ការជួបជុំថ្វាយបង្គំ របស់មនុស្សគ្រប់វ័យ
ត្រូវឲ្យប្រមូលបណ្តាជនទាំងប្រុសទាំងស្រី និងកូនក្មេង ហើយនឹងពួកអ្នកដទៃដែលនៅអស់ទាំងទីក្រុងរបស់ឯងមក។ ចោទិយកថា ៣១:១២ ខណៈពេលដែលពួកគេច្រៀងសរសើរព្រះទាំងអស់គ្នា ក្នុងកម្មវិធីថ្វាយបង្គំ ដែលមានការចូលរួមពីមនុស្សនៅជំនាន់ផ្សេងគ្នា មនុស្សជាច្រើនបានពិសោធនឹងក្តីអំណរ និងសន្តិភាពនៅក្នុងចិត្ត លើកលែងតែស្ត្រីជាម្តាយដ៏ហត់នឿយម្នាក់។ ខណៈពេលដែលគាត់កំពុងពរលាក់កូនតូចរបស់គាត់ ដែលហៀបនឹងយំ គាត់ក៏បានព្យាយាមកាន់សៀវភៅចម្រៀងឲ្យកូនម្នាក់ទៀតអាយុ៥ឆ្នាំ ហើយទន្ទឹមនឹងនោះ គាត់ក៏បានព្យាយាមឃាត់កូនដែលទើបចេះដើរ មិនឲ្យរត់ទៅឆ្ងាយ។ បន្ទាប់មក បុរសម្នាក់ដែលមានវ័យចំណាស់ជាង ដែលកំពុងអង្គុយពីក្រោយគាត់ ក៏បានសុំជួយនាំកូនដែលចេះដើរតេសតាស់នោះ ដើរក្នុងព្រះវិហារ ហើយស្រ្តីវ័យក្មេងម្នាក់ ក៏បានសុំជួយកាន់សៀវភៅចម្រៀងឲ្យកូនច្បងរបស់គាត់។ ក្នុងរយៈពេល២នាទី ស្ថានភាពរបស់ស្រ្តីជាម្តាយនោះក៏មានការផ្លាស់ប្តូរ ដោយគាត់អាចដកដង្ហើមបានស្រួល និងបិទភ្នែក ហើយថ្វាយបង្គំព្រះជាមួយគេដែរ។ ព្រះទ្រង់តែងតែសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ ថ្វាយបង្គំព្រះអង្គ ទាំងប្រុសស្រី ទាំងចាស់ ទាំងក្មេង ទាំងអ្នកជឿព្រះអង្គយូរហើយ និងអ្នកជឿថ្មី។ កាលលោកម៉ូសេឲ្យពរដល់ពូជអំបូរទាំងឡាយ របស់ជនជាតិអ៊ីស្រាអែល មុនពេលពួកគេចូលទឹកដីសន្យា គាត់បានជំរុញពួកគេទាំងអស់គ្នា ឲ្យជួបជុំគ្នា “ទាំងប្រុសទាំងស្រី និងកូនក្មេង ហើយនឹងសាសន៍ដទៃ ដែលកំពុងស្នាក់នៅក្នុងទីក្រុងរបស់ពួកគេ” ដើម្បីឲ្យពួកគេអាច “ស្តាប់ ហើយរៀនកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់ពួកគេ” ហើយធ្វើតាមបង្គាប់របស់ព្រះអង្គ(ចោទិយកថា ៣១:១២)។ កាលណាយើងអាចថ្វាយបង្គំព្រះអង្គទាំងអស់គ្នា ជាមួយមនុស្សគ្រប់វ័យ គឺមានន័យថា យើងកំពុងតែថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។…
Read article