មានអារម្មណ៍ថា ដូចធូលីដី
ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ទំនុកដំកើង ១០៣:១៤ ក្នុងអំឡុងពេលការប្រជុំការងារប្រចាំសប្តាហ៍ លោកវ៉រិន(Warren) បាននិយាយថា គាត់មានអារម្មណ៍ថា រូបកាយគាត់ដូចល្អងធូលីដី។ ពេលនោះ ខ្ញុំយល់ឃើញថា គាត់កំពុងតែនិយាយសំដៅទៅលើបញ្ហាប្រឈមផ្នែករូបកាយ ដែលទាក់ទងនឹងការមានវ័យចាស់ និងសុខភាពមិនល្អជាដើម។ លោកវ៉រិន និងភរិយាគាត់មានអាយុជិត៧០ឆ្នាំហើយ ហើយនៅឆ្នាំ២០២០ គាត់ត្រូវជួបវេជ្ជបណ្ឌិត គាត់ត្រូវពិភាក្សាអំពីការវះកាត់ ហើយរៀបចំផ្ទះរបស់ខ្លួន សម្រាប់ព្យាបាលសុខភាពនៅផ្ទះ។ ពួកគេដឹងថា ខ្លួនកំពុងតែមានវ័យចាស់ហើយ។ យើងអាចដឹងថា ខ្លួនយើងមានចំណុចខ្វះខាត មិនល្អឥតខ្ចោះ និងទន់ខ្សោយ ខាងផ្លូវកាយ ផ្លូវប្រាជ្ញា ផ្លូវអារម្មណ៍ និងផ្លូវវិញ្ញាណ ទោះជាយើងមិនទាន់មានវ័យចាស់ក៏ដោយ។ ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រនៃព្រះ បានបោះជំហានចូលក្នុងលោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប ហើយយកព្រះទ័យទុកដាក់ ចំពោះអស់អ្នកដែលមានសេចក្តីកម្សោយ ក្នុងលក្ខណៈជាមនុស្ស(ទំនុកដំកើង ១០៣:១៣)។ ជាងនេះទៅទៀត ស្តេចដាវីឌក៏បានសរសេរផងដែរថា “ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ”(ខ.១៤)។ ពាក្យ ធូលីដី បាននាំយើងវិលត្រឡប់ទៅកណ្ឌគម្ពីរលោកុប្បត្តិ ដែលបានចែងថា “ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង”(២:៧)។ តើអ្នកមានអារម្មណ៍ថា ដូចល្អងធូលីទេ សព្វថ្ងៃនេះ?…
Read article