញ្ហា​ជា​រៀងរាល់ថ្ងៃ ហើយក៏​ប្រទាន​សេចក្តី​មេត្តា​សម្រាប់​ថ្ងៃ​នី​មួយៗ។ ក្នុង​ជីវិត​របស់​កូន​ព្រះអង្គ ព្រះអង្គ​បាន​មាន​ផែនការ​ឥត​ខ្ចោះ សម្រាប់​ពួក​គេ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃស្អែក​ឡើយ ពីព្រោះ​ថ្ងៃស្អែក​នឹង​ខ្វល់ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្តី​លំបាក​នៅ​ថ្ងៃណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ”(ម៉ាថាយ ៦:៣៤)។ ថ្ងៃ​នី​មួយៗ គឺ​មាន​បញ្ហា​រៀងៗ​ខ្លួន។ ថ្ងៃ​នី​មួយ​ៗ​ក៏​មាន​សេចក្តី​មេត្តា​ផ្ទាល់ៗខ្លួន។ ព្រះ​ទ្រង់ប្រទាន​សេចក្តី​មេត្តា​ជាថ្មី នៅពេល​ព្រឹក​នៃ​ថ្ងៃ​ថ្មី។

តែ​ជា​ញឹកញាប់ យើង​ច្រើនតែ​អស់សង្ឃឹម ពេលណា​យើង​គិតថា យើង​ប្រហែល​ជា​ជួប​ការ​លំបាក ដោយសារ​ថ្ងៃស្អែក យើង​ត្រូវ​ប្រើ​ធនធាន ដែល​យើង​មាននៅ​ថ្ងៃ​នេះ​។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​ថា យើង​មិន​ចាំបាច់​ត្រូវ​ព្រួយបារម្ភ​ឡើយ។ សេចក្តី​មេត្តា​នៅ​ថ្ងៃនេះ គឺ​មាន​សម្រាប់​បញ្ហា​នៅ​ថ្ងៃនេះ។ សេចក្តី​មេត្តា​នៅ​ថ្ងៃស្អែក គឺ​សម្រាប់​បញ្ហា​នៅ​ថ្ងៃស្អែក។

ជួនកាល យើង​ឆ្ងល់​ថា តើ​យើង​នឹង​មាន​សេចក្តី​មេត្តា​ពី​ព្រះ សម្រាប់​ការ​ប្រឈមមុខ​ដាក់​ការ​ល្បងល​ឬ​ទេ? ជា​ការពិត​ណាស់ យើង​នឹង​មាន។ គឺ​ដូចដែល​សាវ័ក​ពេត្រុស​មានប្រសាសន៍​ថា “បើសិនជា​គេ​តិះដៀល​អ្នករាល់គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរ​ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺជា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់សណ្ឋិត​លើ​អ្នករាល់គ្នា​ហើយ”(១ពេត្រុស ៤:១៤)។ ពេលណា​ការ​ត្មះតិះដៀល​បាន​មកដល់ នោះ​ព្រះវិញ្ញាណ​នៃ​សិរីល្អ​ក៏​មាន​ព្រះ​វត្ត​មាន​ផង​ដែរ។ ការ​នេះ​បាន​កើតឡើង​ចំពោះ​លោក​ស្តេផាន ពេល​ដែលគេ​សម្លាប់​គាត់ ដោយ​ចោល​នឹង​ថ្ម។ វា​ក៏​នឹង​កើតឡើង​ចំពោះ​អ្នកផង​ដែរ។ ពេលណា​យើង​ត្រូវការ​ព្រះវិញ្ញាណ និង​សិរីល្អ នោះ​ព្រះវិញ្ញាណ និង​សិរីល្អ​នឹង​មក។

ព្រះ​ទ្រង់​ប្រទាន​នំម៉ាណា​ ជា​ប្រចាំថ្ងៃ នៅ​វាល​រហោស្ថាន តែមួយ​ថ្ងៃ​ម្តង​ប៉ុណ្ណោះ។ គ្មាន​ការ​រក្សាទុក​សម្រាប់​ថ្ងៃ​ស្អែក​ទេ។ នេះ​ហើយ​ជា​របៀប​ដែល​យើង​ត្រូវតែ​ពឹងផ្អែក​សេចក្តី​មេត្តាករុណា​របស់​ព្រះ។ អ្នក​មិនបាន​ទទួល​កម្លាំង​នៅ​ថ្ងៃនេះ សម្រាប់​សែង​បន្ទុក​នៅ​ថ្ងៃស្អែក​នោះ​ទេ។ ព្រះ​ទ្រង់ប្រទាន​សេចក្តី​មេត្តា​ដល់​អ្នក នៅ​ថ្ងៃនេះ គឺ​សម្រាប់​បញ្ហា​នៅ​ថ្ងៃនេះ។

ថ្ងៃស្អែក សេចក្តី​មេត្តា​នឹង​មាន​ជាថ្មី​ទៀត។ “ឯ​ព្រះ​ដែល​បាន​ហៅ​អ្នករាល់គ្នា​មក ឲ្យ​មាន​សេចក្តី​ប្រកប​នឹង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ ជា​ព្រះអម្ចាស់​នៃ​យើង នោះ​ទ្រង់​ស្មោះត្រង់”(១កូរិនថូស ១:៩)។

More articles